
ដោយៈ ទិន សុខាវុធ
ក្រសួងរ៉ែនិងថាមពល កំពុងរៀបចំអោយមានការដេញថ្លៃលើគំរោងវិនិយោគបង្កើតរោងចក្រផលិតថាមពលអគ្គិសនីចេញពីសំរាម ក្នុងគោលបំណងកាត់បន្ថយបរិមាណសំរាម ក៏ដូចជាការបង្កើតបរិមាណថាមពលអគ្គិសនី សំរាប់សេចក្តីត្រូវការក្នុងស្រុក។
លោក Victor Jona អ្នកនាំពាក្យម្នាក់របស់ក្រសួងរ៉ែនិងថាមពល បានអោយដឹងថា ក្រសួងរបស់លោក ក្រោយពីបានទទួលអនុសាសន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងរៀបចំឯកសារនៃការដេញថ្លៃគំរោងវិនិយោគបង្កើតរោងចក្រអគ្គិសនី ដោយប្រើប្រាស់សំរាមជាវត្ថុធាតុដើម។
លោកបានបន្ថែមទៀតថា ដំណើរការរៀបចំឯកសារលើការវិនិយោគបង្កើតរោងចក្រអគ្គិសនីនេះ ត្រូវការពេលវេលាយ៉ាងហោចណាស់ក៏ពី ៤ ទៅ ៥ ខែដែរ។
អាស្រ័យហេតុនេះ នៅពេលដែលរោងចក្រអគ្គិសនីប្រភេទនេះត្រូវបានសង់ឡើង បរិមាណសំរាមនៅក្នុងរាជធានីភ្នំពេញនឹងត្រូវកាត់បន្ថយ។ នៅពេលបច្ចុប្បន្ននេះ បរិមាណសំរាមនៅក្នុងទីក្រុងភ្នំពេញតែមួយប៉ុណ្ណោះ កើនដល់ ៣,០០០ តោនក្នុងមួយថ្ងៃ៕
