ភ្នំពេញ៖ ប្រិយមិត្ដមួយចំនួន ប្រហែលជាឆ្ងល់ហើយពីការបាត់វត្ដមានអាជីវកម្មក្រុមហ៊ុន កូរ៉េខាងជើង ទាំងអស់ពីប្រទេសកម្ពុជា។ ច្បាស់ណាស់ ការបាត់វត្ដមាននេះ មិនមែនមកពីបញ្ហាក្ស័យធន ឬបញ្ហាគ្រប់គ្រងផ្ទៃក្នុងអ្វីឡើយ ប៉ុន្ដែវាគឺជាឥទ្ធិពលមួយ នៃការដាក់ទណ្ឌកម្មរបស់អន្ដរជាតិទៅលើប្រទេសកូរ៉េខាងជើង។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តម្រូវឲ្យរដ្ឋជាសមាជិកចំនួន១៩៣ប្រទេស បញ្ឈប់ប្រតិបត្តិការរកលុយរបស់ជនជាតិកូរ៉េខាងជើងនៅក្រៅប្រទេស។ សេចក្ដីសម្រេចចនេះត្រូវបានធ្វើឡើងកាលពីខែ កញ្ញា ២០១៩។
ប្រទេសកម្ពុជា និងកូរ៉េខាងជើងមានទំនាក់ទំនងយ៉ាងល្អ។ ប្រមាណជាជិតមួយទសវត្សរ៍ចុងក្រោយ អ្នកវិនិយោគទុនកូរ៉េក៏ចាប់ផ្ដើមបើកអាជីវកម្មក្នុងប្រទេសកម្ពុជា ដូចជាការបើកភោជនីយដ្ឋាន និង សារមន្ទីជាដើម។
អាជីវកម្មភោជនីយដ្ឋានរបស់កូរ៉េដែលបានបង្កើត និង បិទទ្វារទៅវិញមានដូចជា ៖
១. ភោជនីយដ្ឋានព្យុងយ៉ាង អារីរាំង ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ៣២ ផ្លូវលេខ២១៥ សង្កាត់ ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២. ភោជនីយដ្ឋាន មូរ៉ាន់បូង ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ៩២ ផ្លូវលេខ២១៥ កែងផ្លូវលេខ២០០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
៣. ភោជនីយដ្ឋាន ព្យុងយ៉ាង អ៊ុនហាស៊ូ ដែលមានអាសយដ្ឋានស្ថិតនៅអាគារលេខ១០A ផ្លូវលេខ៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៤. ភោជនីយដ្ឋាន ព្យុងយ៉ាង ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ៤០០ ផ្លូវព្រះមុនីវង្ស សង្កាត់បឹង កេងកងទី១ ខណ្ឌចំការមនរាជធានីភ្នំពេញ។
៥. ភោជនីយដ្ឋាន ព្យុងយ៉ាង ហ្វានស៊ីប ដែលមានអាសយដ្ឋានស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
៦. ភោជនីយដ្ឋាន ព្យុងយ៉ាង ត្រេឌីសិនណល នូឌល ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវជាតិលេខ៦ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
៧. សារមន្ទីរប៉ាណូរ៉ាម៉ារបស់កូរ៉េខាងជើងនៅខេត្តសៀមរាបក្បែរប្រាសាទអង្គរវត្តដែលបានបើកកាលពីឆ្នាំ២០១៥ ហើយដែលកាន់កាប់ដោយជនជាតិកូរ៉េខាងជើងក៏បានបិទដែរ។
ដោយ៖ អឿ អ៊ុយ
