We TV Cambodia

ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៣០មេហ្កាវ៉ាត់ក្នុងស្រុកក្រគរ ត្រូវបានដាក់ឲ្យដំណើរការ

ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៣០មេហ្កាវ៉ាត់ក្នុងស្រុកក្រគរ ត្រូវបានដាក់ឲ្យដំណើរការ

យោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុក ក្រគរ ជួយ ក្រគរ បានឲ្យដឹងថា ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៣០ មេហ្កាវ៉ាត់ថ្មីនៅស្រុកក្រគរខេត្តពោធិ៍សាត់ត្រូវបានដាក់ឲ្យដំណើរការដោយភ្ជាប់ជាមួយបណ្តាញជាតិពីឃុំស្នាអន្សាទៅឃុំស្វាយសដែលជាទីតាំងអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលថ្មី។

ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ (ប្រភព៖ ក្រគរ ជួយ ក្រគរ)

ប្រភពដដែលបន្តថា នេះជាអនុភាពថ្មីក្នុងចំនួនសរុប ២០០មេហ្កាវ៉ាត់នៃថាមពលស្អាតដែលត្រូវតភ្ជាប់ជាមួយបណ្តាញជាតិមុនដាច់ឆ្នាំ២០២២ ហើយនៅពេលនោះថាមពលពីពន្លឺព្រះអាទិត្យសរុបនឹងកើនដល់យ៉ាងតិច ៤៥០មេហ្កាវ៉ាត់។

ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ (ប្រភព៖ ក្រគរ ជួយ ក្រគរ)

ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាបានឲ្យដឹងថា ថាមពលដើរដោយពន្លឺព្រឹះអាទិត្យ ៣០មេហ្កាវ៉ាត់ ក្នុងចំណោម២០០មេហ្គាវ៉ាត់ថ្មីនេះ មិនត្រឹមតែជួយផ្នែកថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយបង្កើតការងាររាប់រយកន្លែងឲ្យបងប្អូនប្រជាពលរដ្ឋ មានលទ្ធភាពរកប្រាក់ចំណូលបានក្នុងស្ថានភាពនៃជំងឺកូវីដ១៩ផងដែរ ហើយនេះគឺជាការចូលរួមចំណែកមួយ ក្នុងរយៈពេលចំពោះមុខហើយវែងឆ្ងាយ។

ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ (ប្រភព៖ ក្រគរ ជួយ ក្រគរ)

សូមជម្រាបថា ស្ថានីយផលិតថាមពលអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យអានុភាព ៣០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់នេះ ត្រូវបានគណៈរដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តសម្រេចឲ្យសាងសង់ កាលព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

អត្ថបទដោយ៖ Nevin

Related Articles