We TV Cambodia

ស្ពាន​អាកាស​ក្នុង​ក្រុង​កំពង់​ស្ពឺ​នឹង​ត្រូវ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ នៅ​ថ្ងៃ ២៩ ធ្នូ​

ស្ពាន​អាកាស​ក្នុង​ក្រុង​កំពង់​ស្ពឺ​នឹង​ត្រូវ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ នៅ​ថ្ងៃ ២៩ ធ្នូ​
រូបថតៈ រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ

ដោយៈ ទិន សុខាវុធ

ស្ពានអាកាស​ដំបូង​គេបង្អស់​ ស្ថិតក្នុង​ក្រុង​កំពង់​ស្ពឺ ដែល​មាន​ឈ្មោះ​ថា «ស្ពានតេជោសន្តិភាពកំពង់ស្ពឺ​» នឹង​ត្រូវ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ នៅ​ថ្ងៃ​ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៩ ខាង​មុខ​នេះ​។

យោង​តាម​​​សេចក្តី​ប្រកាស​ព័ត៌មាន ចុះ​ផ្សាយ​​នៅ​លើ​ទំព័រ Facebook ​របស់​រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ កាល​ពី​ថ្ងៃ​ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ នៅ​ក្នុង​ឱកាស​សម្ពោធ​ «ស្ពានតេជោសន្តិភាព​កំពង់ស្ពឺ» ចរាចរណ៍​នៅ​ផ្តុំ​ស្ពាន​នោះ​ នឹង​ត្រូវ​បិទ​​ចាប់​ពី​ម៉ោង ៦ ព្រឹក​ដល់​ម៉ោង ១០ ព្រឹក​។

ចំពោះ​រថយន្ត​ទាំងឡាយ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៤ ពួក​គេ​អាច​បើក​វាង​តាម​ផ្លូវជាតិ​លេខ ៣ និង​ឬ​តាម​​ផ្លូវ​បំបែក​នៅ​ត្រង់​តំបន់កណ្តោលដុំ​។

“ជាក់ស្តែងនៅថ្ងៃខាងមុខនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសដែលមានឈ្មោះ «ស្ពានតេជោសន្តិភាពកំពង់ស្ពឺ» ស្ថិតនៅត្រង់ចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺ។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាយោគយល់អធ្យាស្រ័យឱ្យរដ្ឋបាលយើងខ្ញុំបិទចរាចរណ៍មួយរយៈ (មួយព្រឹក)” នេះ​ជា​សំណេររបស់​រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​។

ស្ពាន​អាកាស​ក្នុង​ក្រុង​កំពង់ស្ពឺ​មាន​ប្រវែង ៣០ ម៉ែត្រ កំពស់ ៥.២ ម៉ែត្រ ទទឹង ៣ ម៉ែត្រ ធ្វើ​ឡើង​ពី​បេតុង​អាកមេ​។ ពិធីសម្ពោធ​បើកការដ្ឋាន​សាងសង់​​ស្ពាន​នោះ ត្រូវ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី ២០ ខែ​ ឧសភា ឆ្នាំ ២០១៩ ក្រោម​ការជំនួយ​ឧបត្ថម្ភ​ជា​ថិវិកា​​ពី​លោកស្រី សៀង ចាន់ហេង អគ្គនាយក​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ក្នុង​​តំលៃ​សាងសង់​ចំនួន $340,000 ដុល្លារ​៕

រូបថតៈ រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ

Related Articles