
សាលារៀនឯកជនមួយចំនួនបានសុំផ្លាស់ប្ដូរថ្ងៃប្រលងបាក់ឌុបទៅខែធ្នូជាមួយសាលារដ្ឋវិញ បន្ទាប់ពីមានការប្រកាសពីពេលវេលានៃការរៀបចំការប្រលងបាក់ឌុបសម្រាប់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩ ២០២០ នេះ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានឲ្យដឹងថា កាលបរិច្ឆេទប្រលងបាក់ឌុបសម្រាប់សាលាឯកជន គឺត្រូវធ្វើឡើងនៅថ្ងៃទី២៧ ២៨ ខែសីហាខាងមុខ ប៉ុន្តែពេលវេលានេះត្រូវបានផ្លាស់ប្ដូរបន្ទាប់ពីសាលាឯកជនទាំងនោះបានសុំមកចូលរួមប្រលងជាមួយសាលារដ្ឋវិញ។

មូលហេតុនៃការផ្លាស់ប្ដូរពេលវេលានេះ ដោយសារតែមានសិស្សជាច្រើនបានបង្ហាញពីការព្រួយបារម្ភពីការប្រលងដែលនឹងចូលមកដល់នៅពេលខាងមុខនេះ ព្រោះពួកគេយល់ថាការរៀនតាមអនឡាញមិនសូវច្បាស់ដូចជាការរៀនដោយផ្ទាល់នោះទេ ទោះបីជាពួកគេរៀនក្នុងសាលាឯកជនដែលមានស្ដង់ដា និងការបង្រៀនអនឡាញជាប់លាប់ក៏ដោយ ក៏ប្រសិទ្ធិភាពមិនដូចការរៀនផ្ទាល់នោះដែរ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១២ កន្លងទៅ ក្រសួងអប់រំបានប្រកាសពីពេលវេលានៃការរៀបចំការប្រលងបាក់ឌុប ដែលនឹងធ្វើឡើងនៅខែធ្នូ ប៉ុន្តែសម្រាប់កាលបរិច្ឆេទជាក់លាក់ក្រសួងមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ។
អត្ថបទដោយ៖ Nevin
