
ដោយៈ ទិន សុខាវុធ
យោងតាមទំព័រ Facebook របស់វិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ
ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ សិស្សនៃវិទ្យាល័យនេះម្នាក់ឈ្មោះ
កែវ ពន្លឺ ដែលជាសិស្សស្ថិតក្នុងគ្រួសារក្រីក្រ បានប្រឡងជាប់និទ្ទេស A
កាលពីពេលកន្លងទៅនេះ។
ទំព័រ Facebook របស់វិទ្យាល័យនោះ បានបន្ថែមទៀតថា
យុវជនឈ្មោះ កែវ ពន្លឺ ជាសិស្សរស់នៅក្នុងគ្រួសារដ៏ក្រីក្រលំបាកមួយ
ដែលរកព្រឹកខ្វះល្ងាច និងរកល្ងាចខ្វះព្រឹក។ អាស្រ័យហេតុនេះ សាលាបានអំពាវនាវអោយសប្បុរសជនទាំងអស់
មេត្តាជួយឧបត្ថម្ភគាំទ្រដល់សិស្សនិទ្ទេស A ឈ្មោះ កែវ ពន្លឺ នេះ តាមការដែលអាចធ្វើទៅបាន។
«អាណិតប្អូន កែវ ពន្លឺ សិស្សនិទ្ទេស A ខេត្តឧត្តរមានជ័យ មានជីវភាពខ្សត់ខ្សោយណាស់ សូមសម្តេច ទ្រង់ អ្នកអង្គម្ចាស់ ឯកឧត្តម លោក លោកឧកញ៉ា ជំទាវ លោក លោកស្រី មេត្តាអាណិតជួយគ្នាផង និងសូមសរសើរប្អូនដែលមិនតូចចិត្ត បែរជាប្រឹងប្រែងរៀនរហូតបានជាប់និទ្ទេសល្អប្រសើរ A។ គាត់រស់នៅភូមិទួលក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បើបងប្អូនមានទឹកចិត្តសប្បុរស ចង់ជួយឧបត្ថម្ភដល់ប្អូនសូមទាក់ទងទៅប្អូន កែវ ពន្លឺ ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទនេះ 09755 25 823 សូមអរគុណ!» នេះជាសំណេររបស់វិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ នៅលើទំព័រ Facebook របស់សាលា។
ដូចនេះ យើងឃើញថា ភាពក្រីក្រមិនមែនជាឧបសគ្គនៅក្នុងការរៀនសូត្រសំរាប់យុវជនឈ្មោះ កែវ ពន្លឺ ឡើយ។ ផ្ទុយទៅវិញ ទឹកចិត្តដ៏ប្តូរផ្តាច់របស់យុវសិស្សរូបនោះ បានជំរុញអោយរូបគេ ទទួលបាននូវជោគជ័យដ៏ត្រចះត្រចង់នៅក្នុងការសិក្សា។ ហើយយើងសង្ឃឹមថា អនាគតរបស់យុវសិស្ស កែវ ពន្លឺ នឹងថ្លៃថ្លារុងរឿង បើសិនជារូបគេនៅតែចិញ្ចឹមចិត្តជំនះគ្រប់ឧបសគ្គទាំងឡាយ ក្នុងការបន្តការសិក្សានៅឧត្តមសិក្សា៕
