We TV Cambodia

សាលា ៣ នៅភ្នំពេញ បង្រៀនសិស្សអោយចេះសរសេរកម្មវិធីកំព្យូទ័រ តាំងពីថ្នាក់តូចឡើងទៅ

សាលា ៣ នៅភ្នំពេញ បង្រៀនសិស្សអោយចេះសរសេរកម្មវិធីកំព្យូទ័រ តាំងពីថ្នាក់តូចឡើងទៅ
រូបថតៈ Facebook e2STEM

ដោយៈ ទិន សុខាវុធ

នៅ​ទីក្រុង​ភ្នំពេញ មាន​សាសា​បង្រៀន​មិន​យក​ប្រាក់​មួយ​ចំនួន ៣ បាន​និង​កំពុង​រៀប​ចំ​កម្មវិធីបង្រៀន​តាម​ស្តង់ដារ​របស់​ប្រទេស​សិង្ហបុរី ដោយ​ផ្តោត​លើ​មុខវិជ្ជា​សរសេរ​កម្មវិធី​កំព្យូទ័រ​ តាំង​ថ្នាក់​តូច​​ឡើង​ទៅ​។

អ្នកស្រី Seet Ai Mee ជា​​បុគ្គលិក​សិក្សា​នៃ​សាលា e2STEM ​និងដែល​ជាអតីត​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​របស់​ប្រទេស​សិង្ហបុរី បាន​ថ្លែងប្រាប់​​អ្នកសារព័ត៌មាន​ថា គឺ​រូប​អ្នក​ស្រី​​ផ្ទាល់​ដែល​​បាន​​រៀបចំ​កម្មវិធី​សិក្សា​​តាម​បែប​ទំនើប​តាម​គំរូ​​ប្រទេសសិង្ហបុរី​នេះ​សំរាប់​សាលា  e2STEM ។ ហើយ​ជាជំហាន​បន្ទាប់​មកទៀត​​ ​អ្នក​ស្រី​មាន​បំណង​ចង់​​អោយ​កម្មវិធី​សិក្សា​ថ្មី​​នេះ ក្លាយ​ជា​កម្មវិធី​សិក្សា​សំរាប់​សាលា​ចំណេះ​ទូទៅ​នៅ​ទូទាំង​​ប្រទេស​កម្ពុជា​ បើ​សិន​ជា​ក្រសួង​អប់រំ​កម្ពុជា​មិន​យល់​ទាស់​ទេ​នោះ​។

សាលាទំនើប​ e2STEM ទទួល​យក​សិស្ស​​ចូល​រៀន​ចាប់​ពី​​ថ្នាក់​វិទ្យាល័យ​ឡើង​ទៅ តាម​រយៈការប្រឡង​យក​អាហារូបករណ៍​ដ៏​ពិបាក​ ដោយ​សង្កត់ធ្ងន់លើវិញ្ញាសារ​វិទ្យាសាស្ត្រ​ពិត មាន​ដូច​ជា​គណិតវិទ្យា តក្កវិទ្យា រូបវិទ្យា និង គីមីវិទ្យា​ជាដើម​​។

យោង​តាម​លោក Yuki Sato អ្នក​គ្រប់គ្រង់​ម្នាក់​ទៀត​ប្រចាំ​សាលា e2STEM ភាសា​ខ្មែរ​និង​អង់គ្លេស​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​សាលា​នេះ​ សំរាប់​បង្រៀន​មុខ​វិជ្ជា​ផ្សេង​ៗ​។ ក៏​ប៉ុន្តែ នៅ​ពេលអនុវត្តលំហាត់​នានា សិស្ស​ចាំ​បាច់​ត្រូវ​អានសៀវភៅជា​ភាសា​អង់គ្លេស​។

ប្រការដែលសំខាន់​នោះ បណ្តា​សិស្សសាលា e2STEM ត្រូវ​បាន​​បង្រៀន​អោយ​ចេះ​សរសេរ​កម្មវិធី​កំព្យូទ័រ ឬ​សរសេរកូដ តាំង​ពីថ្នាក់ជាន់ដំបូងមកម្លេះ​។

ដូច​គ្នា​ដែរ ​សាលា Computer Academy STEP Cambodia ក៏​បាន​និង​កំពុង​ផ្តោត​លើ​កម្មវិធី​សិក្សា​ផ្នែក​ខាង​សរសេរ​កម្មវិធី​កំព្យូទ័រ​​ដូ​ច​គ្នា​នេះ​ដែរ ដោយ​បាន​រួម​សហការជាមួយ​នឹង​ក្រសួ​ង​អប់រំ​កម្ពុជា និង​ភ្នាក់ងារ​អាមេរិក​សំរាប់​ការអភិវឌ្ឍ (USAID) ។

កម្មវិធី​រៀន​សរសេរ​កូដ​របស់​សាលានេះ មាន​ឈ្មោះថា Sisters of Code ដែល​កំពុង​ត្រូវ​បាន​បង្រៀន​​អោយ​ក្មេង​ស្រី​​ៗមាន​អាយុ​ចន្លោះ ១០ និង ១៨ ឆ្នាំ ​ចេះ​សរសេរ​កម្មវិធី​កំព្យូទ័រ​​។

ឯ​ចំណែកសាលា Raintree Cambodia វិញ កម្មវិធីរៀន​សរសេរ​កូដ​ចំនូន​ពីរ​ក៏​កំពុង​ត្រូវ​បាន​បង្រៀន​ដល់​សិស្ស​ក្មេង​ៗ​ផង​ដែរ​។ ហើយ​កម្មវិធី​ទាំងពីរ​នេះ មាន​ឈ្មោះ​ថា Coding Cats ដែលត្រូវ​នាំ​ចូល​មក​ពី​ប្រទេស​សិង្ហបុរី តាម​រយ​គំរោង Satuday Kids សំរាប់​សិស្ស​ក្រោម​អាយុ ១៨ ឆ្នាំ​។

មួយវិញទៀត កម្មវិធី​សរសេរ​កូដ Coding Cats កំពុង​ត្រូវ​​បាន​ទទួល​ការគាំទ្រ ពី​​ទីភ្នាក់ងារអាមេរិកសំរាប់​ការអភិវឌ្ឍន៍ (USAID) ៕

Related Articles