We TV Cambodia

ឡាវដាក់សំណើរសុំសាងសង់ទំនប់វារីអគ្គិសនីថ្មីមួយបន្ថែមទៀតកាត់ទន្លេមេគង្គ

ឡាវដាក់សំណើរសុំសាងសង់ទំនប់វារីអគ្គិសនីថ្មីមួយបន្ថែមទៀតកាត់ទន្លេមេគង្គ
ទំនប់វារីអគ្គិសនីក្នុងប្រទេសឡាវ (ប្រភព៖ Google)

យោងតាមគណៈកម្មការទន្លេមេគង្គហៅកាត់ MRC បានឲ្យដឹងថា រដ្ឋាភិបាលឡាវបានដាក់សំណើរសុំសាងសង់ទំនប់វារីអគ្គិសនីមួយបន្ថែមទៀតកាត់ដងទន្លេមេគង្គចន្លោះខេត្តសាយ៉ាបូរី និងខេត្តវៀងចន្ទ ដែលនឹងអាចផលិតថាមពលអគ្គសនីពេញមួយឆ្នាំបាន ៦៨៤មេហ្កាវ៉ាត់។

ក្រៅពីគម្រោងនេះ ក៏មានគម្រោងចំនួន៥ ផ្សេងទៀតដូចជា គម្រោងទំនប់វារីអគ្គិសនីសាយ៉ាបូរី, ដនសាហុង, ប៉ាក់បេង, ប៉ាក់ឡាយ, និងលួងប្រាបាង ដែលបានស្នើកាលពីពេលកន្លងទៅ បាននឹងកំពុងដាក់ឆ្លងកាត់ដំណើរការពិគ្រោះយោបល់ជាមុនទៅលើផលប៉ះពាល់ឆ្លងដែនដែលអាចកើតមានលើបរិស្ថាន លំហូរទឹក គុណភាពទឹក និងជីវភាពរស់នៅរបស់សហគមន៍តាមដងទន្លេ។

គម្រោងសាងសង់ទំនប់វារីអគ្គិសនីថ្មីក្នុងប្រទេសឡាវ (ប្រភព៖ Google)

លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ មានប្រសាសន៍ថា «ប្រទេសឡាវ បានដាក់ស្នើគម្រោងប្រើប្រាស់ទឹកមានលក្ខណៈពេញមួយឆ្នាំលើដងទន្លេមេនៃទន្លេមេគង្គ ដែលគម្រោងនេះតម្រូវឲ្យឆ្លងកាត់ដំណើរការកិច្ចពិគ្រោះយោបល់ជាមុន ហើយការដាក់ស្នើនេះដែរ នឹងផ្តល់លទ្ធភាពឲ្យប្រទេសជាសមាជិកទទួលបានការជូនដំណឹង ព្រមទាំងសាធារណជនទូទៅទទួលបាននូវព័ត៌មានលម្អិត និងធ្វើការសិក្សាពីគម្រោងប្រើប្រាស់ទឹក និងផលប៉ះពាល់របស់ពីគម្រោងនេះ»។

ទីតាំងសាងសង់ទំនប់វារីអគ្គិសនីថ្មីក្នុងប្រទេសឡាវ (ប្រភព៖ Google)

លោកក៏បានបន្តថា រដ្ឋាភិបាលឡាវបានផ្តល់នូវសំណុំឯកសារវិស្វកម្ម និងការសិក្សាលទ្ធភាពគម្រោងក្នុងកម្រិតបច្ចេកទេស រួមមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមរបស់គម្រោងទំនប់វារីអគ្គិសនីសាណាខាំ ព្រមទាំងការសិក្សាលើកំណកកករ និងជលផលទៅកាន់ប្រទេសជាសមាជិករួមមាន៖ ប្រទេសកម្ពុជា ថៃ និងវៀតណាម ដើម្បីទទួលបានការពិគ្រោះយោបល់ និងការឯកភាព ដើម្បីឈានទៅដល់ការសាងសង់ក្នុងឆ្នាំ២០២០នេះ ដោយប្រើដើមទុនជាង ២ពាន់លានដុល្លារអាមេរិក។

ផែនទីទន្លេមេគង្គ (ប្រភព៖ Google)

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់គណៈកម្មការទន្លេមេគង្គ បច្ចុប្បន្នមានគម្រោងចំនួន៤៩ តាមដៃនៃដងទន្លេមេគង្គក្រោមត្រូវបានដាក់ស្នើសម្រាប់ដំណើរការជូនដំណឹងក្រោមនីតិវិធីពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ទឹកលើដងទន្លេមេនៃដងទន្លេមេគង្គរបស់គណៈកម្មការទន្លេមេគង្គ។ ក្នុងចំណោមសំណើគម្រោងសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គក្រោមទាំងនេះ មានគម្រោងស្នើពីប្រទេសថៃចំនួន២ គម្រោង, កម្ពុជាចំនួន៣ គម្រោង, វៀតណាមចំនួន ១៤គម្រោង និងប្រទេសឡាវចំនួន ៣០គម្រោង។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles