We TV Cambodia

ស្ពានអាកាសស្មើជើងពីរថ្មីទៀតត្រូវសាងសង់នៅរាជធានីភ្នំពេញ

រូបភាពគំរោងស្ពានអាកាសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

ដោយៈ ទិន សុខាវុធ

ដើម្បី​ធានា​អោយ​កាន់តែ​មាន​សុវត្ថភាព​ដល់​​អ្នក​ដំណើរថ្មើរជើង សាលាក្រុង​ភ្នំពេញ​កំពុង​រៀបចំ​​សាងសង់​ស្ពាន​អាកាសថ្មើរ​ជើងចំនូន​ពីរ​ថ្មីទៀត​ នៅ​ក្នុង​រាជ​ធានីភ្នំពេញ​។ ហើយ​​ស្ពានអាកាសទាំងពីរនេះ​នឹងត្រូវ​ចាប់​ផ្តើមសាងសង់​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ​។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរសាធារណការនិងដឹកជញ្ជូន​រាជ​ធានី​ភ្នំពេញ បាន​ប្រាប់អ្នក​សារព័ត៌មាន​​កាល​ពី​ថ្ងៃ​ទី  ២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ថា​ គំរោង​សាងសង់​ស្ពានទាំងពីរនោះត្រូវ​បាន​ធ្វើការ​សិក្សា​យ៉ាង​ល្អិតល្អន់ និង​ត្រូវ​បាន​សាលាក្រុង​​អនុម័ត​បើកការដ្ឋាន​សាងសង់​នៅ​ខែ​តុលាខាងមុខ​នេះ​។

យោង​តាម​លោក​ ពិសិដ្ឋ ស្ពានអាកាសទាំងពីរនេះ​នឹងត្រូវ​សាងសង់​នៅត្រង់​ចំនុច​ភ្លើង​ស្តុប​សន្ធរម៉ុក និង​ភ្លើង​ស្តុបផ្សារ​ដើមគរ​។

«ស្ពានថ្មើជើងនឹងជួយឲ្យប្រជាពលរដ្ឋ ដើរឆ្លងកាត់ផ្លូវមានសុវត្ថិភាព ជៀសវាងពីគ្រោះថ្នាក់ចរាចរណ៍ ហើយក៏សម្រួលការឆ្លងកាត់ផ្លូវរបស់អ្នកដំណើរផងដែរ» នេះ​ជាការលើកឡើងរបស់លោក ពិសិដ្ឋ ។

ក៏ប៉ុន្តែ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ក៏​លោក​ប្រធានមន្ទីរសាធារណការរូបនេះ មិនបាន​បញ្ជាក់ពី​ចំនួន​ថវិកា​ជាក់​លាក់​ និង​រយពេលចាំបាច់ សំរាប់​ការសាងសង់ស្ពានអាកាសទាំង​ពីរនេះឡើយ​​។

នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅពេលបច្ចុប្បន្ននេះ មានស្ពានអាកាសថ្មើរ​ជើងចំនួន​ពីរ គឺមួយ​ជា​ស្ពាន​អាកាសដែលត្រូវ​បានសាងសង់​នៅត្រង់ចំណុច​វិទ្យាល័យ​ជម្ពូរវ័ន និង​មួយ​ទៀត ត្រូវ​បាន​សាងសង់​នៅ​ត្រង់​​រង្វង់​មូល​នាងគង្ហីង នៅត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​ទល់​មុខ​អាគារ​អូឡាំព្យា​៕

Related Articles