
ដោយៈ ទិន សុខាវុធ
លោក Gotabaya Rajapaksa ប្រធានាធិបតីនៃប្រទេសស្រីលង្កា មានបំណងចង់យកកំពង់ផែភាគខាងត្បូងនៃទីក្រុង Hambantota ពីក្រុមហ៊ុនចិន មកគ្រប់គ្រងវិញ។
នៅក្នុងកិច្ចសំភាសន៍មួយ អតីតនាយករដ្ឋមន្ត្រីស្រីលង្កកា Ranil Wickremesinghe បានលើកឡើងថា ការកាត់កំពង់ផែខាងលើនេះ អោយទៅក្រុមហ៊ុនចិនកាន់កាប់ចំនួន ៩៩ ឆ្នាំ ដោយហេតុថា វាជារឿងដ៏ពិបាកមួយសំរាប់ប្រទេសស្រីលង្កាដឹកនាំដោយរដ្ឋាភិបាលបច្ចុប្បន្ន អាចមានសមត្ថភាពសងបំណុលចិនចំនួនប្រមាណ $1100 លានដុល្លារ។

គំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ចិន នៅក្នុងប្រទេសស្រីលង្កា គឺជាផ្នែកមួយនៃ «គំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ» (BRI) ដែលជាកម្មវិធីអភិវឌ្ឍន៍មួយដាក់ចេញដោយរដ្ឋាភិបាលចិន ក្នុងគោលបំណងសាងសង់ផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីតភ្ជាប់បណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក ទៅនឹងប្រទេសចិន។
ក៏ប៉ុន្តែ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសលោកខាងលិចមួយចំនួន មានដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម ធ្វើការរិះគន់ថាគឺជាល្បិច «អន្ទាក់បំណុល» របស់ចិនក្នុងការដាក់អាណនិគមលើបណ្តាប្រទេសកំពុងអភិវឌ្ឍទាំងឡាយ ដោយធ្វើអោយប្រទេសទាំងនោះជំពាក់បំណុលវ័ណ្ឌក និងគ្មានជំរើសណាមួយក្រៅពីប្រគល់ទឹកដីអោយទៅចិនកាន់កាប់៕

