
ដោយៈ ទិន សុខាវុធ
ការបើកការដ្ឋានសាងសង់បុរីអាម៉ូរី ៧ មករា ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ នេះ នៅក្នុងក្រុងរណបជ្រោយចង្វារ ស្ថិតក្នុងភូមិជ្រៃមួយរទ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ ៦A ។
នៅក្នុងពិធីបើកការដ្ឋាននោះ លោក សួន វីរៈតារា អគ្គនាយកក្រុមហ៊ុន អាម៉ូរី បានថ្លែងថា បុរីនេះនឹងត្រូវសង់ឡើងនៅលើផ្ទៃដីប្រមាណ ៣២ ហិកតា ក្នុងតំបន់មួយដែលពោរពេញទៅដោយសក្តានុពលសំរាប់វិស័យអចលនទ្រព្យ។
ជាក់ស្តែង លោក សួន វីរៈតារា បានគូសបញ្ជាក់ថា បុរីនេះត្រូវសង់ឡើងនៅក្នុងតំបន់មួយដែលពោរពេញទៅដោយ ធនាគារ សាលារៀនអន្តរជាតិ និង បណ្តាហេដ្ឋារចនាសម្ព័ន្ធដ៏មានសារសំខាន់មួយចំនួនទៀត ដែលនឹងទាក់ទាញប្រជាពលរដ្ឋអោយមករស់នៅក្នុងបុរីអាម៉ូរី ៧ មករា របស់លោក។
ដោយឡែក សំរាប់ពិធីបញ្ចុះបឋមសិលា បើការដ្ឋានសាងសង់បុរីនេះ អតិថិជនទាំងឡាយអាចទទួលបានការបញ្ជុះតំលៃចាប់ពី ៥% ទៅដល់ ១០% ប័ណ្ណផ្សងសំណាងតំលៃ $2,999 ដុល្លារ និងប័ណ្ណបញ្ចុះតំលៃ $3,000 ដុល្លារសំរាប់ការទិញផ្ទះពាណិជ្ជកម្មប្រភេទ A និងប្រភេទ B ។
យ៉ាងណាម៉ិញ នៅពេលសង់រួច ផ្ទះពាណិជ្ជកម្មប្រភេទ A និងប្រភេទ B នៅក្នុងបុរី អាម៉ូរី ៧ មករា នឹងត្រូវដាក់លក់ក្នុងតំលៃចាប់ពី $65,800 ឡើងទៅ។ ក្រៅពីប្រភេទផ្ទះពាណិជ្ជកម្មទាំងពីរប្រភេទនេះ នៅមានផ្ទះពាណិជ្ជកម្មប្រភេទ A E0+E1+E2 ផ្ទះប្រភេទ B E0+E1 និងផ្ទះវីឡាកូនកាត់ប្រភេទ E0+E1+E2 ថែមទៀត។
ចំពោះប្រភេទដីឡូតិ៍វិញ អតិថិជនអាចជ្រើសរើសទិញផ្ទះជាមួយនឹងដីឡូតិ៍ប្រភេទ ៥ម៉ែត្រ X ២០ម៉ែត្រ ១០ម៉ែត្រ X ២០ម៉ែត្រ និង ២០ម៉ែត្រ X ៣០ម៉ែត្រ ៕

