We TV Cambodia

អគារពាណិជ្ជកម្មចម្រុះតម្លៃ $500 លានដុល្លារចាប់ផ្តើមសាងសង់នៅក្រុងព្រះសីហនុ

អគារពាណិជ្ជកម្មចម្រុះតម្លៃ $500 លានដុល្លារចាប់ផ្តើមសាងសង់នៅក្រុងព្រះសីហនុ
រូបថតៈ Facebook

ដោយៈ ទិន សុខាវុធ

សំណង់​អគារពហុពាណិជ្ជកម្មទំនើបក្នុង​​តំលៃ​ប្រមាណ $500 លាន​ដុល្លារ ស្ថិត​ក្នុង​តំបន់អូត្រេះ ក្រុង​ព្រះ​សីហនុ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០១៩ នេះ​។

នៅ​ក្នុង​ឱកាស​នោះ លោក​ឧកញ៉ា ឬទ្ធី សំណាង អគ្គនាយក​ក្រុមហ៊ុន RSX Investment Co ., Ltd បានថ្លែង​ថា​​ តាម​ផែនការ ក្រុមហ៊ុន​របស់​លោក​នឹង​សង់អគារនេះ​​អោយ​មាន​កំពស់ ៣៨ ជាន់ ដែលនៅក្នុងនោះ នឹង​មាន​កន្លែង​កំសាន្ត កាស៊ីណូ និង ការិយាល័យ​ដ៏​ទំនើប​ប្រភេទ 5A ព្រម​ទាំង​មានសួនឧទ្យាន​ធម្មជាតិ​នៅ​ព័ទ្ធ​ជុំវិញ​ផង​ដែរ​។

លោក​ឧកញ៉ា​ក៏​បានបន្ថែមទៀតថា នៅ​ពេលសាង​សង់​រួច អគារពាណិជ្ជកម្មនេះ​នឹងបង្កើតការងារ​រាប់​ម៉ឺនសំរាប់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់អូត្រេះ​។

ឯ​ចំណែក​លោក ម៉ាង ស៊ីណេត អភិបាលរង​ខេត្តព្រះ​សីហនុ ដែលមាន​វត្តមាន​នៅ​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​នោះដែរ បាន​ថ្លែង​កោត​សរសើរ​ដល់​ក្រុមហ៊ុន RSX Investment Co ., Ltd ដែល​បាន​បោះទុនវិនិយោគ​លើសំណង់អគារមួយ​នេះ​។

លើស​ពីនេះ​ទៀត លោកអភិបាលរង​បានសន្យា​ថា​នឹងផ្តល់ការគាំទ្រ​លើក​ទឹក​ចិត្ត​ ព្រមទាំងការពារភាពស្របច្បាប់របស់​ក្រុមហ៊ុន ដើម្បីអោយ​ក្រុមហ៊ុនអាចធ្វើ​អាជីវកម្ម​ប្រ​កប​ដោយ​និរន្តរភាព​៕

Related Articles