We TV Cambodia

សាលារៀនស្ដង់ដាខ្ពស់ចំនួន២០ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី១

សាលារៀនស្ដង់ដាខ្ពស់ចំនួន២០ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី១
សាលារៀនឯកជន

យោងតាមការប្រកាសរបស់ក្រសួងនាពេលកន្លងមកបានឲ្យដឹងថា ក្រសួងបានសម្រេចឲ្យបើកសាលារៀនឡើងវិញនៅខែសីហាខាងមុខនេះ ក្រោយបិទអស់រយៈពេលជាង ៤ខែ ប៉ុន្តែត្រូវបែងចែកជា ៣ដំណាក់កាល ដោយដំណាក់កាលទី១ គឺអនុញ្ញាតឲ្យតែសាលារៀនដែលមានស្ដង់ដាខ្ពស់ប៉ុណ្ណោះ ហើយសុទ្ធតែជាសាលាដែលស្ថិតក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ហង់ ជួនណារ៉ុន (ប្រភព៖ cpp)

ទោះជាយ៉ាងណា ពេលនេះក្រសួងបានប្រកាសពីការអនុញ្ញាតដល់សាលាមានស្ដង់ដាខ្ពស់ចំនួន២០ ដែលស្ថិតក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប និងខេត្តបាត់ដំបង ឲ្យបើកដំណើរការឡើងវិញ ដោយដោយអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលនិងអង្គការWHO។

សិស្សានុសិស្សក្នុងសាលាឯកជន (ប្រភព៖ all nations school)

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២០ នេះថា ដើម្បីឈានដល់ការចុះអនុស្សរណៈយោគយល់គ្នាសាកល្បងបើកដំណើរការដំណាក់កាលទី១ ក្នុងកំឡុងខែសីហា តាមស្មារតីលិខិតរបស់ទីស្តីការគណ:រដ្ឋមន្ត្រី លេខ៦៩៥ សជណ.អវ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បន្តណែនាំ ត្រួតពិនិត្យ និងវាយតម្លៃការរៀបចំរបស់គ្រឹះស្ថានសិក្សាឯកជនទាំង២០ លើគោលការណ៍តម្រូវដូចខាងក្រោម៖

ឯកឧត្តម រស់ សុវាចា (ប្រភព៖ ក្រសួងព័ត៌មាន)

១. ការរៀបចំបរិស្ថានសាលា អគារសិក្សា និងការរៀបចំថ្នាក់រៀន (ចំនួនសិស្សក្នុងថ្នាក់រៀនដែលគោរពបាននូវគម្លាតសុវត្ថិភាព) ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ជាពិសេសគ្រឹះស្ថានសិក្សាត្រូវបាញ់ថ្នាំសម្លាប់មេរោគជាទៀងទាត់ និងត្រូវបំពាក់ឧបករណ៍សម្រាប់សម្លាប់មេរោគតាមស្តង់ដា។

២. គ្រូបង្រៀន សិស្ស និងបុគ្គលិកគ្រឹះស្ថានសិក្សាត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ មុនដំណើរការសាលា។

៣. ក្នុងករណីគ្រឹះស្ថានសិក្សាទាំងនេះមានការធ្វេសប្រហែស ឬល្មើសនឹងអនុស្សរណៈយោគយល់គ្នា គ្រឹះស្ថានសិក្សាទាំងនោះនឹងត្រូវទទួលការព្រមាន និងឈានទៅផ្អាកដំណើរការបណ្តោះអាសន្ន។

៤. គ្រឹះស្ថានសិក្សាទាំងនេះត្រូវបន្តអនុវត្តនូវវិធីសាស្ត្រសិក្សាតាមបែបចម្រុះគឺ ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ព្រមទាំងគោរពនូវពិធីសារសុវត្ថិភាពសុខភាពសិក្សា

៥.ក្រសួងនឹងចេញគោលការណ៍ណែនាំស្តីពី លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដជាមូលដ្ឋានគោលសម្រាប់ការរៀបចំពិធីសារសុវត្ថិភាពសុខភាពសិក្សារបស់គ្រឹះស្ថានសិក្សា។និង៦. គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា។

សិស្សានុសិស្សក្នុងសាលាឯកជន (ប្រភព៖ CIA)

សូមជម្រាបថា ចំពោះដំណាក់កាលទី២ និងទី៣ ក្រសួងនឹងអនុវត្តន៍ដោយផ្អែកតាមបទពិសាធន៏ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ជាមុនសិន។

អត្ថបទដោយ៖ Nevin

Related Articles