We TV Cambodia

សូមប្រុងប្រយ័ត្ន!ជនអនាមិកលួចយកទឹកប្រាក់មិនតិចជាង ១៥០លានដុល្លារ ពីក្រុមហ៊ុនប្តូរប្រាក់ឌីជីថល KuCoin

សូមប្រុងប្រយ័ត្ន!ជនអនាមិកលួចយកទឹកប្រាក់មិនតិចជាង ១៥០លានដុល្លារ ពីក្រុមហ៊ុនប្តូរប្រាក់ឌីជីថល KuCoin
សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ
បើតាមរយៈនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅ មានក្រុមជនអនាមិកបានលួចចូលប្រព័ន្ធប្តូរប្រាក់របស់ក្រុមហ៊ុន KuCoin ដែលជាក្រុមហ៊ុនប្តូរប្រាក់ឌីជីថល (Cryptocurrency Exchange) មានទីតាំងនៅក្នុងប្រទេសសិង្ហបុរី។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន KuCoin  បានប្រាប់ឱ្យដឹងថា នេះជាការវាយប្រហារដ៏ធំមួយ ដោយពួកគេបានលួចយករាល់កញ្ចប់ថវិកាទាំងអស់របស់ខ្លួន ដែលកំពុងតែមានចរាចរណ៍នៅលើប្រព័ន្ធ Hot Wallets។ Hot Wallets គឺជាពាក្យដែលគេប្រើជាមួយប្រព័ន្ធគ្រប់គ្រង cryptocurrency ដែលត្រូវបានភ្ជាប់ទៅប្រព័ន្ធអុីនធឺណិត។ ចំណែកឯ Cold Wallets គឺជាប្រព័ន្ធគ្រប់គ្រងដោយមិនមានភ្ជាប់ទៅនឹងអុីនធឺណិត។
លោក Johnny Lyu ក៏បានបន្ថែមទៀតថា ក្រុមហ៊ុនលោកបានធ្វើការផ្សព្វផ្សាយអំពីបញ្ហានេះ ក្រោយពីក្រុមហ៊ុនបានធ្វើសវនកម្មសន្តិសុខ ហើយរកឃើញទឹកប្រាក់ជាច្រើនត្រូវបានផ្ទេរចេញពីប្រព័ន្ធគ្រប់គ្រង Hot wallets ដែលបច្ចុប្បន្នការខាតបង់នេះត្រូវបានប៉ាន់ប្រមាណថាមានចំនួនយ៉ាងតិចបំផុតក៏ ១៥០លានដុល្លារដែរ។
ទោះយ៉ាងណាក្រុមហ៊ុន KuCoin ក៏បានសន្យាថានឹងសងសំណងដល់អ្នកប្រើប្រាស់ដែលបានបាត់បង់ប្រាក់របស់ពួកគេក្នុងការវាយប្រហារនេះផងដែរ ដោយក្រុមហ៊ុននឹងប្រើប្រាស់ទឹកប្រាក់ពី Cold Wallets របស់ខ្លួនផ្ទាល់តែម្តង។ ជាមួយគ្នានេះដែរ ចរាចរណ៍នៃការដាក់ និងដកប្រាក់ ត្រូវបានផ្អាកជាបណ្តោះអាសន្នសិន ខណៈពេលដែលក្រុមសន្តិសុខរបស់ក្រុមហ៊ុនធ្វើការស៊ើបអង្កេតចំពោះឧប្បត្តិហេតុនេះឱ្យបានច្បាស់លាស់ជាមុនសិន៕
ប្រភព៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Related Articles