We TV Cambodia

ហេតុផល ៤យ៉ាង ដែលអ្នកគួររៀនបណ្ដើរ និងធ្វើការបណ្ដើរ

ហេតុផល ៤យ៉ាង ដែលអ្នកគួររៀនបណ្ដើរ និងធ្វើការបណ្ដើរ

ជារៀងរាល់ឆ្នាំមានសិស្សនិស្សិតជាច្រើនបានឡើងមកបន្តការសិក្សាក្នុងរាជធានីភ្នំពេញ ហើយមាននិស្សិតខ្លះបានសម្រេចចិត្តចូលធ្វើការទាំងខ្លួនមិនទាន់រៀនចប់ផង ពោលគឺរៀនបណ្ដើរ ធ្វើការបណ្ដើរ។ ចំណែកនិស្សិតខ្លះទៀត គឺចាំទាំល់តែរៀនចប់ទើបរកការងារធ្វើ ដោយគិតតែរឿងរៀនមួយមុខតែប៉ុណ្ណោះ។ ការរៀនបណ្ដើរ ធ្វើការបណ្ដើរ ឬចាំរៀនចប់ចាំរកការងារ វាជាការយល់ឃើញ និងការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ ប៉ុន្តែថ្ងៃនេះ We TV Cambodia នឹងប្រាប់ហេតុផល ៤យ៉ាងដែលអ្នកគួររៀនផល និងធ្វើការផង៖

១, ទទួលបានចំណូល៖ ធ្វើការបណ្ដើរ រៀនបណ្ដើរអាចឲ្យអ្នកហត់បន្តិចមែន ប៉ុន្តែបើអ្នកស្ថិតក្នុងគ្រួសារដែលមានជីវភាពលំបាកនោះ ហត់ប៉ុណ្ណឹងមិនមែនជាបញ្ហាធំសម្រាប់អ្នកទេ​ ព្រោះអ្នកទទួលបានចំណូលដែលអាចផ្គត់ផ្គង់ការរៀនសូត្ររបស់អ្នកបាន ហើយរឿងដែលហត់ខ្លាំងជាងនេះ គឺគ្មានលុយសម្រាប់ការរស់នៅទៅវិញទេ។

២, បទពិសោធន៍៖ បច្ចុប្បន្នក្រុមហ៊ុនជាច្រើនត្រូវការបុគ្គលិក មិនត្រឹមតែមានចំណេះដឹងទេ តែតាមទារឲ្យមានបទពិសោធន៍ថែមទៀត ហើយបើអ្នករៀនបណ្ដើរ ធ្វើការបណ្ដើរ អ្នកនឹងទទួលបានបទពិសោធន៍ការងារយ៉ាងច្រើន។ ដូច្នេះ នៅពេលដែលអ្នករៀនចប់ ច្បាស់ណាស់ថាអ្នកនឹងរកការងារល្អមួយបាន ហើយប្រាក់ខែក៏ច្រើនផងដែរ។

៣, ស្គាល់ពីសង្គមការងារ៖ សង្គមការងារ មិនដូចជាសង្គមគ្រួសារនោះទេ ពោលគឺវាមានភាពបត់បែន និងការទំនាក់ទំនងច្រើនទើបអ្នកអាចឈានដល់គោលដៅបានឆាប់រហ័ស។ ដូច្នេះបើអ្នករៀនបណ្ដើរ ធ្វើការបណ្ដើរ គឺអ្នកនឹងឆ្លងកាត់រឿងនេះបានមុនអ្នកដទៃ ហើយឱកាសការងារ និងការអភិវឌ្ឍន៍ខ្លួនផ្សេងៗ ក៏អ្នកអាចទទួលបានមុនគេផងដែរ។

៤, ឯករាជ្យ៖ ច្បាស់ណាស់ និស្សិតដែលឡើងមកបន្តការសិក្សាទាំងអស់ សុទ្ធតែជាមនុស្សធំពេញវ័យ ដូច្នេះបើអ្នកអាចមានការងារតាំងពីនៅរៀន នោះជីវិតអ្នកនឹងមានភាពឯករាជ្យ អាចសម្រេចចិត្តដោយខ្លួន​ឯង និងមិនចាំបាច់ពឹងលុយគ្រួសារឡើយ ហើយអ្នកក៏អាចជួយសម្រួលការលំបាករបស់ពួកគាត់បានថែមទៀតផង។

អត្ថបទដោយ៖ Nevin

Related Articles