We TV Cambodia

សិស្សនិស្សិត រៀនតាមប្រព័ន្ធអនឡាញមានភាពងាយស្រួល តែក៏មានភាពស្រពេចស្រពិល

សិស្សនិស្សិត រៀនតាមប្រព័ន្ធអនឡាញមានភាពងាយស្រួល តែក៏មានភាពស្រពេចស្រពិល

ដោយ៖ពេជ្រ

 

ភ្នំពេញ៖ ស្របពេលដែលកម្ពុជាកំពុងមានការរីករាលដាលនៃជំងឺកូវីដ១៩ តម្រូវឲ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិតបានបិទទ្វាបណ្ដោះអាសន្ន  ហើយងាកមករៀនតាមប្រព័ន្ទអនឡាញជំនួសឱ្យការរៀនផ្ទាល់ក្នុងថ្នាក់ដូចសព្វមួយដ។ ក្នុងនោះដែរ មាននិស្សិតមួយចំនួនបាននិយាយពីបទពិសោធន៍ល្អ និងផលលំបាកមួយចំនួនទាក់ទងនឹងការរៀនតាមប្រព័ន្ធអនឡាញនេះ។

 

ស្ថិតនៅក្នុងទិដ្ឋភាពដែលមិនធ្លាប់កើតមានឡើងនេះមានមតិផ្សេងៗជាច្រើនចំពោះការផ្លាស់ប្តូរការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចដោយមតិមួយចំនួនយល់ឃើញថាវាជាការប្រសើរហើយមានមតិខ្លះទៀតក៏មានផលប៉ះពាល់ដោយសារការផ្លាស់ប្តូរកម្មវិធីនេះដែរ។

យុវតី ប៉ូច ស៊ូភីញ ជានិស្សិតឆ្នាំទីមួយនៃសាកលវិទ្យាល័យធនធានមនុស្សបានពោលថា៖ «នៅពេលក្រសួងប្រកាសឱ្យរៀនចឹងការរៀនតាមអនឡាញគឺប្រសើរជាងអត់បានរៀនអីទំាងអស់ ព្រោះយើងអាចមើលមេរៀនអីបន្តិចបន្តួចតាមរយៈវីដេអូ»។យុវតីរូបនេះ បន្ថែមទៀតថាការរៀនបែបនេះគឺវាមានសុវត្ថិភាពជាងរៀនផ្ទាល់នៅក្នុងថ្នាក់រៀនដោយសារតែមានគ្នាច្រើននិងចំណេញថវិការមួយចំនួនតូចក្នុងអំឡុងពេលរៀនតាមប្រព័ន្ធអនឡាញ។

 

រីឯនិស្សិតរៀននៅសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ កញ្ញា រ៉េត ឆេងអី  បានឱ្យដឹងថា ខ្លួនហាក់ដូចមិនទាន់សាំនឹងការរៀនតាមប្រព័ន្ធអនឡាញនេះសោះ ពោលគឺវាជាបទពិសោធន៍ថ្មីស្រឡាងសម្រាប់ខ្លួន។ ឆេងអី បន្តថា ស្របពេលដែលកម្ពុជាកំពុងរីករាលដាលដោយសារជំងឺកូវីដ១៩  ដោយតម្រូវឲ្យសិស្សរៀនតាមអនឡាញ គឺជាការល្អហើយ ពីព្រោះសាលាបានខំអស់ពីសមត្ថភាពក្នុងការរៀបចំបច្ចេកទេស បែងចែកសិស្សតាមថ្នាក់ តាមកម្រិត និងតាមមុខវិជ្ជា ដើម្បីកុំឲ្យមានការយឺតយ៉ាវចំពោះការសិក្សារបស់សិស្ស។

ទន្ទឹមនឹងនោះ និស្សិតរូបនេះយល់ឃើញថា ការរៀនតាមប្រព័ន្ធអនឡាញជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្លួនគេផ្ទាល់ក៏ដូចសិស្សឯទៀត ប៉ុន្តែវាមិនសូវទទួលបានការពន្យល់ក្បោះក្បាយដូចរៀនក្នុងថ្នាក់ទេ ណាមួយដោយសារតែខ្លួននៅខេត្តហើយសេវាអ៊ីនធឺណែតក៏រអាក់រអួល ដូចនេះហើយវាមានភាពមិនច្បាស់លាស់ និងមានការរំខានច្រើនពេលកំពុងរៀន ពោលគឺមិនអាចផ្ដោតអារម្មណ៍បានល្អឡើយ​ ម្យ៉ាងរៀនតាមអនឡាញគ្រូដាក់កិច្ចការមកច្រើនជាងការដែលរៀនក្នុងថ្នាក់ទៅទៀត ដោយតម្រូវឲ្យអាន និងស្រាវជ្រាវឯកសារច្រើន។ ​

ចំណែកឯ កញ្ញា សន សំណាង ជានិស្សិតនៃសាកលវិទ្យាល័យមួយ បានឱ្យដឹងថា សាលាខ្លួនក៏បង្រៀនតាមប្រព័ន្ធអនឡាញដែរ ហើយវាជាបទពិសោធន៍ថ្មីមួយសម្រាប់រូបគេ  និងជាមធ្យោបាយល្អដែលសាលាបានរៀបចំការបង្រៀនតាមរបៀបនេះ ប៉ុន្តែដោយសារតែខាងបច្ចេកទេសក្នុងការប្រើប្រាស់ រូបគេមិនសូវជាយល់ច្បាស់ ដែលជាហេតុមានផលលំបាកដល់គេ។

សំណាងបន្តថា  ការរៀនតាមប្រព័ន្ធអនឡាញនេះ គឺរូបគេមិនអាចផ្ចង់អារម្មណ៍បានល្អ និងមិនងាយ ចាប់យកចំណុចឬខ្លឹមសារមេរៀនបានដិតដល់នោះទេ ដោយសារតែការរៀននេះគឺមានគ្នាច្រើនហើយមិនមានការសហការគ្នាល្អ ម្យ៉ាងដោយសារតែបញ្ហាអ៊ីនធឺណែតទើបមានការរអាក់រអួលពេលរៀនម្ដងៗ។

សំណាងក៏បានចែករំលែកដែរថា ទោះបីជាការរៀនអនឡាញពិបាកបន្តិចមែន តែវាជាមធ្យោបាយល្អសម្រាប់និស្សិតក្នុងការបន្តការរៀនសូត្រ ទោះបីមិនបានរៀននៅក្នុងថ្នាក់ក៏ដោយ។ ហើយគ្រប់គ្នាត្រូវតែមានការស្វ័យសិក្សាដោយខ្លួនឯងឲ្យបានច្រើន និងតាមដានរាល់បណ្ដាញសង្គម តេឡេក្រាម Zoom Skype និង Google class room ជាដើម ដើម្បីដឹងព័ត៌ពីលោកគ្រូអ្នកគ្រូ ក្នុងការដាក់កិច្ចការ ឬឯកសារនានាសម្រាប់ស្រាវជ្រាវរៀនបន្ថែម។

មិនខុសគ្នាប៉ុន្មានដែរ និស្សិត សឹម សុគន្ធធីបានលើកឡើងថា ពេលរៀនអនឡាញលើកដំបូងមានការលំបាកជាច្រើនដែរ  កត្តាទីមួយរាងរអាក់រអួលដោយហេតុថា មិនទាន់ចេះស្ទាត់ ហើយពិបាកនិយាយគ្នា ពេលខ្លះមិនអាចសួរគ្រូទាន់ចិត្តដូចការរៀននៅក្នុងថ្នាក់ ចំណែកឯសេរាអ៊ីនធឺណែតវិញគឺជាបញ្ហាមួយដែលរំខាន ពោលគឺដើរយឺតមិនអាចដំណើរការរៀនតាមអនឡាញបានច្បាស់ល្អឡើយ។

ជាមួយគ្នានេះដែរ សុគន្ធធី ក៏បានគាំទ្រផងដែរ ចំពោះចំណាត់ការ នៃការរៀនតាមប្រព័ន្ធអនឡាញ ទោះបីវាពិបាកបន្ដិចក្ដី តែវាជួយអ្នកសិក្សាគ្រប់រូបចំណេញពេលវេលា និងរៀនដោយខ្លួនឯងបានច្រើន ខណៈដែលសាលារៀនបានបិទទូទាំងប្រទេសកំឡុងពេលកូវីដ១៩នេះ។

 

សូមបញ្ជាក់ដែរថា អស់រយៈពេលជាងពីរខែរួចមកហើយចាប់តំាងពីក្រសួងអប់រំនៅកម្ពុជាបានអនុញ្ញាតឲ្យគ្រប់គ្រឹះស្ថានគ្រប់​កម្រិតផ្អាកដំណើរការមួយរយៈដោយសារតែមានការរាតត្បាតនៃជំងឺកូវីដ ១៩។ ការសិក្សានៅតាមគ្រឹះស្ថាននានាត្រូវបានតម្រូវឲ្យធ្វើតាមប្រព័ន្ធអេឡិចត្រូនិចឬ E-learning វិញជំនួសការសិក្សាផ្ទាល់និងការជួបជុំមនុស្សច្រើនគ្នា។​ការអនុវត្តបែបនេះក៏ដោយសារតែរាជរដ្ឋាភិបាលមានវិធានការកាត់បន្ថយនៃការឆ្លងរាតត្បាតជំងឺកូរ៉ូណា៕

 

 

 

 

 

Related Articles