We TV Cambodia

អគារឥន្ទ្រទេវីនៅរាជបណ្ឌិត្យសភាកម្ពុជាតម្លៃ១.៥លានដុល្លារបើកសម្ពោធហើយ

អគារឥន្ទ្រទេវីនៅរាជបណ្ឌិត្យសភាកម្ពុជាតម្លៃ១.៥លានដុល្លារបើកសម្ពោធហើយ

ដោយ៖ ស្រីពេជ្រ

ភ្នំពេញ៖ អគារកម្ពស់បីជាន់ ដែលជាសមិទ្ធផលថ្មីសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា បានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាម ហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ការសម្ពោធនេះក៏ដើម្បីចូលរួមអបអរខួប២០ឆ្នាំនៃការបង្កើតរាជ្យបណ្ឌិត្យសភា ផងដែរ។

ជាកន្លែងដែលប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់សង្គមជាតិ អគារកម្ពស់បីជាន់នេះ ស្មើនឹង១៨ម៉ែត្រ មានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង១៧ម៉ែត្រ ជាសមិទ្ធផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា។

«អគារឥន្រ្ទទេវី»គឺជាកន្លែងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) លើគ្រប់មុខជំនាញ ជាទីបម្រើដល់បញ្ញវន្តទាំងខាងផ្នែកវិទ្យាសាស្រ្តពិតនិងវិទ្យាសាស្រ្តសង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយបានបង្ហាញស្នាដៃរបស់ខ្លួនសម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូលនៃយុគសម័យថ្មីនេះ។

កាលដើមឡើយ រាជបណ្ឌិតសភាកម្ពុជានេះ ពីមុនជាអចនទ្រព្យរបស់ សាលានយោបាយដែលគិតរហូតមកដល់ពេលនេះ គឺមានអាយុកាលប្រមាណជា៣០ឆ្នាំទៅហើយ ហើយពីមុនកន្លែងនេះ គឺស្ថិតនៅក្នុងទឹកដីនៃខេត្តកណ្តាលទេ តែក្រោយមកក៏ត្រូវបានកាត់ចូលក្រុងភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖« ទីតាំងនៃអគារថ្មីនេះគឺជាការជំរុញដល់អ្នកស្រាវទាំងអស់ត្រូវខិតខំស្រាវជ្រាវទាំងលក្ខណៈវិទ្យាសាស្ត្រ និងសង្គមសាស្រ្ត ដោយបើកទូលាយឲ្យមានកម្រិតស្រាវជ្រាវទាំងក្នុងប្រទេសជាតិ និងអន្តរជាតិផងដែរ ដើម្បីអោយយើងបានដឹងពីសភាពការណ៍ខាងក្រៅផង មិនត្រូវគិតសិក្សាស្រាវជ្រាវតែក្នុងប្រទេសមួយមុខប៉ុណ្ណោះទេ»។

គួរបញ្ជាក់ផងដែរថា អគារឥទ្រ្ទទេវី ទទួលបានការឧបត្ថម្ភជាថវិកាពីលោកឧកញ៉ា ពង្ស ខៀវសែ អស់ប្រមាណជាង១.៥ លានដុល្លារ ហើយជាអគារដែលនឹងបម្រើដល់ការបណ្ដុះបណ្ដាលធនធានបញ្ញវន្តនៅរាជបណ្ឌិត្យសភាកម្ពុជា៕

Related Articles