ដោយ៖ស្រីពេជ្រ
ដៃកាន់ចានស្រាក់ ស្ថិតក្នុងសំលៀកបំពាក់សិស្សសាលា ដោយសិស្សស្រីស្លៀកសំពត់វែងបែបប្រពៃណី(សារ៉ុង) ចំណែក សិស្សប្រុសវិញស្លៀកខោគគី ឈរតម្រង់ជាជួរយ៉ាងស្រស់ស្អាត បានក្លាយជាការចាប់អារម្មណ៍ពីមហាជនជាច្រើន។
នៅសាលា បាងឆាង កានច័ន្ទគុនវិទីថាយ៉ា នៃខេត្ត រ៉ាក់យ៉ង ប្រទេសថៃ បានអនុវត្តយុទ្ធនាការ ប្រើប្រាស់ចានស្រាក់ ដើម្បីដាក់បាយមកសាលារៀន ក៏ដូចជាការស្លៀកសំលៀកពាក់ដូចគ្នា ក្នុងគោលបំណងលើកស្ទួយវប្បធម៍ជនជាតិថៃ ជាពិសេសគឺការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅក្នុងបរិវេនសាលា។
គោលនយោបាយរបស់នាយកសាលា គឺចង់កាត់បន្ថយបរិមាណសំរាមប្លាស្ទិកនៅតាមសាលារៀន ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយកាកសំណល់ប្លាស្ទិកចាប់តាំងពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ គំនិតនេះគឺដើម្បីលើកទឹកចិត្តសិស្សប្រើប្រាស់ចានស្រាក់ជំនួសឱ្យការប្រើថង់ប្លាស្ទិច។
លោកស្រី Krittika Benjamala ជានាយកសាលា មានប្រសាសន៍ថា៖«សាលាមានគោលការណ៍គាំទ្រការស្លៀកសម្លៀកបំពាក់ថៃ ជាពិសេសគឺការលើកទឹកចិត្តឱ្យសិស្សកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចតែម្ដង»។
ដូចគ្នាដែរ កញ្ញា Prakaipetch Munthin ជាសិស្សម្នាក់ក្នុងចំណោមសិស្សផ្សេងទៀតមានប្រសាសន៍ថា៖«គាត់សប្បាយចិត្តដែលបានចូលរួមអភិរក្សប្រពៃណីរបស់ថៃ ក៏ដូចជាយុទ្ធនាការកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅតាមសាលារៀន»។
សូមបញ្ជាក់ផងដែរថា សាលារៀនមួយនេះ បានធ្វើឲ្យមហាជនជាច្រើនកោតសរសើរមិនដាច់ពីមាត់នៅក្នុងបណ្ដាញសង្គម នៅពេលដែលមានការបង្ហោះរូបភាពដែលសិស្សសាលាទាំងអស់កំពុងតែឈរតម្រង់ជួរ ដោយមានកាន់ចានស្រាក់ ដើម្បីធ្វើពិធីប្រគេនចង្ហាន់ព្រះសង្ឃ នៅក្នុងបរិវេណសាលា៕
ប្រភព៖ MGROnline