We TV Cambodia

សាលារាជធានីភ្នំពេញ៖ ការលុបស្រះនៅ ហ្គ្រេនភ្នំពេញ ជាសម្បត្តិឯកជន មិនមែនសម្បត្តិសាធារណៈទេ

សាលារាជធានីភ្នំពេញ៖ ការលុបស្រះនៅ ហ្គ្រេនភ្នំពេញ ជាសម្បត្តិឯកជន មិនមែនសម្បត្តិសាធារណៈទេ

កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងតំបន់ហ្គ្រេនភ្នំពេញ បានដាក់លិខិតស្នើសុំអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹក ស្ថិតនៅតាមបណ្ដោយវិថីហ្គ្រេនកែងផ្លូវ ខាងលិចស្រះទឹក ក្នុងទីតាំងបុរីទីក្រុងរណបអន្តរជាតិហ្វ្រេនភ្នំពេញ។

ការស្នើរបស់ប្រជាពលរដ្ឋក្នុងបុរី ហ្គ្រេនភ្នំពេញ

ការដាក់សំណើរនេះដែរ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនជីប ម៉ុងលេន ដែលទើបតែបាន​ទិញ​យក​បុរី​ហ្គ្រេន ភ្នំពេញ ពីក្រុម​ហ៊ុន​ វ៉ាយ អិល ភី គ្រុប មកស្ថិតក្រោមការកាន់កាប់របស់ខ្លួនដើម្បីអភិវឌ្ឍន៍បន្ថែម និងបានដាក់គម្រោងលុបស្រះទឹកមួយកន្លែងក្នុងបុរីនេះ ដែលធ្លាប់តែបានផ្ដល់ភាពស្រស់បំព្រងដល់ពលរដ្ឋក្នុងបុរីនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយនោះ។

ការស្នើរបស់ប្រជាពលរដ្ឋក្នុងបុរី ហ្គ្រេនភ្នំពេញ

ជាមួយគ្នានេះ យោងតាមការប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពីទទួលបានសំណើសុំអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹក ដែលមានបណ្ដោយប្រវែងប្រមាណ៤២៣ម៉ែត្រ និងទទឹងប្រវែងប្រមាណ២៤៥ម៉ែត្រ ស្ថិតនៅតាមបណ្ដោយវិថីហ្គ្រេន កែងផ្លូវខាងលិចស្រះទឹក ក្នុងទីតាំងបុរីទីក្រុងរណប អន្តរជាតិហ្គ្រេនភ្នំពេញរួចមករដ្ឋបាលរាជធានីភ្នំពេញ បានចាត់មន្ត្រីចុះស្រាវជ្រាវ និងរកឯកសារពាក់ព័ន្ធ ពិនិត្យឃើញថា ស្រះទឹកខាងលើនេះ ពុំមែនជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញឡើយ ហើយឯកសារ ទៀតសោត ស្រះទឹកនេះមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុលេខភព ១២៨៩៨ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៩ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ដែលបានទិញពីក្រុមហ៊ុនវ៉ាយ អិល ភី គ្រុប។

ការប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ

សូមជម្រាបថា យោងតាមច្បាប់ភូមិបាល មាត្រា៨៥ ចែងថា «កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុមានសិទ្ធិប្រើប្រាស់ អាស្រ័យផលនិងចាត់ចែងទ្រព្យរបស់ខ្លួនផ្តាច់មុខនិងទូលំទូលាយ…» និង មាត្រា៨៨ ចែងថា «កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុអាចរៀបចំ ឬកែប្រែបានដោយសេរីនូវប្រភេទនិងរចនាសម្ព័ន្ធដើមនៃទ្រព្យរបស់ខ្លួន ស្របតាមការប្រើប្រាស់ដែលខ្លួនចង់ធ្វើតាមការកំណត់នៃច្បាប់»។

អត្ថបទដោយ៖ Nevin

Related Articles