
ដោយៈ ទិន សុខាវុធ
កាលពីថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម្សិលម៉ិញនេះ សំណង់អគារកំពស់ ៦ ជាន់មួយស្ថិតក្នុងក្រុង កំពង់សោម បានប្រេះស្រាំនិងបាក់ស្រុតចុះទៅក្នុងដី។ លោកអភិបាលខេត្ត គួច ចំរើន បានបញ្ជាអោយកម្មករសំណង់និងអ្នករស់នៅក្បែអគារនោះទាំងអស់ត្រូវជំលៀសចេញជាបន្ទាន់។
បើតាមការពិនិត្យពីអ្នកជំនាញផ្នែកសំណង់ជាជំហានដំបូង ការស្រុតនេះ ប្រហែលជាបណ្តាលមកពីមានការជីកជ្រៅជ្រុលហួស នៅផ្នែកខាងក្រោយនៃអគារដែលប្រេះស្រាំនិងស្រុតនោះ។
មួយវិញទៀត មន្ត្រីមានសមត្ថកិច្ចក៏បានហៅម្ចាស់សំណង់មកសាកសួរព័ត៌មានបន្ថែម ទាក់ទងនឹងការប្រេះស្រាំនិងស្រុតនេះ។ ជាលទ្ធផល សំណង់អាគារភ្លោះនេះមិនទាន់មានច្បាប់នៅឡើយទេ តែត្រូវបានគេដឹងថាម្ចាស់សំណង់កំពុងរត់ការសុំច្បាប់បណ្តើរ សង់បណ្តើរ។
ទាក់ទងនឹងការស្រុតអគារនេះ កាលពីខែ សីហា ឆ្នាំ ២០១៩ កន្លងទៅ លោកអភិបាលខេត្ត គួច ចំរើន បានបញ្ជាអោយរុះរើចោលសំណង់អាគារចំនួនពីរ ក្នុងក្រុង ព្រះសីហនុ ដែលបានស្រុតទ្រេត គឺសំណង់អគាររបស់លោក ZHU FUBING និងលោក MA SHUNDI ។
ចំពោះសំណង់អគារប្រេះស្រាំនិងស្រុតទ្រេតទាំងនោះ លោកអភិបាលខេត្តបានលើកឡើងថា យោងតាមមន្ត្រីបច្ចេកទេស មកពីក្រសូងដែនដីនិងនគរូបនីយកម្ម សំណង់ទាំងនោះត្រូវចាត់ទុកថាជាសំណង់ខុសបច្ចេកទេស និងត្រូវរុះចោលជាបន្ទាន់ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិងបុគ្គលិកបំរើការនៅក្នុងអគារទាំងនោះ។
លើសពីនេះទៀត កាលពីខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅ ហេតុការណ៍បាក់ស្រុតអគារមួយ បានកើតឡើងនៅក្នុងក្រុង ព្រះសីហនុ ដែលបានបណ្តាលអោយមនុស្សស្លាប់ចំនួន ២៨ នាក់ និង ២៤ នាក់ទៀតរងរបួស។
សំណង់អគារដែលរលំបាក់នោះ មានទទឹង ១៥ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ និងដែលកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនចិនបានប្រហែលជាពី ៧០% ទៅ ៨០% ។
យោងតាមលោកអភិបាលខេត្តចាស់ លោក យន្ត មីន សំណង់អគារដែលរលំបាក់នោះ ត្រូវបានអាជ្ញាធរខេត្តមានសមត្ថកិច្ច ធ្វើការហាមឃាត់ចំនួនពីរដងរួចទៅហើយ ដោយបានលើកឡើងថាជាសំណង់ខុសស្តង់ដារបច្ចេកទេស។ ក៏ប៉ុន្តែ ការសាងសង់អគារនោះ នៅតែបន្តរហូតដល់មានគ្រោះថ្នាក់រលំបាក់អគារ ដែលបណ្តាលអោយមនុស្សស្លាប់និងរបួស យ៉ាងច្រើននាក់យ៉ាងនេះ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោក គួច ចំរើន អភិបាលថ្មីនៃខេត្ត ព្រះសីហនុ បានអោយដឹងថា ប្រទេសចិននៅតែជាប្រទេសនាំមុខគេក្នុងការវិនិយោគនៅក្នុងខេត្តរបស់លោក មានដូចជាការវិនិយោគក្នុងវិស័យ សំណង់ រោងចក្រ ដឹកជញ្ជូន ទេសចរណ៍ និង ល្បែងស៊ីសង ជាដើម។
មិនតែប៉ុណ្ណោះ យោងតាមទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងជំណួបប្រជុំជាមួយនឹងលោកនាយករដ្ឋមន្ត្រីចិន Li Keqiang នាឱកាសប្រជុំកំពូលនៃសមាគមប្រទេសអាស៊ានលើកទី ៣៥ នៅទីក្រុង បាងកក ប្រទេសថៃ សម្តេច ហ៊ុន សែន បានស្នើសុំអោយប្រទេសចិនផ្តល់ហិរញ្ញប្បទានសំរាប់ការអភិវឌ្ឍទាំងឡាយនៅក្នុងខេត្ត ព្រះសីហនុ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី Li Keqiang បានយល់ព្រមគាំទ្របណ្តាគំរោងវិនិយោគនៅខេត្ត ព្រះសីហនុ។ ហើយលោកបានបន្ថែមទៀតថា រដ្ឋាភិបាលរបស់លោកនឹងពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា ពីហិរញ្ញប្បទានសំរាប់ការអភិវឌ្ឍនេះ ជាពិសេសហិរញ្ញប្បទានដែលជាជំនួយឥតសំណង។
Facebook សម្តេច ហ៊ុន សែន បានសរសេរបន្តទៀតថា មូលហេតុដែលសម្តេចសុំអោយប្រទេសចិនផ្តល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍខេត្ត ព្រះសីហនុ ដោយសារនៅទីនោះ មានក្រុមហ៊ុនចិនជាច្រើនបាននិងកំពុងធ្វើការវិនិយោគ៕
