បើគិតតាំងពីមានការផ្ទុះមេរោគ COVID-19 រហូតមកដល់ពេលនេះគឺមានរយៈពេលប្រមាណជាជិត ៣ខែមកហើយ ហើយយើងសង្កេតឃើញថាមេរោគនេះហាក់ពុំមានការថយចុះនោះទេ ផ្ទុយទៅវិញវាកាន់តែមានការរីករាលដាលខ្លាំងឡើងៗប្រមាណជាជិត ១០០ប្រទេសហើយបើគិតមកត្រឹមថ្ងៃទី៩នេះ ក្នុងនោះក៏រួមមានកម្ពុជាផងដែរ ដែលទើបតែរកឃើញបុរសម្នាក់អាយុ ៣៨ឆ្នាំរស់នៅខេត្តសៀមរាបមានផ្ទុកមេរោគ COVID-19 នេះ។
ស្របពេលដែលមានការរីករាលដាលដ៏ខ្លាំងនេះដែរ រដ្ឋាភិបាលនៅបណ្ដាប្រទេសជាច្រើនបានទប់ស្កាត់ការនាំចេញម៉ាស និងការដំឡើងថ្លៃម៉ាសក្នុងគោលបំណងជួយអោយពលរដ្ឋរបស់ខ្លួនទទួលបានម៉ាសសម្រាប់ប្រើប្រាស់ដើម្បីការពារខ្លួនពីមេរោគ COVID-19 ដ៏កាចសាហាវនេះផងដែរ។
ក្នុងបណ្ដាប្រទេសទាំងនោះយើងឃើញមានប្រទេសជប៉ុន ដែលរដ្ឋាភិបាលជប៉ុនបានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី០៥ កន្លងទៅនេះ ហាមមិនអោយប្រជាពលរដ្ឋរបស់ខ្លួនទិញម៉ាសដើម្បីលក់បន្តនោះទេ ព្រមទាំងហាមមិនអោយអ្នកលក់ម៉ាសដំឡើងថ្លៃម៉ាសផងដែរ ចំពោះអ្នកដែលបំពានអាចនឹងជាប់ពន្ធធនាគាររយៈពេល ៥ឆ្នាំ ឬពិន័យជាប្រាក់ប្រមាណជា ៣លានយ័ន ឬស្មើនឹង 27,300ដុល្លារសហរដ្ឋមេរិក។
មិនតែប៉ុណ្ណោះប្រទេសដែលនៅជិតខាងកម្ពុជាយើងដូចជាថៃជាដើមបានចេញសេចក្ដីប្រកាសយ៉ាងតឹងរឹងជាទីបំផុតដោយហាមមិនអោយមានការនាំចេញម៉ាសដោយខ្លួនឯងនោះទេ ហើយរាល់ការនាំចេញ នាំចូលទាំងអស់ត្រូវជូនដំណឹងទៅកាន់នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃជាមុនសិន។ កាន់តែតឹងរឹងជាងនោះទៀតគឺ ម៉ាសទាំងអស់ត្រូវតែលក់ក្នុតម្លៃ ២,៥បាតក្នុងមួយម៉ាស ដោយអ្នកបំពាននឹងអាចជាប់ពន្ធធនាគារ ៥ឆ្នាំ ឬពិន័យជាប្រាក់ ១០ម៉ឺនបាត។
យើងសង្កេតឃើញថា ការចេញសេចក្ដីបម្រាមរបស់រដ្ឋាភិបាលប្រទេសទាំងនោះគឺក្នុងគោលបំណងការពារពលរដ្ឋរបស់ខ្លួនអោយទទួលបានម៉ាសក្នុងតម្លៃថោក ដើម្បីការពារពីការឆ្លងមេរោគដ៏កាចសាហាវ COVID-19។
អត្ថបទដោយ៖ Nevin