We TV Cambodia

ស្របពេលដែលសង្គមជឿនលឿន សីលធម៌សង្គមមានការធ្លាក់ចុះ

ស្របពេលដែលសង្គមជឿនលឿន សីលធម៌សង្គមមានការធ្លាក់ចុះ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

 

នៅពេលដែលនិយាយដល់ពាក្យ សីលធម៌ តើអ្នកនឹងនឹកឃើញដល់អ្វីមុនគេ? ជាការពិតណាស់ នៅពេលដែលនិយាយដល់ពាក្យពីរម៉ាត់នេះ​ យើងនឹងនឹកដល់ការប្រព្រឹត្ត ទង្វើ កិរិយាមាយាទ ឬសកម្មភាពទាំងឡាយណាដែលធ្វើឡើងក្នុងចេតនាល្អ ក្នុងសេចក្ដីល្អ។​

ថ្ងៃនេះផងដែរ នាងខ្ញុំ រដ្ឋ ស្រីពេជ្រ សូមចែករំលែកការយល់ឃើញផ្ទាល់ខ្លួន ចំពោះមតិមួយបានលើកឡើងថា ស្របពេលដែលសង្គមជឿនលឿន សីលធម៌សង្គមមានការធ្លាក់ចុះគួរឱ្យបារម្ភ។ ដើម្បីឆ្លើយតបនិងមតិដែលបានលើកឡើងនេះ ជាដំបូងយើងគប្បីស្វែងយល់នូវ ពាក្យថាសីលធម៌ជាមុនសិន។

បើយោងតាមវចនានុក្រម របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត លោកបានពន្យល់​ថា ពាក្យសីលធម៌នេះ គឺសំដៅដល់​​កិរិយា​មាយាទ សណ្ដាប់​ធ្នាប់ ដំបូន្មាន ឬ​ទម្លាប់​នៃ​ការ​ប្រព្រឹត្ត​ដែល​ប្រាស​ចាក​អំពើ​អាក្រក់ ដោយ​ប្រព្រឹត្តតែ​អំពើ​ល្អ​។ ក្នុងន័យនេះ គឺមានន័យថា មនុស្សជាតិយើង កាលណាបើប្រកាន់ខ្ជាប់នូវសីលធម៌ ប្រព្រឹត្តតែអំពើល្អ អំពើជាកុសល ហើយគេចឆ្ងាយមិនប្រព្រឹត្តអំពើអាក្រក់ឧបាយទាំងឡាយណានោះ នោះបុគ្គលនោះឯងជាជនគំរូ ជាមនុស្សល្អក្នុងសង្គម ជាទីមោទករបស់ក្រុមគ្រួសារ និងសង្គមជាតិ។

ងាកមកនិយាយអំពីមតិដែលគេបានលើកឡើងនេះវិញ ស្របពេលដែលសង្គមជឿនលឿន ហេតុដូចម្ដេចបានជាសីលធម៌ក្នុងសង្គមមានការធ្លាក់ចុះទៅវិញ? ជាការពិតណាស់ ត្បិតតែបញ្ហាទាំងនេះមិនមានការស្រាវជ្រាវជាតឹកតាង ឬទិន្នន័យណាមួយក៏ដោយ តែយើងអាចមើលឃើញផ្ទាល់នឹងភ្នែកបានតាមរយៈបណ្ដាញសង្គមនានា មានទាំងហ្វេសប៊ុក សារព័ត៌មានអនឡាញ កាសែត ទស្សនាវដ្ដី និងប្រព័ន្ធផ្សព្វផ្សាយនានា ពីមួយថ្ងៃទៅមួយថ្ងៃ រឿងរ៉ាវមិនគប្បីបានកើតឡើងជាហូរហែ នៅក្នុងសង្គមខ្មែរយើង។

យើងអាចមើលឃើញបាននឹងភ្នែក ថាមានទាំងឪពុករំលោភកូន កូនសម្លាប់ម្ដាយ មិត្តភក្ភិសម្លាប់គ្នា ភ្លើងប្រច័ណ្ឌកាប់សម្លាប់ប្ដីប្រពន្ធ មានទាំងព្រះសង្ឃប្រព្រឹត្តខុសវិន័យសង្ឃ មានទាំងអំពើឆក់ប្លន់ បោកប្រាស់កេងប្រវ័ញ្ញ ជួញដូរគ្រឿងញៀនជាដើម ដែលទង្វើទាំងនេះ បានបញ្ជាក់ឱ្យយើងឃើញថា សីលធម៌នៅក្នុងសង្គមយើងនាពេលបច្ចុប្បន្ន មានការធ្លាក់ចុះ ស្របពេលដែលសង្គមមានការជឿនលឿន។

បញ្ហាទាំងអស់នេះ វាពិតណាស់ដែលយើងគ្រប់រូបត្រូវចូលរួមបំផុសស្មារតី ចូលរួមអប់រំផ្សព្វផ្សាយ បណ្ដុះគំនិត និងឆន្ទៈប្រជាពលរដ្ឋយើង តាមដែលអាចធ្វើបាន មិនថាអ្នកជាអ្នកណានោះទេ ឱ្យតែអ្នកមានឆន្ទៈក្នុងការចូលរួម រួមគិត រួមធ្វើ និងផ្លាស់ប្ដូរភាពអវិជ្ជមាននេះ ថ្ងៃណាមួយយើងនឹងទទួលផ្លែផ្កាជាក់ជាមិនខាន។

ជាក់ស្ដែង យើងអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងការលើកដំកើងនូវសីលធម៌ ដល់ប្រជាជនគ្រប់ស្រទាប់ថ្នាក់ឱ្យយល់កាន់តែច្បាស់ពីសីលធម៌ ដើម្បីកែប្រែផ្នត់គំនិតអវិជ្ជមានទាំងនោះចេញ តែយ៉ាងណាមិញ យើងទាំងអស់គ្នាពិតជាត្រូវការពេលវេលា ក្នុងការអប់រំកែប្រែ និងចូលរួមបណ្ដុះស្មារតីមួយនេះឡើង។

ជាការយល់ឃើញមួយ ខ្ញុំគិតថាប្រសិនបើគ្រប់គ្នាចាប់អារម្មណ៍លើរឿងនេះតែបន្តិច ម្ល៉េះសមនឹងយើងអាចរួបរួមគ្នា សាបព្រោះសីលធម៌ក្នុងសង្គមឱ្យកាន់តែទូលំទូលាយ ឱ្យសមស្របទៅនឹងបរិបទនៃការរីកចម្រើននាពេលនេះ៕

 

Related Articles