
ដោយៈ ទិន សុខាវុធ
លំនៅដ្ឋានប្រភេទខុនដូស្តង់ដារជប៉ុន សំរាប់អ្នកមានចំណូលទាបនិងមធ្យម មានឈ្មោះថា Arakawa Residence នឹងត្រូវសង់រួចនៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។
យោងតាមលោក អៀង សុធារ៉ា សហស្ថាបនិកនៃក្រុមហ៊ុន Akarawa អគារខុនដូទាំងនោះ ត្រូវបានសង់រួចរាល់បានប្រហែលជា ៦០ ភាគរយហើយ។ ហើយក្រុមហ៊ុនរបស់លោក បានប្រើប្រាស់ទុនរបស់ក្រុមហ៊ុនទាំងអស់ ក្នុងការសាងសង់នេះ ដោយមិនចាំបាច់យកប្រាក់កក់របស់អ្នកទិញយូនីតរបស់ខុនដូមកប្រើប្រាស់ឡើយ។
លោក អៀង សុធារ៉ា បានបន្ថែមទៀតថា នៅពេលសង់រួច អតិថិជនអាចទិញ ដោយមិនចាំបាច់បង់ប្រាក់កក់ ហើយពួកគេអាចបង់រំលោះប្រចាំខែចាប់ពី $273 ដុល្លារឡើងទៅ ក្នុងរយពេល ៣៦ ខែ។ បន្ទាប់ពីនោះ ពួកគេអាចបង់ត្រឹមតែ $160 ដុល្លារ ទៅ $170 ក្នុងមួយខែបាន។
លោកបានអោយដឹងទៀតថា នៅក្នុងក្រុមហ៊ុន Arakawa របស់លោក ម្ខាស់ភាគហ៊ុនធំជាងគេ គឺជាជនជាតិជប៉ុន។ ហើយក្រុមហ៊ុនរបស់លោកបានចំណាយទុនវិនិយោគប្រមាណជា $70 លានដុល្លារ ក្នុងការសាងសង់អគារខុនដូដ៏ប្រណិតទាំងនោះ ដែលនឹងប្រកបដោយគុណភាពខ្ពស់ សុវត្ថិភាពខ្ពស់ និង មិនប៉ះពាល់ដល់បរិដ្ឋាន។
លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ចាប់តាំងពីយើងប្រកាសលក់មក ដែលមានចំនួន ១០ អគារ ឬ៥ប្លុក (A-E) (ដំណាក់កាលទី១) ដែលមានជាង ១០០០ យូនីតទាំងធំ ទាំងតូច ហើយរហូតមកដល់ពេលបច្ចុប្បន្ន យើងលក់បានជិត ១០០០ យូនីតហើយ។»
ចំណែកឯលោក អាឡិច យ៉ាស៊ូម៉ូតូ ដែលជាជនជាតិជប៉ុន សហស្ថាបនិកនៃក្រុមហ៊ុន Arakawa នេះវិញ បានថ្លែងថា គោលបំណងរបស់ក្រុមហ៊ុនរបស់លោក ក្នុងការសង់លំនៅដ្ឋានសំរាប់អ្នកមានចំណូលទាបនិងមធ្យមបែបនេះ គឺដើម្បីអាចអនុញ្ញាតអោយនិស្សិត គូស្វាមីភរិយាថ្មី និង អ្នកក្រ អាចទិញលំនៅដ្ឋានស្តង់ដារជប៉ុន ក្នុងតំលៃមួយយ៉ាងសមរម្យបំផុត។
លោក អាឡិច យ៉ាស៊ូម៉ូតូ បានបន្ថែមទៀតថា នៅថ្ងៃអនាគត ប្រជាពលរដ្ឋកម្ពុជានឹងសំរេចចិត្តមករស់នៅក្នុងខុនដូ ជិតកន្លែងធ្វើការវិញ ជាជាងរស់ជាយក្រុង ឆ្ងាយពីកន្លែងធ្វើការ៕
