We TV Cambodia

សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងមានសន្ទុះឡើងវិញ៤% នៅឆ្នាំ២០២១

សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងមានសន្ទុះឡើងវិញ៤% នៅឆ្នាំ២០២១

យោងតាមការព្យាករណ៍របស់ស្ថាបនធំជាច្រើនក្នុងពិភពនាពេលកន្លងមក បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០នេះ នឹងមានកំណើនចន្លោះពី -៥% ទៅ -២% ដោយសារតែកម្ពុជាបានផលប៉ះពាល់ពីកូវីដ១៩ ខ្លាំងគួរសមដែរ ទោះបីកម្ពុជាមិនមានការឆ្លងធ្ងន់ធ្ងរ ប៉ុន្តែប្រទេសដែលជាទីផ្សារនាំចេញរបស់កម្ពុជាមានការឆ្លងច្រើន។

ជាមួយគ្នានេះ យោងតាមការប្រកាសរបស់ធនាគារពិភពលោកបានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមកម្រើក និងមានសន្ទុះឡើងវិញក្នុងទំហំប្រមាណ៤% នៅឆ្នាំ២០២១ ដោយសារតែរដ្ឋាភិបាលកម្ពុជាបានចូលអន្តរាគមន៍ និងជួយដោះស្រាយបញ្ហាមួយចំនួនរបស់អាជីវកម្មក្នុងស្រុក និងការទប់ស្កាត់ការឆ្លងឲ្យនៅទាបបំផុតជាដើម។

លោកស្រី Inguna Dobraja នាយិកាគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ធនាគារពិភពលោក បានប្រាប់ថា «ចក្ខុវិស័យកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅប្រឈមនឹងភាពមិនប្រាកដប្រជាច្រើនណាស់។ គោលដៅដ៏សំខាន់បំផុត នៃគោលនយោបាយនាពេលនេះគឺ ជាបន្ទាន់ត្រូវធ្វើយ៉ាងណាស្តារឡើងវិញនូវការងារដែលបាត់បង់ ឬដែលត្រូវព្យួរដោយសារតែការរាលដាលជំងឺកូវីដ១៩ នេះ»។

សូមជម្រាបថា ប្រទេសជាច្រើនក្នុងតំបន់សុទ្ធតែរំពឹងថាសេដ្ឋកិច្ចរបស់ខ្លួននឹងងើបឡើងវិញនៅឆ្នាំក្រោយ ខណៈឆ្នាំនេះសេដ្ឋកិច្ចប្រទេសភាគច្រើនបានដាំក្បាលចុះ ពិសេសប្រទេសក្នុងតំបន់អាស៊ានជាច្រើន លើកលែងតែវៀតណាមប៉ុណ្ណោះ ដែលហាក់មានសន្ទុះវិជ្ជមានក្នុងស្ថានភាពដ៏លំបាកនេះ។

អត្ថបទដោយ៖ Nevin

Related Articles