We TV Cambodia

អគារថ្មីនៃមន្ទីរពេទ្យព្រះកុសុមៈកម្ពស់ ១១ ជាន់ សង់រួចនៅឆ្នាំ ២០២២

អគារថ្មីនៃមន្ទីរពេទ្យព្រះកុសុមៈកម្ពស់ ១១ ជាន់ សង់រួចនៅឆ្នាំ ២០២២

ដោយៈ ទិន សុខាវុធ

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល ថ្មី​ៗ​នេះ បាន​ថ្លែង​ថា​  សំណង់​អគារថ្មី​​របស់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដែល​នឹង​មាន​កំពស់​ ១១ ជាន់ ១៣២ បន្ទប់ ទំហំ ២៨,៩០០ ម៉ែត្រការ៉េ នៅ​លើ​ផ្ទៃ​ដី​សរុប ១៣,៧៤០ ម៉ែត្រការ៉េ នឹង​ត្រូវ​សង់​រួចរាល់​នៅ​ឆ្នាំ ២០២២ ក្រោម​ការជួយ​ឧបត្ថម្ភ​​ជា​ហិរញ្ញប្បទាន​​ជំនួយ​ឥត​សំណង់​ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ​ជា​ $82 លាន​ដុល្លារ ពី​មហាមិត្ត​ចិន​។

លោក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​ចិន​បាន​យល់​ព្រម​ផ្តល់​ហិរញ្ញប្បទាន​សំរាប់​សាងសង់​អគារ​ថ្មី​​នេះ កាល​ពី​ឆ្នាំ ២០១៥​ កន្លងទៅ​ ហើយ​ការបើក​ការដ្ឋាន​សាងសង់​អគារ​នេះ ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​កាល​ពី​ថ្ងៃ​ទី ៣០ ខែ តុលា ឆ្នាំ ២០១៨ ។

ក្រោយ​ពី​ការសង់​រួច អគារ​ថ្មី​នេះ​នឹងត្រូវ​​បំពាក់​ទៅ​ដោយ​ឧបករណ៍​វេជ្ជសាស្ត្រ​ និង​សំភារៈ​បរិក្ខា​ទំនើប​​ៗ  ដែល​នឹង​អាច​ត្រូវ​ប្រើប្រាស់​បានយ៉ាងហោច​ណាស់ ក៏​ក្នុង​រយពេល ៥០ ឆ្នាំ​ដែរ​ នៅ​ក្នុង​បរិបទ​នៃ​អាកាស​ធាតុ​ក្តៅ​ហើយ​សើម​។

មួយវិញទៀត នៅ​លើ​ដំបូល​អគារ​នឹង​មាន​កន្លែង​ចុះ​ចត​សំរាប់​ឧត្ថម្ភភាគ​ចក្រ ដែល​មាន​ទំងន់​ពី ៣ ទៅ ៥ តោន​។

មន្ទីរពេទ្យ​កុសុមៈ មាន​ឈ្មោះ​ដើម​ថា «មន្ទីរសង្ឃពេទ្យកុសុមៈ» ដែលត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៥៣ សំរាប់​ព្យាបាល​ព្រះ​សង្ឍ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​សម្តេច​ព្រះ​មហាក្សត្រី​យ៉ានី​ព្រះ​កុសុមៈ ដែល​ជា​ព្រះ​មាតា​របស់​ព្រះ​បរមរតនកោដ្ឋ នរោត្តម សី ហនុ ។

មន្ទីរពេទ្យ​នេះ​ត្រូវ​បិទ​ទ្វារ​នៅ​សម័យ​ខ្មែរ​ក្រហម ហើយ​ត្រូវ​បាន​បើក​អោយ​ដំណើរការឡើងវិញ​ នៅ​ថ្ងៃ​ទី ១៦ ខែ មិថុនា ឆ្នាំ ១៩៧៩ ក្រោយ​ពី​របស់​ខ្មែរ​ក្រហម​បាន​រលំ​រលាយ​ទៅ ដើម្បី​ព្យាបាល​ជន​កម្ពុជា​គ្រប់​រូប​ មិនថា​ជា​ជនស៊ីវិល​ឬ​ព្រះ​សង្ឍ​ឡើយ​ ជា​ពិសេស​រាល់​​អ្នក​ជំងឺ​ណា​ដែល​ត្រូវ​ការការវះកាត់​ជា​បន្ទាន់​៕

Related Articles