We TV Cambodia

ស្ករត្នោតកំពង់ស្ពឺ កំពុងទទួលបានតម្រូវការទីផ្សារខ្ពស់

ស្ករត្នោតកំពង់ស្ពឺ កំពុងទទួលបានតម្រូវការទីផ្សារខ្ពស់

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ តម្រូវការស្ករត្នោតដែលផលិតនៅខេត្តកំពង់ស្ពឺក្រោមការគ្រប់គ្រងរបស់សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារក្នុងស្រុកនិងក្រៅស្រុក ដោយសមាគមកំពុងទទួលបានទីផ្សារបន្ថែមនៅប្រទេសឥណ្ឌា។

បើតាមលោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺបានឱ្យដឹងថា បរិមាណស្ករត្នោតដែលត្រូវបាននាំចេញក្នុងរដូវកាលខាងមុខនឹងខ្ពស់ជាងនេះព្រោះទីផ្សារថ្មី  ដែលមានប្រទេសឥណ្ឌា បានបញ្ជាទិញស្ករត្នោតចំនួន ១០០ តោន។

លោកបន្តថា ស្ករសពាក់កណ្តាលពីសមាគមគឺសម្រាប់នាំចេញ  ដោយដោយមានសមាជិក ១៧០ នាក់សមាគមអាចផលិតស្ករត្នោតបានប្រហែល ២៥០ តោនក្នុងមួយរដូវដោយចាប់ផ្តើមពីខែធ្នូដល់ខែឧសភា។ ម្យ៉ាង ស្ករត្នោតទទួលបានប្រជាប្រិយភាពនៅក្នុងបណ្តាប្រទេសសហគមន៍អ៊ឺរ៉ុបដូចជាបារាំងនាំចូលស្ករស ២០ តោនជារៀងរាល់ឆ្នាំពីសមាគមផងដែរ។

បន្ថែមពីនេះ ស្ករត្នោតកំពង់ស្ពឺផលិតនៅស្រុកចំនួន ៣ គឺ ២ នៅខេត្តកំពង់ស្ពឺនិងមួយនៅខេត្តកណ្តាលត្រូវបានចុះបញ្ជីជាផលិតផលការពារដោយសហគមន៍អ៊ឺរ៉ុបកាលពីខែមេសាឆ្នាំ ២០១៩  ដែលវាជាផលិតផលកម្ពុជាទី ២ ដែលទទួលបានវិញ្ញាបនបត្រ GI បន្ទាប់ពីម្រេចកំពតបានចុះបញ្ជីកាលពីខែកុម្ភៈឆ្នាំ ២០១៦ ។

សូមជម្រាបជូនថា បន្ទាប់ពីទទួលបានវិញ្ញាបនប័ត្រ GI តម្លៃស្ករត្នោតបានកើនឡើង ៣ ដងដល់ ៦.០០០-៧,០០០ រៀលក្នុង ១ គីឡូក្រាមពី ២០០០-២៥០០ រៀល ហើយបច្ចុប្បន្នមានក្រុមហ៊ុននាំស្ករត្នោតចំនួន ១០ ដែលដឹកជញ្ជូនផលិតផលទៅ ២០ ប្រទេស ទិសដៅសំខាន់គឺជប៉ុនតៃវ៉ាន់ចិនកូរ៉េខាងត្បូងនិងសហភាពអឺរ៉ុប៕

 

Related Articles