We TV Cambodia

ស្ពានស្ទឹងត្រង់-ក្រូចឆ្មា សម្រេចការសាងសង់បានប្រមាណ ៧៥ភាគរយ

ស្ពានស្ទឹងត្រង់-ក្រូចឆ្មា សម្រេចការសាងសង់បានប្រមាណ ៧៥ភាគរយ

ដោយ៖ឧត្តម

ត្បូងឃ្មុំ៖ ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ពីទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ត្រូវបានសាងសង់សម្រេចប្រមាណ៧៥ភាគរយហើយ។នេះបើតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ចូនខេត្ត។

ស្ពានឆ្លងកាត់ទន្លេមេគង្គ គឺមានឈ្មោះថា ស្ពានស្ទឹងត្រង់ ក្នុងខេត្តត្បូឃ្មុំត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៨​ ខែកុម្ភះ ឆ្នាំ២០១៩ដោយគិតមកទល់ពេលនេះការសាងសង់ស្ពានត្រូវបានសម្រេចចំនួន៧៥ភាគរយហើយ។ ក្នុងនោះ  ក្រុមការងារអនុវត្តគម្រោងបានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់ធ្វើការសោចទឹកជាប្រចាំតាមបណ្តោយផ្លូវតភ្ជាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដីហុយ និងធ្វើការរៀបចំប្រព័ន្ធសុវត្ថិភាព ដូចជាស្លាកសញ្ញាចរាចរណ៍ ខ្សែចំណាំងផ្លាតការពារតាមជម្រាលជើងទេរ។

គម្រោងសាងសង់របស់ស្ពានស្ទឹងត្រង់នេះនឹងត្រូវប្រើរយៈពេលសាងសង់ ចំនួន ៤២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨នេះ ហើយគ្រោងបញ្ចប់នានៅដើមឆ្នាំ២០២១។

គម្រោងសាងសង់ស្ពាននេះ ចំណាយថវិកាសរុបជិត ៥៧លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។

ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអារម៉េ។ ក្រៅពីការសាងសង់ស្ពាន ក៏មានការសាងសង់កំណាត់ផ្លូវតភ្ជាប់សងខាងស្ពានដែលមានប្រវែង ៨.៣២៣ម៉ែត្រ។ គម្រោងសាងសង់ស្ពាននេះនឹងចាប់ផ្តើមពីត្រើយខាងលិចស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕

Related Articles