We TV Cambodia

សេវាកម្ម ឡូរី ហាក់មានភាពទាក់ទាញភ្ញៀវទេសចរ ពេលមកកម្សាន្ដខេត្ដបាត់ដំបង

សេវាកម្ម ឡូរី ហាក់មានភាពទាក់ទាញភ្ញៀវទេសចរ ពេលមកកម្សាន្ដខេត្ដបាត់ដំបង

ភ្ញៀវទេសចរភាគច្រើន មិនថាភ្ញៀវជាតិ អន្ដរជាតិទេ ដែលបានធ្វើដំណើរកម្សាន្ដទៅកាន់ខេត្ដ បាត់ដំបង រមែងតែងតែនឹកឃើញ តំបន់កន្សាន្ដ អំពីការជិះ ឡូរី មើលទេសភាព និងសាកល្បងបទពិសោធន៍ថ្មី ដែលមិនទាន់មាននោះទេកន្លងមក។ ហេតុដូច្នេះហើយទើប អាជីវកម្មមួយនេះ​ មានការគាំទ្រ អាចរកប្រាក់ចំណូលកាក់កបគ្រាន់បើ។

បើពិនិត្យឲ្យមែនទែនទៅ ឡូរី គឺសំដៅលើយានតូចៗដែលគេប្រើប្រាស់សម្រាប់​បម្រើការងារ ត្រួតពិនិត្យ និង ជួសជុលផ្លូវដែក ប៉ុន្តែសម្រាប់អ្នកខេត្តបាត់ដំបង និងខេត្តដែល​ធ្លាប់​ប្រើប្រាស់វាកន្លងមក វា គឺជា​យាន​កែច្នៃនៅក្នុងស្រុកដែលផ្គុំឡើងពីគ្រែឫស្សី កែច្នៃដាក់កង់ដែក និងដំណើរការដោយម៉ាស៊ីនភ្លើងហើយ បរនៅលើផ្លូវរថភ្លើង។

លោក រិន ផា បុគ្គលិករដ្ឋាករទឹកស្វយ័តភ្នំពេញ បានឱ្យដឹងថា “ចង់ទៅលេង និងជិះឡូរី នៅបាត់ដំបងយូរហើយ ព្រោះធ្លាប់លឺតែគេថា និងឃើញនៅក្នុងរូបហ្វេស ប៊ុក។ ជិះឡូរីហ្នឹងប្លែកម្យ៉ាង ព្រោះអត់មាននៅកន្លែងផ្សេង មានតែនៅ​បាត់ដំបង ដូច្នេះក៏ចង់ទៅលេងឱ្យស្គាល់នឹងគេ”។ ចំណែក លោកស្រី សឿម រដ្ឋា ម្ចាស់ផ្ទះសំណាក់ ហូលីដេ ស្ថិតនៅក្នុងបាត់ដំបង បានឱ្យដឹងថា ភ្ញៀវទេសចរ​បរទេសភាគច្រើន សួរនាំច្រើន ពីឡូរី ។ លោកស្រីបានបន្តថា ភាគច្រើនទេសចរបរទេស​សួរព័ត៌មាន​ច្រើនអំពីឡូរី នៅពេលដែលពួកគេចង់ដឹងពីទិសដៅទេសចរណ៍សំខាន់ៗនៅក្នុងខេត្តបាត់ដំបង ។

គូស​បញ្ជាក់ផងដែរថា ឡូរី គឺជាយានដែលផ្គុំឡើងដោយគ្រែឫស្សី និងអាចធ្វើដំណើរបានដោយសារម៉ាស៊ីន​ដែលគេកែច្នៃ និងអាចរត់បាននៅក្នុងល្បឿន ប្រមាណជា ៣០ គីឡូម៉ែត្រនៅក្នុងមួយម៉ោង ។ នេះជាយានដែលគ្មានកៅអីនោះទេ គឺអ្នកដំណើរអាចធ្វើដំណើរដោយអង្គុយផ្ទាល់នឹង​គ្រែឫស្សី​នោះ។ នៅក្នុងអំឡុងពេលសង្រ្គាមស៊ីវិល ជាពិសេសនៅដើមទស្សវត្សរ៍ នៃឆ្នាំ១៩៩០ ឡូរី ត្រូវបានគេប្រើប្រាស់ដោយសហគមន៍ដែលមានទីលំនៅតាមបណ្តោយផ្លូវដែកពីរខ្សែ ដែលមាន​នៅក្នុងប្រទេស គឺនៅភូមិភាគពាយ័ព្យ និងនៅភូមិភាគនិរតី ។

ដោយ៖​Stince

ប្រភព៖ AKP

Related Articles