CDC៖ ការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជាគិតត្រឹមឆ្នាំ២០១៩ មានទឹកប្រាក់សរុបប្រមាណ ១,៣៥៥លានដុល្លារអាមេរិក ។នេះបើតាមការចុះផ្សាយនិងចុះកុងត្រាជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ សហព័ន្ធធុរកិច្ចសិង្ហបុរី លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងសិក្ខាសាលាស្តីពី «កិច្ចសន្ទនាធុរកិច្ចកម្ពុជា-សិង្ហបុរី» ដោយមានការចូលរួមពី អ្នកវិនិយោគសិង្ហបុរីចំនួនប្រមាណ១០០រូប។
ក្នុងសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ចែករំលែកព័ត៌មានជូនដល់ អ្នកវិនិយោគសិង្ហបុរី អំពីការវិវត្តសំខាន់ៗ នៅកម្ពុជាពាក់ព័ន្ធនឹងកាលានុវត្តភាពធុរកិច្ច និងវិនិយោគ ក៏ដូចជាការដាក់ចេញនូវ វិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី សំដៅធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
លោក សុខ ចិន្តាសោភា បាននិយាយថា ដើម្បីជំរុញការវិនិយោគទ្វេភាគី រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ដែលជាកិច្ចព្រមព្រៀងទីមួយ របស់កម្ពុជាជាមួយដៃគូជាមិត្ត។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖« អ្នកវិនិយោគសិង្ហបុរីគឺជាផ្នែកមួយសម្រាប់ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ហើយក៏អរគុណ ដែលបានផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តាក់ទុននាពេលកន្លងមក និងបានលើកទឹកចិត្ត ឱ្យអ្នកវិនិយោគសិង្ហបុរីបង្កើន ការវិនិយោគនៅកម្ពុជាបន្ថែមទៀត។»
លោក សុខ ចិន្តាសោភា បានរំលឹកពីការចូលជាធរមាន នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលជាកត្តាជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគនៅក្នុងតំបន់។ ក្នុងន័យនេះ លោកបានជំរុញឱ្យអ្នកវិនិយោគសិង្ហបុរី ពិចារណាធ្វើការវិនិយោគនៅកម្ពុជា ក្នុងសកម្មភាពដែលចូលរួមក្នុងខ្សែច្រវាក់តម្លៃតំបន់។
ទន្ទឹមនឹងនេះ លោកបានជំរុញឱ្យមានការវិនិយោគ ក្នុងសកម្មភាពកែច្នៃកសិផល និងសកម្មភាពគាំទ្រក្នុងវិស័យទេសចរណ៍ ដើម្បីប្រើប្រាស់ឱ្យអស់ នូវសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ក្នុងវិស័យទាំងនេះ។
ក្នុងនោះ លោក ធៀន តៃ ជីវ (Thian Tai Chew) នាយកប្រតិបត្តិសហព័ន្ធធុរកិច្ចសិង្ហបុរី បានវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចដ៏ត្រចះត្រចង់ ដែលកម្ពុជា សម្រេចបាននាពេលកន្លងមក ដែលស្តែងចេញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានបន្ថែមថា កម្ពុជាជាគោលដៅវិនិយោគដ៏សំខាន់ របស់អ្នកវិនិយោគសិង្ហបុរី ដោយរបាយការអង្កេតថ្មីបំផុត របស់សហព័ន្ធធុរកិច្ចសិង្ហបុរី បានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី៧ ក្នុងចំណោមប្រទេស ដែលអ្នកវិនិយោគសិង្ហបុរី មានចំណាប់អារម្មណ៍ធ្វើការបណ្តាក់ទុន។
ទន្ទឹមនឹងវិធានការកែទម្រង់នានា ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញ លោក ធៀន តៃ ជីវ បានបង្ហាញពីសុទិដ្ឋិនិយម អំពីការសម្រេចចិត្តរបស់ធុរជន និងអ្នកវិនិយោគសិង្ហបុរី ក្នុងការបណ្តាក់ទុននៅកម្ពុជា ដែលមានកាលានុវត្តភាពនៅក្នុងវិស័យជាច្រើន៕
ដោយ៖ ឧត្ដម