We TV Cambodia

សិស្សនិស្សិតត្រឡប់ទៅស្រុកកំណើតច្រើន ខណៈមានការព្រួយបារម្ភពីកូវីដ១៩

សិស្សនិស្សិតត្រឡប់ទៅស្រុកកំណើតច្រើន ខណៈមានការព្រួយបារម្ភពីកូវីដ១៩

ដោយ៖ពេជ្រ

ភ្នំពេញ៖ ស្របពេលដែលក្រសួងអប់រំបានចេញសេចក្ដីប្រកាសឲ្យមានការឈប់សម្រាក់វ៉ាកងតូចមុនពេលកំណត់ ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ ឃើញថាមានសិស្សនិស្សិតមួយចំនួនបានសម្ដែងការព្រួយបារម្ភ និងនាំគ្នាត្រឡប់ទៅស្រុកកំណើតវិញដើម្បីជួបជុំគ្រួសារ ខណៈចំនួនអ្នកផ្ទុកកូវីដ១៩នៅតែបន្តកើនឡើង។

ស្ថិតក្នុងទឹកមុខភ័យផងអរផងដែលកំពុងរៀបចំឥវ៉ាន់ត្រឡប់ទៅស្រុកវិញ ជានិស្សិតឆ្នាំទី៤  រស់នៅខេត្តបាត់ដំបង កញ្ញា សុខា វី បាននិយាយថា៖«ស្ថានភាពបច្ចុប្បន្នចំពោះជំងឺកូវីដ១៩ ខ្ញុំយល់ឃើញថា វាមានការកើនឡើងរហូត ចឹងខ្ញុំមានអារម្មណ៍ភ័យតិចតួចដែរ​ មិនមែនភ័យខ្លាំងដល់ថ្នាក់រត់ចោលភ្នំពេញទេ តែទៅស្រុកនេះដោយសារតែអង្គការដែលខ្ញុំរស់នៅនេះតម្រូវឲ្យសិស្សទៅស្រុក សាលារៀនក៏ផ្អាក ណាមួយចង់មានការជួបជុំបងប្អូននៅផ្ទះផង ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តទៅស្រុកកំណើតវិញ ប្រសើរជាងនៅភ្នំពេញតែម្នាក់ឯងដែរ»។

និស្សិតរូបនេះ បន្តថា ខណៈពេលដែរមានការឆ្លងបែបនេះ គឺរូបគេចេះពីវិធីការពារ ព្រោះក្រសួងក៏ផ្សាយពីវិធីការពារពេញបណ្ដាយសង្គម ចឹងយើងអាចការពារបាន យើងមិនបាច់ទៅភ័យព្រួយរឿងឆ្លងទេ ឲ្យតែរក្សាអនាម័យខ្លួនឯង ប្រើប្រាស់អាកុល ឬទឹកលាងដៃរាល់ឲ្យបានញឹកញាប់ទៅគឺមិនអីទេ។

ចំណែក និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក អឹង ម៉េងគង់ បាននិយាយថា៖« ខ្ញុំសម្រេចចិត្តទៅស្រុក ដោយសារតែបារម្ភថា ក្រុងភ្នំពេញអាចនឹងបិទ អាចខ្វះចំណីអាហារបរិភោគ ឧទាហរណ៍ថាយើងមានអារម្មណ៍ភ័យខ្លាចថាផ្សារ កន្លែងលក់ទំនិញគេអាចនឹងបិទ ម្យ៉ាងដោយសារតែខ្ញុំជាអ្នកចំងាយជួលបន្ទប់នៅភ្នំពេញ បើសិនជាយើងអត់ទៅផ្ទះ យើងនឹងជួបបញ្ហាធំគឺការដាច់ស្បៀងចឹងហ្មង៎ ព្រោះយើងមិនមែនអ្នកនៅភ្នំពេញ ហើយស្បៀងដែលមាននឹងគឺវាតិចតួចសម្រាប់តែញាំមួយពេលៗតែប៉ុណ្ណោះ ចំណែកមូលហេតុទីពីរនោះគឺដោយសារតែសាលាបិទអស់ហើយមិនមានអ្វីត្រូវធ្វើទៀតទេ»។

និស្សិតឆ្នាំទី៣ រូបនេះបន្តថា ចំពោះការទប់ស្កាត់និងការការពារជំងឺ រូបគេបានដឹងអស់ហើយ ដោយសារតែក្រសួងសុខាភិបាលក៏ដូចជាអង្គការផ្សេងៗទាក់ទងនឹងបញ្ហាសុខភាព បានផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្សេងៗទាក់ទងនឹងវិធីការពារដូចជាការនិយាយឆ្ងាយពីគ្នាចំងាយ ១ ម៉ែត្រកន្លះឬហាមមិនឲ្យមានការជួបជុំជាមួយមិត្តភ័ក្រផ្សេងៗ ត្រូវពាក់ម៉ាស់ លាងដៃ ហើយឈប់ញ៉ាំអាហារខាងក្រៅផ្ទះ ព្រោះកន្លែងសាធារណៈទាំងអស់នោះងាយនឹងចម្លងមេរោគជាដើម។

ជាមួយគ្នានេះដែរ និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កញ្ញា រស់ ចាន់ត្រា លើកឡើងថា មូលហេតុដែលសម្រេចចិត្តទៅស្រុកកំណើតព្រោះគិតថានៅភ្នំពេញជាទីប្រជុំជនសម្រាប់មនុស្សរស់នៅគ្រប់ជាតិសាសន៍ជាច្រើន ដែលវាអាចនាំឱ្យងាយឆ្លងជំងឺ ណាមួយស្ថានភាពជំងឺនៅពេលនេះគ្មានភាពច្បាស់លាស់។

ចាន់ត្រា លើកលើងថា ដើម្បីទប់ស្កាត់និងការពារជំងឺនេះ យើងត្រូវមានអនាម័យខ្លួនប្រាណនិងមជ្ឈដ្ឋានជុំវិញ ត្រូវញ៉ាំអាហារដែលជំនួយដល់រាងកាយ ធ្វើលំហាត់ប្រាណ ពាក់ម៉ាសឬប្រើប្រាស់វិធីណាមួយដែលការពារផ្ទៃមុខនិងមាត់មិនឲ្យឆ្លងនិងចម្លងពីអ្នកដទៃឬអ្នកដទៃមកក្នុងយើងបាន។ចំពោះសុខភាពផ្លូវចិត្ត ត្រូវមានទំនុកចិត្តលើខ្លួនឯង កុំគិតច្រើនរហូតមានសម្ពាធ ត្រូវគិតថាមានបញ្ហាមានដំណោះស្រាយក្រោយពីយើងបានត្រៀមខ្លួនរួចរាល់សម្រាប់ប្រឆាំងនឹងជំងឺនេះ។

ចំណែក និស្សិតឆ្នាំទី៤ នៃសាលាមួយក្នុងទីក្រុងភ្នំពេញ លោក គង់ លីហេង បានឲ្យដឹងថា ការសម្រេចចិត្តទៅស្រុកកំណើតវិញ ដោយសារស្ថានភាពជុំវិញខ្លួននិងការបារម្ភពីសំណាក់គ្រួសារដោយតម្រូវឲ្យរូបគេត្រឡប់ទៅស្រុកកំណើតមួយរយ:។

លីហេង និយាយថា៖«ខ្ញុំទៅស្រុក មិនមែនបានន័យថាខ្ញុំខ្លាចវីរុសនោះទេ ពោលគឺដោយសារសាលារៀនក៏បិទ ហើយគ្រួសារគាត់បារម្ភណាមួយចំពេលវ៉ាកងផង»។

លី ហេងបន្តថា ចំពោះស្ថានភាពពេលនេះវាពិបាកមួយកម្រិតទៅហើយ ព្រោះវាទាក់ទងទៅនឹងបញ្ហាសេដ្ឋកិច្ចគ្រួសារ សង្គម ហើយដើម្បីទប់ស្កាត់បញ្ហានេះ យើងត្រូវអនុវត្តតាមអ្វីដែលកសួងសុខាភិបាលបានផ្ដល់ដំបូន្មានឲ្យដូចជាមិនឱ្យប្រមូលផ្ដុំគ្នាជាដើម។

សូមបញ្ជាក់ដែរថា នៅកម្ពុជាអំឡុងពេលមានការផ្ទុះនៃជំងឺ Covid-19 មានករណីកើតឡើងតាមបណ្ដាខេត្តមួយចំនួន និងនៅក្រុងភ្នំពេញមក ក្រសួងបានប្រកាសបិទគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន គ្រប់កម្រិតថ្នាក់សិក្សាទូទាំងប្រទេសរហូតមានការជូនដំណឹងជាថ្មីពីការចូលរៀនវិញ៕

 

 

Related Articles