We TV Cambodia

ស្ថេរភាពនយោបាយធានាអោយមានកំណើនក្នុងវិស័យអចលនទ្រព្យ

ស្ថេរភាពនយោបាយធានាអោយមានកំណើនក្នុងវិស័យអចលនទ្រព្យ

ដោយៈ ទិន សុខាវុធ

យោង​តាម​អ្នក​ឯកទេស​​​អចលនទ្រព្យ ស្ថេរភាព​នយោបាយ​និងសន្តិសុខ​សង្គម​ ជាកត្តា​ចំបង​ក្នុង​ការធានា​អោយ​មាន​កំណើន​ក្នុង​វិស័យ​អចលនទ្រព្យ។

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ ក៏​អ្នកជំនាញ​អចលនទ្រព្យ​ទាំងនោះ បាន​លើកឡើងថា​ កម្ពុជា​ត្រូវការ​រយៈពេល​យ៉ាង​ហោច​ណាស់​ក៏​ ៣០ ឆ្នាំ​ទៀត​ដែរ ដើម្បី​អភិវឌ្ឍ​ប្រទេស​អោយ​ក្លាយ​​ជា​ក្រុង​ហុងកុង​ឬ​ប្រទេស​សាំងកាពួរ​នា​ពេល​បច្ចុប្បន្ន​។

ជាកុសលល្អ​ អំណះអំណាង​នេះ​ក៏បង្ហាញផងដែរ​ថា កម្ពុជា​នៅ​មាន​ពេល​​យ៉ាង​ហោច​ណាស់​ក៏ ៣០ ឆ្នាំ​ទៀត​ដែរ សំរាប់​អ្នក​វិនិយោគ​​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ មាន​ឱកាស​បន្តដាក់​ទុន​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​។

មួយវិញទៀត វត្តមាន​អ្នក​វិនិយោគ​ក្នុង​វិស័យដីធ្លី ជា​កត្តា​ជា​សត្យានុម័ត​មួយ​បញ្ជាក់​ថា តំលៃ​អចលនទ្រព្យ​នៅ​តែ​បន្តកើនឡើង​ឥតឈប់ឈរ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​​នៅ​តាម​តំបន់​ដែល​មានការអភិវឌ្ឍ បុរី ទីប្រជុំជន តំបន់​ឧស្សាហកម្ម​ និង តំបន់​ពាណិជ្ជកម្ម មាន​ដូច​ជា​នៅ​​រាជ​ធានី​ភ្នំពេញ​ជាដើម​។

បើ​តាម​គេហទំព័រ realestate.com.kh  កំណើន​នៃ​តំលៃ​ដី​ធ្លី​នៅ​តាម​តំបន់​នានា មិន​ដូច​គ្នា​នោះទេ ដោយហេតុថា​តំបន់ខ្លះ​មាន​កំណើន​ចន្លោះ​ពី ៥% ទៅ ១៥% ក្នុង​មួយ​ឆ្នាំ ចំណែក​ឯ​តំបន់​ខ្លះទៀត​មាន​កំណើន​​ពី ១៥% ទៅ  ៥០% ក្នុង​មួយ​ឆ្នាំ​​។ ហើយ​ក៏​មាន​តំបន់​មួយ​ចំនួន​កើន​ដល់ ១០០% ឬ ២០០% ក្នុង​មួយ​ឆ្នាំ​ដែរ​។

«តម្លៃដីនៅប្រទេសកម្ពុជាមានកំណើនមិនដូចគ្នាទេក្នុងមួយឆ្នាំៗ ដោយតំបន់ខ្លះឡើង ចន្លោះពី ៥% ទៅ ១៥% ក្នុងមួយឆ្នាំ រីឯតំបន់ខ្លះ ឡើងពីឡើងពី ១៥% ទៅ ៥០%ក្នុងមួយឆ្នាំៗ ហើយតំបន់ខ្លះទៀតក៏ឡើងដល់ ១០០% ឬ ២០០% ក្នុងមួយឆ្នាំ អាស្រ័យទៅដោយស្ថានភាពវិនិយោគ គម្រោងអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធ នៃការអភិវឌ្ឍតំបន់នោះជាដើម» នេះ​ជាការលើក​ឡើង​​របស់​គេហទំព័រ realestate.com.kh ។

យោង​តាម​របាយការណ៍របស់​ក្រសួងដែនដីនិង​នគរូបនីយកម្ម កាលពីខែ សីហា ឆ្នាំ ២០១៩ គំរោងសំណង់ថ្មីចំនួន ៤១៨ គំរោង សរុបទុនវិនិយោគប្រមាណជា $1,438 លានដុល្លារ ត្រូវបានចុះបញ្ជីជាមួយនឹងក្រសួង។ ហើយ​បើប្រៀបធៀប​ជាមួយនឹងគំរោង​សាងសង់​នៅ​ក្នុង​ខែសីហា​កាលពី​ឆ្នាំ ២០១៨ កន្លង​ទៅ ដែល​មាន​ទុនវិនិយោគ​​ប្រមាណជា $915 លានដុល្លារ វិស័យ​សំណង់​នៅ​កម្ពុជា​បាន​កើនឡើង ៥៧.២០ ភាគរយ​។

របាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា  ក្នុងចំណោមគំរោងសំណង់ទាំង ៤១៨ គំរោងនោះ ៦៤ គំរោង សរុបទុនវិនិយោគជាង $867 ដែលត្រូវសាងសង់នៅលើផ្ទៃដីជាង ២ លានម៉ែត្រការេ ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រសួងរៀបចំដែនដីដោយផ្ទាល់។

ចំណែកឯគំរោងសាងសង់ចំនួន ៣៥៤ ទៀត សរុបទុនវិនិយោគជាង $159 លានដុល្លារ ដែលត្រូវសង់នៅលើផ្ទៃដីប្រមាណជា ៤០ ម៉ឺនម៉ែត្រការេ ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋបាលរាជធានី-ខេត្ត។

ជាទូទៅ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ នេះ ចំនួនសរុបនៃសំណង់នៅកម្ពុជាមានជាងពីរពាន់គំរោង សរុបទុនវិនិយោគជាង $3,392 លានដុល្លារ ដែលត្រូវសាងសង់នៅលើផ្ទៃដីប្រមាណជា ៧ លានម៉ែត្រការេ។ ជាលទ្ធផល ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា បានកើនឡើងប្រហែលជា ៥៧.៧៥ ភាគរយ បើធៀបនឹងឆមាសទីមួយក្នុងឆ្នាំ ២០១៨ ដែលមានទុនវិនិយោគប្រមាណជា $2,153 លានដុល្លារ។

សរុបមក ចាប់ពីឆ្នាំ ២០០០ រហូតមកដល់ខែ សីហា ឆ្នាំ ២០១៩ នេះ ក្រសួងដែនដីបានចេញលិខិតអនុញ្ញាតសាងសង់សំរាប់ ៤៦,៥៤៨ គំរោង សរុបទុនវិនិយោគប្រមានជា $47 ពាន់លានដុល្លារ នៅលើផ្ទៃដីជាង ១២៥ លានម៉ែត្រក្រឡា។

ដោយឡែក កាលពីឆ្នាំ ២០១៨ កន្លងទៅ កម្ពុជាបានផ្តល់ការអនុញ្ញាតសាងសង់សំរាប់គំរោងចំនួន ២,៨៦៧ គំរោង សរុបទុនវិនិយោគប្រមាណជា $5,228 លានដុល្លារ។

ទាក់ទង​នឹង​រឿង​នេះ អ្នក​វិភាគ​មួយ​ចំនួន​យល់​ឃើញថា ការកើន​ឡើង​នៃ​ទុន​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ គឺ​ដោយសារតែ​មាន​កំនើន​វិនិយោគ​ចិន​នៅ​រាជ​ធានី​ភ្នំពេញ​និង​ក្រុង​ព្រះសីហនុ​។

«ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេកត់សម្គាល់ឃើញលំហូរនៃវិនិយោគិនចិនបានចូលមកបណ្តាក់ទុន និងរកស៊ីនៅប្រទេសកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ពិសេសនៅក្រុងព្រះសីហនុ ដែលគេរំពឹងថាសកម្មភាពសាងសង់ និងការអភិវឌ្ឍក្នុងឆ្នាំ ២០១៩នេះ មានសន្ទុះខ្លាំងក្លាគួរអោយកត់សម្គាល់» នេះ​​ជា​​អំណះអំណាង​​របស់​គេហទំព័រ realestate.com.kh ។

ទន្ទឹម​នឹង​អ្នក​វិនិយោគ​ចិន ក៏​មាន​អ្នកវិនិយោគ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ផង​ដែរ ដែល​បាន​ចូល​រួម​វិនិយោគក្នុង​វិស័យ​អចលនទ្រព្យ ក្នុង​រយៈពេលជាង ៣ ឆ្នាំ​ចុង​ក្រោយ​នេះ​។ អ្នកវិនិយោគកូរ៉េ​ខាង​ត្បូង​ទាំងនោះ​​ភាគ​ច្រើន​​ផ្តោត​​ទៅ​លើ​សំណង់ ខុនដូ កាស៊ីណូ តំបន់​សេដ្ឋកិច្ច​ពិសេស រោង​ចក្រ រោង​សប្បកម្ម សណ្ឋាគារ និង​​ ផ្ទះ​សំណាក់ជាដើម​​។ល។

ជា​គោលការណ៍ កំណើន​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ដើរ​ទន្ទឹម​គ្នា​នឹង​ការរីក​ចំរើន​វិស័យ​​សេដ្ឋកិច្ច​ជាតិ​ជា​ទូទៅ​។ ហើយ​បើ​យោង​តាម​របាយ​ការណ៍​របស់​ធនាគារពិភពលោក​និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ និង​​ឆ្នាំ ២០២០ ត្រូវ​ស្ថិត​ក្នុង​តួលេខ​ប្រមាណ​ជា ៧% ។

បណ្តា​អ្នកឯក​ទេស​ខាង​សេដ្ឋកិច្ច ក៏​បានប្រមើលមើលផង​ដែរ​ថា​ កម្ពុជា​អាច​ក្លាយ​ជា​កូននាគសេដ្ឋកិច្ចមួយ​នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន (ASEAN) ក្នុង​រយៈពេល​ ១០ ឆ្នាំ​ខាង​មុខ​នេះ​។ ហើយ​វិស័យ​ទាំង​ ៤ ដែល​ដើរតួនាទីសំខាន់ជាង​គេ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​មាន កសិកម្ម វាយនភណ្ឌ ទេសចរណ៍ និង​ សំណង់​។

យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅកាត់​ថា CDC ដែល​ជា​​ស្ថាប័ន​មួយ​របស់​រាជរដ្ឋាភិបាល នៅ​ឆមាស​ទី​មួយ ក្នុង​ឆ្នាំ ២០១៩ នេះ គំរោង​វិនិយោគ​ថ្មី​ចំនួន ១៥៣ គំរោង សរុប​ទុន​វិនិយោគ​​ចំនួនជាង ៥ ពាន់​លាន​ដុល្លារ បង្កើតការងារ​ចំនួន ១៦៧,៣៣០ កន្លែង ត្រូវ​បានចុះបញ្ជីរជាមួយ​នឹង CDC ។ បើ​ប្រៀបធៀប​​ទៅ​នឹង​រយៈ​ពេល​ដូច​​គ្នា​នេះ​នៅ​ក្នុង​ឆ្នាំ ២០១៨ គឺ​មាន​គំរោង​វិនិយោគ​តែ ១០៥ គំរោង​ សរុបទុន​វិនិយោគ​តែ​ជាង​ ៣.៥ លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​៕

Related Articles