We TV Cambodia

សំណង់ ពហុកីឡដ្ឋានជាតិតេជោ មិនអាចបញ្ចប់តាមការកំណត់គ្រោងទុក

សំណង់ ពហុកីឡដ្ឋានជាតិតេជោ មិនអាចបញ្ចប់តាមការកំណត់គ្រោងទុក

ដំណើរការណ៍សាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ មិនអាចបញ្ចប់គម្រោង តាមការកំណត់ ក្នុងកំលុង​ពេលចុងឆ្នាំនេះបានទេ បើគិតត្រឹមខែសីហានេះ ទើបតែសម្រេចបាន ៨០% ដូច្នេះតាមស្ថានភាពជាក់ស្ដែង ទំនងនឹងពន្យារទៅដល់ខែ មីនា ឬមេសាឆ្នាំក្រោយ។

ពហុកីឡដ្ឋានមរតកតេជោ ត្រូវបានស្ថិតក្រោមការសាងសង់ដោយក្រុមហ៊ុន ប្រទេសចិន China State Construction Engineering Corporation លើទំហំផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ ក្រោមថវិកាជំនួយឥតសំណងរបស់ចិន ១៦០លានដុល្លារ។

យោងតាមការលើកឡើងរបស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា មូលហតុដែល ដំណើរការណ៍​សាងសង់នេះមិនអាចបញ្ចប់តាមការគ្រោងទុកនោះ គឺដោយសារវិបត្តិកូវីដ ដែលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់ប្រទេស នៃអ្នកជំនាញចិន ក៏ដូចជាការដឹកជញ្ជូន​សំភារៈ ប៉ុន្ដែយ៉ាងណាក៏ដោយ សម្រាប់គម្រោងនេះ នឹងអាចបញ្ចប់មុនពេល ស៊ីហ្គេមខាងមុខ។

គួរ​រំលឹកផងដែរថា ពហុកីឡដ្ឋានជាតិមរតកតេជោ បានចាប់ផ្ដើមការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយ​បញ្ចប់ការសាងសង់ កីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ ពោលគឺដើម្បីធ្វើជាទីតាំងម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ​២០២៣។

ដោយ៖ Stince

 

Related Articles