We TV Cambodia

ស្ត្រីវ័យក្មេងម្នាក់បានចែករំលែកពីផលវិបាកនៃការជក់បារីអេឡិចត្រូនិច

ស្ត្រីវ័យក្មេងម្នាក់បានចែករំលែកពីផលវិបាកនៃការជក់បារីអេឡិចត្រូនិច

ដោយ៖​ ហួ ឆេងស៊ីម

ស្ថិតនៅក្នុងសម័យកាលទំនើប ការជក់បារីអេឡិចត្រូនិចបានក្លាយជាសកម្មភាពរីករាយថ្មីមួយរបស់ក្រុមយុវជន ខណៈឥរិយាបថនេះត្រូវបានក្រុមអ្នកជំនាញអះអាងថាបានប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។ ជាក់ស្តែងយុវតីវ័យ ១៩ ឆ្នាំ ម្នាក់បានឲ្យដឹងថា នាងមានបញ្ហាសុខភាពស្ទើរតែស្លាប់ខ្លួន ព្រោះតែបារីអេឡិចត្រូនិចនេះ។ យុវតីដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិករូបនេះបានសរសេររៀបរាប់ក្នុងបណ្តាញសង្គមរបស់នាងថា នាងមានអាការៈក្តៅខ្លួនយ៉ាងខ្លាំងរហូតដល់ ៤០ អង្សាសេ ហើយដំបូងឡើយនាងគិតថា នាងប្រហែលជាមានជំងឺគ្រុនក្តៅ ឬគ្រុនផ្តាសាយធំជាដើម។

យ៉ាងណាក្តី កម្តៅក្នុងរាងកាយនាងមិនថយចុះទាល់តែសោះក្នុងរយៈពេល ២ ថ្ងៃ ហើយរាងកាយកាន់តែចុះខ្សោយរហូតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ទៀតផង។ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យគេបានរកឃើញថា​ នាងមានបញ្ហារលាកសួតខ្លាំង ហើយបញ្ហានេះគឺបង្កឡើងដោយសារតែផ្សែងបារីអេឡិចត្រូនិចដែលនាងបានជក់ជាប្រចាំតែម្តង។ ក្រោយកើតមានបញ្ហាសុខភាពដូចខាងលើនេះ យុវតីរងគ្រោះខាងលើបានផ្តាំផ្ញើទៅកាន់ក្រុមយុវជនផ្សេងទៀតថា បើស្រលាញ់សុខភាពសូមកុំជក់បារីឲ្យសោះ​ បើទោះជាបារីធម្មតាឬបារីអេឡិចត្រូនិចក៏ដោយ៕

Related Articles