ដោយ៖ ឧត្តម
ប្រទេសថៃ៖ ធនាគារថៃបានបញ្ជាក់ក្នុងរបាយការណ៍ស្តីពី ការសម្រេចចិត្តគោលនយោបាយថា “នៅក្នុងការពិភាក្សាអំពីការសម្រេចចិត្ត លើគោលនយោបាយរបស់ពួកគេ គណៈកម្មាធិការបានវាយតម្លៃថា សេដ្ឋកិច្ចថៃនឹងមានកំណើន ក្នុងអត្រាទាបជាងការព្យាករណ៍ពីមុន និងទាបជាងសក្តានុពលរបស់ខ្លួន ដោយសារការធ្លាក់ចុះនៃការនាំចេញ ដែលប៉ះពាល់ដល់ការងារ និងតម្រូវការក្នុងស្រុក”។
រូបិយប័ណ្ណរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ នៅអាស៊ានបានស្ថិតក្នុងចំណោមប្រទេស ដែលមានរូបិយប័ណ្ណកើនឡើងថ្លៃបំផុតបំផុត នៅលើពិភពលោកក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ប្រាក់បាតឡើងថ្លៃជាង៥ភាគរយ ធៀបនឹងប្រាក់ដុល្លារអាមេរិកនៅឆមាសទីមួយនៃឆ្នាំនេះ។ ជាក់ស្តែងប្រាក់បាតឡើងថ្លៃជាងរូបិយប័ណ្ណផ្សេងៗទៀតនៅអាស៊ី។
សេដ្ឋកិច្ចថៃបានឈានទៅរកការធ្លាក់ចុះជាបន្តបន្ទាប់ ចាប់តាំងពីដើមឆ្នាំនេះ ដោយសារប្រាក់បាតឡើងថ្លៃ និងភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន។
ធនាគារកណ្តាលបានទម្លាក់អត្រាការប្រាក់ជាលើកទី២ នៅឆ្នាំនេះមកនៅត្រឹម ១,២៥ភាគរយកាលពីខែមុន ដែលជាអត្រាមួយដែលមិនបានមើលឃើញ ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ២០០៩។
នៅក្នុងវិស័យអចលនទ្រព្យ វិនិយោគិនថៃ និងបរទេសកំពុងព្រងើយកន្តើយចំពោះគម្រោងខុនដូដែលទើបនឹងបើកដំណើរការ ខណៈដែលជាង៨០ភាគរយ នៃយូនីតខុនដូលក់នៅឆមាសទីមួយនៃឆ្នាំនេះបាននៅសល់ក្នុងទីផ្សារ។
របាយការណ៍របស់ Knight Frank បានឱ្យដឹងថា “ការឡើងថ្លៃប្រាក់បាតធៀបនឹងប្រាក់ដុល្លារអាមេរិក និងប្រាក់យ័ន ក៏បានប៉ះពាល់ដល់តម្រូវការអចលនទ្រព្យ របស់វិនិយោគិនបរទេសផងដែរ ដែលជាហេតុធ្វើឱ្យការកក់ធ្លាក់ចុះ ក្នុងត្រីមាសទី២ឆ្នាំនេះ។ ទីផ្សារអចលនទ្រព្យ កំពុងឆ្លងកាត់រយៈពេលដ៏លំបាកមួយ ដែលតម្រូវការទាំងក្នុងស្រុក និងក្រៅស្រុកបានធ្លាក់ចុះ ដោយសារការដាក់កម្រិតកម្ចីអចលនទ្រព្យ ចូលជាធរមាននិងការឡើងថ្លៃប្រាក់បាត”៕
ប្រភព៖ គេហទំព័រ អចលនទ្រព្យអាស៊ី