We TV Cambodia

សែនក្បាលទឹកជាអ្វី?

សែនក្បាលទឹកជាអ្វី?
ប្រភពរូបភាព៖ លឹម វីរីយ៉ា

នៅក្នុងជំនឿសាសនារបស់ជនជាតិចិន បុណ្យសែនក្បាលទឹក គឺជាពិធីរំឭកនឹកគុណដល់ខ្មោចទឹក ដែលតែងតែតាមជួយថែរក្សាមនុស្សលោកក្នុងរដូវទឹកឡើង ឲ្យចៀសផុតពីជំនន់ជន់លិច ឬ គ្រោះអាក្រក់ផ្សេងៗបណ្ដាលមកពីកម្លាំងទឹក។ អំឡុងខែទី៧ឬទី៨ នៃ គ្រិស្តសករាជ ជាពិសេសរាប់ត្រឹមថ្ងៃ ១៥ កើតខែស្រាពណ៍ នៃពុទ្ធសករាជ ក្នុងឆ្នាំនីមួយៗ ជនជាតិចិន នាំគ្នារៀបចំពិធីសែនព្រេន ឧទ្ទិសដល់វិញ្ញាណអារក្សទឹកតូចធំ ដែលនឹងហូរចូលមកក្នុងស្រុកភូមិ តាមរយៈលំហូរទឹកស្ទឹង ទន្លេ នានាទូទាំងប្រទេស។

ប្រភពរូបភាព៖ លឹម វីរីយ៉ា

សែនក្បាលទឹក និយាយងាយស្ដាប់ គឺសែនដល់ព្រលឹងខ្មោចខាងក្រៅផ្ទះ ដែលស្ថិតក្នុងស្រុកភូមិ មានខ្សែទឹក ដូចជាទន្លេ ស្ទឹង បឹងបួ ជាដើម។ មិនមានទាក់ទងនឹងព្រលឹងជីដូនជីតា របស់អ្នកសែនទេ។  ជនជាតិចិន តាំងពីដើមរៀងមក គេនាំគ្នា ធ្វើសម្ល តែម្យ៉ាងគត់។ គ្មានជ្រូកខ្វៃ មាន់ ទា ទាំងមូលៗសោះឡើយ អាចមានត្រឹមសាច់ជ្រូកស្ងោរមួយកូនដុំតូច លាយបបែលក្រៀម ដែលជាអាហារសមុទ្រ។ គ្មានផ្លែឈើ គ្មានផ្កាភ្ញី គ្រឿងរណ្ដាប់អ្វីទាំងអស់។ ការសែន ត្រូវធ្វើនៅខាងក្រៅរបងផ្ទះ មិនដួសអាហារដាក់ចានទេ ចានស្លាបព្រា គរទុកមួយដុំក្បែរឆ្នាំងសម្ល ហើយដាក់ផ្ញាច់ទៅនឹងដី សូម្បីតែកន្ទេលក៏គេមិនក្រាលផង ព្រោះគេជឿថា ព្រលឹងខ្មោចទាំងនោះ ទទួលយកតែរបស់នៅក្រៅរបងផ្ទះ និង ស្ថិតលើដីតែប៉ុណ្ណោះ។ អ្នកដែលមានផ្ទះក្បែរស្ទឹងឬទន្លេ គឹនឹងទៅសែនដល់មាត់កំពង់តែម្ដង។

ប្រភពរូបភាព៖ លឹម វីរីយ៉ា

អ្នកដែលយល់ដឹងច្បាស់ពីប្រពៃណី ទំនៀមទម្លាប់នេះ គេធ្វើកូនទូកមួយ ពីឈើ ឬ ក្រដាសកាតុង ដាក់ថ្វាយជាមួយដែរ ដើម្បីព្រលឹងខ្មោចអាចយកទៅប្រើជាយានជំនិះ តាមផ្លូវទឹកត្រលប់ទៅវិញ។ អ្នកខ្លះ មានទាំងសែនបណ្ដែតតាមទឹកហូរទៀតផង ប៉ុន្តែដោយសារតែបញ្ហាបរិស្ថាន អាជ្ញាធរបានបិទទំនៀមមួយនេះ ដើម្បីការពារកុំឲ្យមានការបំពុលទឹក។ សែនក្បាលទឹក មិនមានដុតក្រដាសសន្ធឹកសន្ធាប់ ដូចសែនផ្នូរឡើយ។ គេប្រើក្រដាសបួនជ្រុងលាបទឹកមាស តែបួនប្រាំសន្លឹកគត់ គ្មានអ្វីផ្សេងទេ។

ប្រភពរូបភាព៖ Google

ជនជាតិខ្មែរ កាត់ចិន ជាច្រើនរាប់មិនអស់ បានភាន់ច្រលំ ដោយធ្វើពិធីសែនព្រេននៅក្នុងផ្ទះ ដាក់លើតុ ហើយច្របូកច្របល់លាយឡំនឹងជើងធូបព្រលឹងជីដូនជីតាខ្លួនឯងទៅវិញ។ តាមពិត ការសែនព្រលឹងដូនតា ក្នុង១ឆ្នាំ មានតែ១ដងគត់ គឺថ្ងៃសែនផ្នូរ ឬ ឆេងម៉េង។  អ្នកខ្លះទៀត វង្វេងមិនដឹងរបៀបសែន ថែមទាំងចែកគ្នាមិនដាច់ រវាង បុណ្យចូលឆ្នាំចិន ឆេងម៉េង និង ក្បាលទឹក។

សូមបញ្ជាក់ថា បុណ្យចូលឆ្នាំចិន ជាពិធីសែនទទួលទេព្ដាឆ្នាំថ្មី ។ គេមិនដាក់សំណែនជ្រូកខ្វៃ សាច់ ឬ សូម្បីតែគ្រឿងស្រវឹងឡើយ ព្រោះទេព្ដា ទទួលបានតែផ្កា ផ្លែឈើ និង វត្ថុតុបតែងលម្អតែប៉ុណ្ណោះ។ ហើយក៏គ្មានការដុតក្រដាសច្រើនដែរ ព្រោះទេព្ដា ជាសភាវៈទិព្វដែលមានអំណាចលើសអស់មាសប្រាក់ទៅទៀត។ ឆេងម៉េង ឬ ពិធីសែនផ្នូរ ទើបគេសែនជ្រូកខ្វៃនៅនឹងទីបញ្ចុះសពផ្ទាល់តែម្ដង។ រីឯសែនក្បាលទឹក គេដាក់ត្រឹមតែបាយសម្លរ នំនែក តិចតួច។ អាហារក៏គេមិនរៀបឲ្យស្អាតដែរ ព្រោះខ្មោចទឹកខ្លាចញញើតចំពោះការរៀបចំតុបតែង។

ប្រភពរូបភាព៖ Google

វាមិនខុសគ្នាពីជំនឿបោះបាយបិណ្ឌ របស់ខ្មែរប៉ុន្មានឡើយ។ អ្វីដែលយើងត្រូវចែកគ្នាឲ្យដាច់គឺ បុណ្យភ្ជុំបិណ្ឌខ្មែរ គេបោះបាយបិណ្ឌដល់ប្រេតនរក នៅពេលព្រឹកព្រហាមស្រាងៗ មេឃងងឹត និង ឧទ្ទិសអាហារដល់វិញ្ញាណសាច់ញាតិដែលស្លាប់ តាមរយៈព្រះសង្ឃនៅពេលព្រឹកក្រោយថ្ងៃរះ។ ខុសពីយើង ចិនសែនខ្មោចទឹក ក្នុងរដូវទឹកឡើង និង សែនខ្មោចដូនតា ក្នុងខែរីងស្ងួត គឺចុងខែ៤ និង ដើមខែ៥។ ហើយសែនទេព្ដា ក្នុងសិសិរដូវ ដែលអាចស្ថិតក្នុងខែ១ឬខែ២។

ប្រភពរូបភាព៖ Google

សង្ឃឹមថា ការបកស្រាយរបស់ខ្ញុំ ដែលឆ្លងកាត់ការសិក្សាពីមនុស្សជាច្រើនដែលជ្រៅជ្រះ ក្នុងជំនឿសាសនា អាចបំភ្លឺជនជាតិខ្មែរ កាត់ចិន នៅកម្ពុជា ដែលកំពុងភាន់ច្រលំបានច្រើន។ ខ្ញុំរង់ចាំទទួលមតិរិះគន់ កែលម្អ គ្រប់ប្រការ ពីគ្រប់អ្នកសិក្សាស្រាវជ្រាវទាក់ទងនឹងជំនឿនេះ។

អត្ថបទរក្សាសិទ្ធិដោយ៖ លឹម វីរីយ៉ា

ចុះផ្សាយថ្ងៃព្រហស្បតិ៍ ទី ១៥ ខែសីហា គ.ស. ២០១៩ ត្រូវនឹងថ្ងៃ ១៥ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣។

ប្រភព៖ លឹម វីរីយ៉ា

Related Articles