កាលពីចុងឆ្នាំ ២០២០ កន្លងទៅនេះបងប្អូនបានដឹងរួចមកពីការឡើងថ្លៃនៃម្ទេសស្រស់និងម្ទេសក្រៀម ដោយម្ទេសស្រស់មួយគីឡូក្រាមតម្លៃឡើងដល់ ៣០០០០ រៀល ៣៥០០០រៀន និងឡើងរហូតដល់ ៥០០០០ រៀលតែម្ដង។ ការឡើងថ្លៃម្ទេសនេះ បានធ្វើបងប្អូនមួយចំនួនកើតនូវចម្ងល់ថា តើមូលហេតុអ្វីបានជានៅសុខៗម្ទេសខ្មែរបែរជាឡើងថ្លៃ ខណៈបន្លែផ្សេងៗតម្លៃនៅថេរដដែល? ឆ្លើយតបទៅនឹងចម្ងល់នេះ ឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍យ៉ាងដូច្នេះថា មូលហេតុដែលម្ទេសខ្មែរយើងឡើងថ្លៃបែបនេះគឺដោយសារ កម្ពុជាបានជួបនូវបញ្ហាគ្រោះទឹកជំនន់ ហើយបងប្អនប្រជាកសិករភាគច្រើនដែលដាំម្ទេសនៅស្ថិតនៅតាមតំនប់ទន្លេមេគង្គ ហេតុដូចនេះពូកគាត់មានការព្រួយបារម្ភខ្លាចជន់លិច ក៏នាំគ្នាពន្យាពេលធ្វើការដាំដុះម្ទេសរបស់ខ្លួន។
បន្ទាប់មកដល់រដូវប្រមូលផល គឺចំពេលល្មមដែលប្រទេសថៃមានតម្រូវការម្ទេសយ៉ាងច្រើន។ អាស្រ័យហេតុហើយទើបម្ទេសខ្មែរយើងហក់ឡើងថ្លៃយ៉ាងខ្លាំងបែបនេះ។ តាមប្រភពខាងលើ ឯកឧត្ដម បានឲ្យដឹងទៀតថា កម្ពុជាបាននាំចេញម្ទេសទៅកាន់ប្រទេសថៃក្នុងទំហំ ម្ទេសស្រស់មានចំនួន ចំនួន ៦២.៥៣២តោន និងម្ទេសក្រៀមមានចំនួន១៨០០តោន ដោយគិតជាទឹកប្រាក់សរុបមានចំនួនជាង ៤៨ លានដុល្លារ។
សូមជម្រាបផងដែរ ត្បិតថាម្ទេសកាលពីឆ្នាំ ២០២០ ឡើងថ្លៃរហូតដល់ ៥០០០០រៀល ក្នុងមួយគីឡូក្រាមក៏ពិតមែន ប៉ុន្ដែមិនប្រាកដថាឆ្នាំក្រោយៗទៀតម្ទេសនឹងឡើងថ្លៃដូចគ្នានោះទេ។ ដូច្នេះសូមបងប្អូនប្រជាកសិករកុំសំរុកនាំគ្នាដាំម្ទេស ដោយសារតែឃើញលក់បានថ្លៃ ហើយឈប់ដាំដំណាំផ្សេង ធ្វើបែបនេះគ្រោះថ្នាក់។
អត្ថបទដោយ៖ ពិសី
