ការប្រលងសញ្ញាបត្របឋមសិក្សាទុតិយភូមិសម្រាប់ថ្នាក់ទី៩ ទើបតែកន្លងផុតទៅកាលពីពេលថ្មីៗនេះ ដោយប្រព្រឹត្តទៅក្នុងកំឡុងពេលនៃការផ្ទុះកូវីដ១៩ ក្នុងសហគមន៍ ដែលមានការរៀបចំ និងត្រួតពិនិត្យយ៉ាងតឹងរឹងបំផុត ដើម្បីការពារ និងទប់ស្កាត់ការឆ្លងកូវីដ១៩។
ជាមួយគ្នានេះ សិស្សថ្នាក់ទី១២ ដែលត្រៀមខ្លួនសម្រាប់ការប្រលងបាក់ឌុបនាថ្ងៃទី២១ ធ្នូខាងមុខនេះ បានបង្ហាញការព្រួយបារម្ភ ដោយសារតែពេលវេលាកាន់តែខិតជិតមកដល់ ចំណែកការរៀនគួរខាងក្រៅក៏ត្រូវបានកាត់បន្ថយ ដោយសារតែរដ្ឋាភិបាលបានប្រកាសមិនឲ្យមានការជួបជុំមនុស្សច្រើនឡើយ។
មួយវិញទៀត សិស្សមួយចំនួនមានការព្រួយបារម្ភចំពោះស្ថានភាពកូវីដ១៩ ដែលអាចអូសបន្លាយដល់ថ្ងៃប្រលង និងអាចបង្ករជាបញ្ហាដល់ពួកគេ ព្រោះបើបេក្ខជនណាដែលមានអាការខុសពីធម្មតា និងមានកំដៅលើសកម្រិតទូទៅ ក្រសួងនឹងមិនអនុញ្ញាតឥ្យចូលក្នុងបន្ទប់ប្រលងឡើយ ហើយវាក៏បានក្លាយជាក្ដីព្រួយបារម្ភមួយដែរសម្រាប់សិស្សថ្នាក់ទី១២។
ទោះយ៉ាងណា ក្រសួងមិនទាន់បានបញ្ជាក់លម្អិតពីបញ្ហានេះនៅឡើយទេក្នុងករណីបេក្ខជនប្រលងមានអាការៈខុសធម្មតា និងមានកំដៅចាប់ពី ៣៨អង្សាឡើងទៅនឹងមិនឲ្យចូលបន្ទប់ប្រលងតែម្ដង ឬមានបន្ទប់ពិសេសដាច់ដោយឡែកណាមួយសម្រាប់ប្រលង ព្រោះមានបេក្ខជនជាច្រើនអាចមានបញ្ហាសុខភាព និងឡើងកំដៅដោយហេតុផលភ័យនឹងការប្រលងក៏មាន។
អត្ថបទដោយ៖ Nevin
