សម្រួលអត្ថបទដោយ៖ ស្រីពេជ្រ

អ្នកប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាត្រូវសួរសំណួរបែបនេះឡើង ព្រោះប្រទេសជាតិមួយមានការរីកចម្រើនទៅមុខបាន គឺទាល់តែមានធនធានមនុស្សជាជំហ ដែលពួកគេគឺជាកម្លាំងចលករដែលមិនអាចខ្វះបាន ក្នុងការចូលរួម អភិវឌ្ឍន៍គ្រប់វិស័យ ឱ្យស្របទៅតាមការវិវត្តន៍នៃសម័យកាល ជាពិសេសគឺការកសាងសមត្ថភាពស្របតាមឧស្សាហកម្ម ៤.០ ដែលកម្ពុជាយើងកំពុងតែពង្រឹងសមត្ថភាពបន្ថែមដើម្បីដើរទាន់ក្នុងបរិបទមួយនេះ។
ខាងក្រោមនេះជាមូលហេតុ ថាមូលហេតុអ្វីបានជាខ្មែរជំនាន់នេះ និងជំនាន់ក្រោយទៀតត្រូវតែមានសមត្ថភាពខ្ពស់ នេះបើតាមការរៀបរាប់របស់ លោក ង៉េត ជូ អ្នកជំនាញ ផ្នែកហិរញ្ញវត្ថុ៖
១) កត្តាសកលភាវូបនីយកម្មនិងសមាហរណកម្មក្នុងតំបន់
ការបើកចំហទីផ្សារបង្កឲ្យមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចយ៉ាងទូលំទូលាយ ទាំងទំនិញ សេវាកម្ម និងធនធានមនុស្ស។ ជាក់ស្តែង ដោយខ្វះចំណេះជំនាញ ពលរដ្ឋខ្មែរប្រមាណជាង ១លាននាក់ បាននិងកំពុងធ្វើជាកម្មករនៅប្រទេសថៃ។
២) កត្តាការរីកចម្រើននៃបច្ចេកវិទ្យា
ការប្រើប្រាស់បណ្តាញព័ត៌មានសង្គម ដូចជា Facebook និងមធ្យោបាយក្នុងការទំនាក់ទំនងផ្សេងៗទៀត បានផ្តល់នូវប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញការងារគ្រប់វិស័យ។
៣)កត្តាកម្រនៃធនធានធម្មជាតិ និងមូលធនសង្គម
ធនធានធម្មជាតិ ដូចជា ត្រី ព្រៃឈើ និងធនធានរ៉ែផ្សេងៗទៀតត្រូវបានបំផ្លាញ ក្នុងខណៈដែលចំនួនប្រជាជនមានការកើនឡើងរហូតដល់ជាង ១៥លាននាក់។ បន្ថែមលើភាពកម្រនៃធនធានធម្មជាតិ មូលធនសង្គម (social capital) ក៏ធ្លាក់ចុះយ៉ាងគំហុក។ កាលពីសម័យមុន កសិករអាចច្រូតស្រូវដោយប្រវាស់ដៃគ្នា ប៉ុន្តែសម័យនេះ កសិករត្រូវតែមានថវិកាដើម្បីជួលកម្មករច្រូតស្រូវ។ និយាយរួម ការរស់នៅដោយពឹងពាក់គ្នាមានការថយចុះខ្លាំង។
៤) កត្តានៃការផ្លាស់ប្តូរប្រព័ន្ធសេដ្ឋកិច្ច
ការប្តូរពីសេដ្ឋកិច្ចបែបសាច់ប្រាក់ (cash economy) ទៅជាសេដ្ឋកិច្ចបែបហិរញ្ញវត្ថុ (finance economy) ធ្វើឲ្យប្រព័ន្ធសេដ្ឋកិច្ចទាំងមូលកាន់តែមានភាពស្មុគ្រស្មាញ។ ឧទាហរណ៍ ដូចជា ការប្តូរពីទិញផ្ទះដោយសាច់ប្រាក់សុទ្ធទៅជាទិញផ្ទះដោយប្រើកម្ចីពីធនាគារ។ ដូច្នេះ ទាមទារឲ្យពលរដ្ឋមានចំណេះដឹងទូលំទូលាយផ្នែកទីផ្សារ និងហិរញ្ញវត្ថុ ពោលគឺចេះប្រកបរបរអាជីវកម្ម ចេះវិនិយោគ ចេះប្រើសេវាហិរញ្ញវត្ថុយ៉ាងប៉ិនប្រសប់ ដឹងថា គួរខ្ចីប្រាក់ពីធនាគារដើម្បីអ្វី? គួរសន្សំប្រាក់ជាមួយធនាគារ ឬទេ? ហេតុអ្វីបានជាត្រូវទិញសេវាធានារ៉ាប់រង? ។ល។
ជាងនេះទៅទៀត ពិភពលោកទាំងមូលបានឈានដល់យុគសម័យសេដ្ឋកិច្ចបែបបច្ចេកវិទ្យាទំនើប(digital economy) ទៀតផង។
៥)កត្តានៃរបត់នយោបាយ
នៅក្នុងបរិបទប្រទេសប្រជាធិបតេយ្យ ពលរដ្ឋត្រូវមានការចូលរួមក្នុងកិច្ចការនយោបាយនិងសង្គមកិច្ច។ អ្នកនយោបាយកាន់តែឆ្លាត (ទាំងអ្នកនយោបាយល្អ និងអ្នកនយោបាយអាក្រក់)។ ដូច្នេះ ដើម្បីមានសមត្ថភាពក្នុងការជ្រើសរើសបានអ្នកនយោបាយល្អឲ្យដឹកនាំប្រទេស ពលរដ្ឋត្រូវតែមានភាពឆ្លាតវៃខ្លាំង៕
ប្រភព៖ លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ
