
ដោយៈ ទិន សុខាវុធ
អាគារខុនដូ (Condominium) ចំនួន ៤ ជាប់ៗគ្នា មានកំពស់ ៥១ ជាន់
នឹងត្រូវសង់រួចដោយក្រុមហ៊ុន Urban Hub នៅក្នុងកំឡុងខែ
កញ្ញា ឆ្នាំ ២០២០ ខាងមុខនេះ។
យោងតាមព័ត៌មានរបស់ក្រុមហ៊ុន Urban Hub ការសាងសង់អាគារខុនដូទាំង ៤ នេះ គឺជាដំណាក់កាលទី
២ នៃគំរោងសាងសង់លំនៅដ្ឋានមួយមានឈ្មោះថា «Urban Village» របស់ក្រុមហ៊ុន។
សំណង់ខុនដូទាំងនោះ នឹងត្រូវសង់ឡើងនៅលើផ្ទៃដីសរុបចំនួន
៧៦,០០០ ម៉ែត្រការ៉េ ដោយរួមមានទាំងអាគារលំនៅដ្នាន ទាំងផ្សារទំនើប និងចំណតរថយន្ត។
អាគារលំនៅដ្ឋានមានចំនួនសរុប ១,៧០០ យូនីត (unit) ហើយអាគារលំនៅដ្ឋាននិមួយៗ នឹងមានទំហំចាប់ពី ៤៨ ដល់ ១០៧ ម៉ែត្រការ៉េ។ បីជាន់ដំបូងនៃអាគារនិមួយៗ នឹងជាផ្សារទំនើបនិងចំណតរថយន្ត។ ចំណែកឯជាន់ទី ៤ នឹងជាសួនច្បារ ហើយចាប់ពីជាន់ទី ៥ ដល់ជាន់ទី ៥១ នឹងជាអាគារខុនដូលំនៅដ្ឋាន និងអាគារប្រភេទ Loft ។
សំរាប់អាគារលំនៅដ្ឋាននិមួយៗ នឹងត្រូវដាក់លក់ក្នុងតំលៃមួយយ៉ាងសមរម្យគឺ
$1,700 ក្នុងមួយម៉ែត្រការ៉េ។
ហើយអតិថិជនអាចទិញបង់រំលោះសំរាប់ ៧០% នៃតំលៃសរុប ក្នុងរយៈពេល ២៥ ឆ្នាំ
។
មួយវិញទៀត នៅក្នុងបរិវេណខុនដូ នឹងត្រូវបំពាក់ដោយប្រព័ន្ធការពារសុវត្ថិភាពនិងសន្តិសុខដ៏ទំនើបបំផុត
ដែលនឹងមានការត្រួតពិនិត្យ ២៤ ម៉ោង ដើម្បីធានាអោយមានសន្តិសុខនិងសុវត្ថភាពយ៉ាងពេញលេញ
សំរាប់អតិថិជនដែលនឹងចូលមករស់នៅក្នុងខុនដូទាំងនោះ។
នៅក្នុងពិធីបើកសម្ពោធការចាប់ផ្តើមសាងសង់អាគារខុនដូ
Urban Village ដំណាក់កាលទៅ ២ ជាផ្លូវការ
កាលពីថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៩ លោកស្រី Catherin Chan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Urban
Hub បានថ្លែងថា ក្រុមហ៊ុនរបស់លោកស្រីជាក្រុមហ៊ុនអន្តរជាតិ
ដែលផ្តោតសំខាន់លើអតិថិជន។ ហើយអាគារខុនដូទាំងនោះ នឹងជាមជ្ឍមណ្ឌលច្នៃប្រឌិតធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ព្រោះនៅទីនោះ នឹងមានសាលវិចិត្រសិល្បៈដ៏ធំមួយ កន្លែងកំសាន្ត
កន្លែងផលិតស្រាអាល្លឹម៉ង់ដោយដៃដំបូងគេនៅកម្ពុជា។
លោកស្រី Catherin Chan បានបន្ថែមទៀតថា សំណង់ថ្មីនេះក៏នឹងមានការិយាល័យសំរាប់ក្រុមហ៊ុន សាលាមតេយ្យ កន្លែងប្រារព្ធពិធីផ្សេងៗ កន្លែងជប់លៀង កន្លែងហាត់ប្រាណបែបប្រេស៊ីល ហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់ទំនិញ ស្ទូឌីយ៉ូថតរួប សូនកុមារ កន្លែងកំសាន្តបែបបច្ចេកវិទ្យា កន្លែងច្នៃប្រឌិត ទីលានជិះបន្ទះក្តារ ទីលានបាល់ទាត់ និងបណ្ណាល័យជាដើម។
ចំពោះលោក Takatoshi Kojima ប្រធានភ្នាក់ងារអចនទ្រព្យជប៉ុន បានលើកឡើងថា គំរោង Urban Village ដំណាក់កាលទី ២ នេះ អាចទាក់ទាញអតិថិជនជនជាតិជប៉ុន ពីព្រោះសំណង់នេះមានលក្ខណៈពិសេស ដូចជាខុនដូយូនីតប្រភេទ Loft បន្ទប់ប្រភេទស្ទូឌីយូ ប្រភេទបន្ទប់គេង ១, ២, និង ៣ ដែលដូចគ្នានឹងនៅប្រទេសជប៉ុនដែរ។
យោងតាមសារព័ត៌មាន Fresh News នៅពេលដែលខុនដូនៃគំរោង Urban Village ដំណាក់កាលទី ១ ត្រូវបានសង់រួច យូនីតទាំងអស់ត្រូវបានលក់ដាច់តែក្នុងរយៈពេល ៩ ខែតែប៉ុណ្ណោះ។ ហើយនៅក្នុងដំណាក់កាលទី ២ នេះវិញ យូនីតចំនួន ៤០០ ក្នុងចំណោមយូនីត ៨០០ ត្រូវបានអតិថិជនទិញយករួចទៅហើយ៕
