We TV Cambodia

សាលាជាច្រើននៅបន្តបិទ ដើម្បីទប់ស្កាត់កូវីដ១៩ ខណៈភ្ញៀវទេសចរណ៍ហាក់ធ្វេសប្រហែសខ្លាំង

សាលាជាច្រើននៅបន្តបិទ ដើម្បីទប់ស្កាត់កូវីដ១៩ ខណៈភ្ញៀវទេសចរណ៍ហាក់ធ្វេសប្រហែសខ្លាំង

យោងតាមរបាយការណ៍របស់គេហទំព័រ  worldometers បានបង្ហាញថា រយៈពេល ១ខែចុងក្រោយនេះចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកមានការថយចុះជាងពីមុនច្រើន ទោះបីមិនទាន់អាចទប់ស្កាត់ការឆ្លងបានទាំងស្រុងក៏ដោយក្ដី។

សកម្មភាពទេសចរណ៍ក្នុងថ្ងៃភ្ជុំបិណ្ឌ (ប្រភព៖ ក្រសួងទេសចឬណ៍)

ក្រឡេកមកមើលកម្ពុជាយើងវិញឃើញថា ការទប់ស្កាត់កូវីដ១៩ នៅកម្ពុជាមានភាពល្អប្រសើរច្រើន ដោយគ្មានអ្នកឆ្លងក្នុងសហគមន៍នោះទេ ហើយអ្នកឆ្លងភាគច្រើនជាករណីនាំចូលពីក្រៅតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ដើម្បីឲ្យការទប់ស្កាត់កាន់តែមានប្រសិទ្ធិភាព រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទសាលារៀនបណ្ដោះអាសន្នកាលពីពាក់កណ្ដាលខែមីនា។

សាលារៀនទាំងអស់នៅកម្ពុជាត្រូវបានបិទក្នុងកំលុងពេលកូវីដ១៩ (ប្រភព៖ សាលារៀនរបស់ខ្ញុំ)

គិតមកទល់ពេលនេះ ក្រសួងអប់រំបានសម្រេចបើកសាលារៀនមួយចំនួនឡើងវិញហើយ ប៉ុន្តែក៏នៅមានសាលារៀនមួយភាគធំទៀតផងដែរ ដែលមិនបានទទួលបានការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ។ ជាក់ស្ដែង សាកលវិទ្យាល័យជាច្រើនក្នុងរាជធានីភ្នំពេញនៅបន្តបិទនៅឡើយ ពោលគឺមិនទាន់ទទួលបានការអនុញ្ញាតឲ្យបើកដំណើរការនោះទេ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩។

មិនតែប៉ុណ្ណោះ សកម្មភាពផ្សេងៗក្រៅពីសាលារៀន ហាក់មានសកម្មភាពឡើងវិញដូចជាក្នុងកំឡុងបុណ្យភ្ជុំបិណ្ឌនេះជាដើម ដោយភ្ញៀវទេសចរណ៍ដែលទៅកំសាន្តនៅតាមតំបន់ទេសចរណ៍នានា ហាក់មិនសូវមានការការពារឲ្យបានល្អនោះទេ ខណៈដែលតំបន់ទេសចរណ៍នីមួយៗសម្បូរដោយមនុស្សយ៉ាងកកកុញ ហើយវាជាហានិភ័យមួយដ៏ធំបើសិនជាមានអ្នកណាម្នាក់ផ្ទុកកូវីដ១៩ ក្នុងចំណោមនោះ។

ការវាស់កំដៅភ្ញៀវទេសចរណ៍តាមកន្លែងសំសាន្តផ្សេងៗ (ប្រភព៖ ក្រសួងព័ត៌មាន)

ទោះជាយ៉ាងណា ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងទេសចរណ៍បានអះអាងថា គ្រប់តំបន់ទេសចរណ៍ និងកន្លែងកំសាន្តផ្សេងៗបានអនុវត្តន៍តាមការណែនាំរបស់ក្រសួងបានយ៉ាងល្អ ដោយមានការវាស់កំដៅ និងការបាញ់អាល់កុលជាដើម។

អត្ថបទដោយ៖ Nevin

Related Articles