We TV Cambodia

ស្ពានអកាសនិងស្ពានក្រោមដី ចោមចៅ និងបញ្ចប់ការសាងសង់នៅ២០២១ខាងមុខ

ស្ពានអកាសនិងស្ពានក្រោមដី ចោមចៅ និងបញ្ចប់ការសាងសង់នៅ២០២១ខាងមុខ

ស្ពានអកាសនិងស្ពានក្រោមដី ចោមចៅ និងបញ្ចប់ការសាងសង់នៅ២០២១ខាងមុខ
សំណង់ស្ពានថ្នល់ ជាផ្លូវបំបែកពីស្ពានអាកាសចោមចៅ បច្ចុប្បន្នសម្រេចបាន ៤០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នាដំណាច់ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមការអោយដឹងពីក្រសួងសាធារណការ និងដឹកជញ្ចូន
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានកាលពីថ្ងៃម្សិលមិញ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរូបនេះបានរៀបរាប់ថា សំណង់ស្ពានថ្នល់ត្រង់ផ្លូវបំបែកចោមចៅ បានដំណើរការសាងសង់អាងក្រោមដីចំនួន២ ផ្លូវក្រោមដីចំនួន២ និងការពង្រីកផ្លូវសងខាងស្ទើររួចទាំងស្រុងហើយ ឯក្រុមការងារជំនាញក៏ប្រឹងប្រែងពន្លឿនការស្ថាបនាសំណង់នេះ ឱ្យសម្រេចតាមផែនការដែលបានគ្រោងទុកដូចគ្នា។
ការសាងសង់ស្ពាន ផ្លូវក្រោមដី គម្រោងនេះត្រូវចំណាយថវិកាសរុបប្រមាណ ២២លានដុល្លារ ហើយទទួលម៉ៅការដោយក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃាវសែ។ គម្រោងនេះមានសំណង់ស្ពានអាកាសចំនួន៣ខ្សែ និងផ្លូវក្រោមដី១ខ្សែ។
ស្ពានអាកាសទី១ តភ្ជាប់ចរាចរណ៍រវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង ១៥,៨ម៉ែត្រ ហើយមានចរាចរណ៍ទៅមកចំនួន៤គន្លង ដោយមានពីរគន្លងទៅ និងពីរគន្លងមក។
ចំពោះស្ពានអាកាសទី២ បំបែកចេញពីស្ពានអាកាសទី១ ដោយបត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅផ្លូវវេងស្រេង តែប្រើសម្រាប់ចរាចរណ៍មួយទិសប៉ុណ្ណោះ មានមួយគន្លងសម្រាប់ថយន្ត និងមួយគន្លងទៀតសម្រាប់ម៉ូតូ-កង់ ហើយមានប្រវែងសរុប ២០២ម៉ែត្រ និងមានទទឹង ៥,២៥ម៉ែត្រ។
ឯស្ពានអាកាសទី៣ ជាស្ពានកោងបត់ឆ្វេង តភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ និងទទឹង ៥,២៥ម៉ែត្រ ប្រើសម្រាប់ចរាចរណ៍មួយទិស ដោយមួយគន្លងសម្រាប់រថយន្ត និងមួយគន្លងទៀតសម្រាប់ម៉ូតូ-កង់។
សូមជម្រាបថា ផ្លូវក្រោមដី ជាផ្លូវកោងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ មានទទឹង ៨,៥ម៉ែត្រ ប្រើសម្រាប់ចរាចរណ៍មួយទិស តែផ្លូវនេះមានពីរគន្លង ដោយបែងចែកគន្លងសម្រាប់រថយន្ត និងម៉ូតូ-កង់ចែកដាច់ពីគ្នា។
ចំពោះផ្លូវក្រោមដីមួយបន្ថែមទៀតគឺ តភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី សម្រាប់ចរាចរណ៍បានតែមួយទិស បែងចែកជាពីរគន្លង មួយគន្លងសម្រាប់រថយន្ត និងមួយគន្លងទៀតសម្រាប់ម៉ូតូ-កង់ ហើយមានប្រវែងសរុប ៤៧០ម៉ែត្រ និងទទឹង ៨,៥ម៉ែត្រ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ចំពោះផ្លូវលើដី ដែលភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកកាន់ផ្លូវវេងស្រេង ប្រើសម្រាប់ចរាចរណ៍បានមួយទិសប៉ុណ្ណោះ ដោយបែងចែកជាពីរគន្លង មួយគន្លងសម្រាប់រថយន្ត និងមួយគន្លងទៀតសម្រាប់ម៉ូតូ-កង់ ហើយមានប្រវែងសរុប ២៣៥ម៉ែត្រ និងទទឹង ៨,៥ម៉ែត្រ៕

Related Articles