
សាលាអន្តរជាតិ CIA First បានសម្រេចកាត់បន្ថយការបង់ថ្លៃសាលាចន្លោះពី១៥% ទៅ២៥% ក្នុងកំពុងពេលនៃការរីករាលដាលជំងឺ COVID-19 នេះ។ ប៉ុន្តែមិនបានបញ្ចុះតាមសំណើររបស់អាណាព្យាបាលដែលស្នើរសុំបញ្ចុះ៥០% នោះទេ។
ការសម្រេចបញ្ចុះថ្លៃសិក្សាចន្លោះពី១៥% ទៅ២៥% នេះធ្វើឡើងក្រោយមានការជួបពិភាក្សាគ្នាជាលើកទី២ រវាងសាលា ជាមួយនិងអាណាព្យាបាលសិស្ស នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់របស់សាលាអន្តរជាតិ CIA First ។ ដំបូងឡើយសាលា CIA First បានសម្រេចផ្ដល់អាហារូបករណ៍បញ្ចុះតម្លៃ ៥០% ជូនដល់សិស្សចំនួន ២០០នាក់ ប៉ុន្ដែដោយមានសំណូមពរជាថ្មីទៀតរបស់មាតាបិតា និងអាណាព្យាបាលសិស្សឲ្យមានការបញ្ចុះតម្លៃជារួមវិញ សាលាក៏បានសម្រេចលុបចោលអាហារូបករណ៍៥០% សម្រាប់សិស្ស ២០០នាក់នោះ និងបានប្ដូរទៅជាការបញ្ចុះតម្លៃជារួមតាមសំណូមពររបស់មាតាបិតា និងអាណាព្យាបាលសិស្សវិញ។

សូមបន្ថែមថា ការបញ្ចុះតម្លៃសិក្សារបស់សាលាអន្តរជាតិ CIA First នេះគឺបែងចែកជា២៖ ដោយសិស្សដែលរៀនថ្នាក់មតេយ្យ K3-K4-K5 សាលាបញ្ចុះតម្លៃជូន២៥% ចំណែកឯសិស្សដែលរៀនថ្នាក់ទី១ ដល់ទី១២ វិញ សាលាបញ្ចុះជូន១៥%។
គូសបញ្ជាក់ផងដែរថា ការបញ្ចុះតម្លៃនេះធ្វើឡើងក្រោយពីមាតាបិតា និងអាណាព្យាបាលសិស្សចំនួន ៣៧១នាក់ ដែលមានកូនរៀននៅសាលាអន្តរជាតិ CIA First នេះ បានធ្វើលិខិតដោយមានភ្ជាប់ស្នាមមេដៃ និងធ្វើការស្នើរសុំទៅកាន់សាលាដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការបង់ថ្លៃសិក្សាក្នុងកំឡុងពេល COVID-19 នេះ។
អត្ថបទដោយ៖ Nevin
