
ដោយៈ ទិន សុខាវុធ
សំណង់អាគាររោងចក្រទី ២ សំរាប់ជួលអោយក្រុមហ៊ុនជប៉ុន មកបោះទុនវិនិយោគក្នុងក្រុងប៉ោយប៉ែត ក្នុងប្រទេសកម្ពុជា គ្រោងនឹងត្រូវសង់រួចក្នុងនៅខែ សីហា ឆ្នាំ ២០២០ ខាងមុខនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានជប៉ុន NNA គឺក្រុមហ៊ុន Techno Park Poi Pet Pvt Co ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សជប៉ុន Toyota Tsusho Corp ដែលបានចាប់ផ្តើមការសាងសង់អគាររោងចក្រនេះ នៅក្នុងខែ ធ្នូ ឆ្នាំ ២០១៩ នេះ។
អគាររោងចក្រនោះមានទំហំ ៨,០០០ ម៉ែត្រការ៉េ និងមានឈ្មោះថា Techno Park ដែលបាននិងកំពុងសាងសង់ឡើងនៅលើផ្ទៃដីប្រមាណជា ១៦,០០០ ម៉ែត្រការ៉េ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងប៉ោយប៉ែត (PPSEZ) ។
លោក Naoto Sugita នាយករង Techno Park បានរៀបរាប់ប្រាប់សារព័ត៌មានជប៉ុន NNA ថា ក្រុងប៉ោយប៉ែតជាទីតាំងភូមិសាស្ត្រមួយ ដែលអាចអនុញ្ញាតអោយក្រុមហ៊ុនជប៉ុននៅក្នុប្រទេសថៃទាំងឡាយ អាចពង្រីកការវិនិយោគរបស់ពួក អោយមកដល់ប្រទេសកម្ពុជាបាន ដោយគ្រាន់តែជួលអគាររោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស PPSEZ រួចបំពាក់គ្រឿងម៉ាស៊ីនចាំបាច់នានានៅក្នុងអគារនោះ គឺជាការស្រេច។
គួរបញ្ជាក់ថា អគាររោងចក្រទីមួយរបស់ក្រុមហ៊ុន Toyota Tsusho ត្រូវបានសង់ឡើងកាលពីឆ្នាំ ២០១៦ ហើយរហូតមកទល់ពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនជប៉ុនចំនួន ៥ បានមកជួលអគារនេះ ដើម្បីផលិតគ្រឿងបំលាស់រថយន្ត គ្រឿងបង្គុំអេឡិចត្រូនិក និងដែកថែប។
ទាក់ទងនឹងរឿងនេះ កាលពីថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៩ នៅក្នុងពិធីបើសម្ពោធដាក់អោយប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេស PPSEZ ក្នុងក្រុងប៉ោយប៉ែត លោកឯកអគ្គរាជទូតជប៉ុន Masahiro Mikami គូសបញ្ជាក់ថា ការបង្កើតរោងចក្រទាំងឡាយរបស់ប្រទេសជប៉ុននៅក្នុងតំបន់នេះ គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រ «ថៃ+១» របស់ក្រុមហ៊ុនជប៉ុន។
យុទ្ធសាស្ត្រ «ថៃ+១» ជាយុទ្ធសាស្ត្រក្នុងវិស័យជំនួញ ដែលតាមរយៈយុទ្ធសាស្ត្រនេះ បណ្តាក្រុមហ៊ុនជប៉ុនទាំងឡាយ ខិតខំធ្វើយ៉ាងណាពង្រីកមុខជំនួញរបស់ពួកគេក្នុងប្រទេសថៃ អោយរីករាលដាលដល់ប្រទេស កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ថែមទៀត៕
