យោងតាមការចុះផ្សាយរបស់គេហទំព័រ របស់ចក្រភពអង់គ្លេស Dailymail បានឲ្យដឹងថា ស្រីវ័យចំណាស់ អាយុ ៨៣ឆ្នាំ ជនជាតិអាមេរិកម្នាក់ ហើយជាអ្នករួមដំណើរលើនាវាទេសចរណ៍ MS Westerndam ត្រូវបានរកឃើញថាមានផ្ទុកមេរោគ កូរ៉ូណា (Covid-19) ក្រោយពេលស្ដ្រីអ្នកដំណើររូបនេះ បានចាកចេញពីប្រទេសកម្ពុជាដោយជើងហោះហើរទៅកាន់ទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ស្ដ្រីអ្នកដំណើរ វ័យ៨៣ឆ្នាំ និងសមាជិកគ្រួសារ ជាមួយអ្នកដំណើរ ដល់ទៅ ១៤៥នាក់ បានចុះពីលើនាវា ទេសចរណ៍ MS WESTERNDAM កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ហើយក៏បន្ដធ្វើដំណើរទៅកាន់ប្រទេសរបស់ខ្លួន ដោយរដ្ឋាភិបាលកម្ពុជាបានសម្រួលជើងហោះហើរ ទៅកាន់ប្រទេស ម៉ាឡេស៊ី ។ ក្រោយពេលទៅដល់ម៉ាឡេស៊ី ស្ដ្រីនេះត្រូវបាន គេពិនិត្យរកឃើញថាមាន ផ្ទុកមេរោគ កូរ៉ូណា ខណៈដែលប្ដីរបស់គាត់ និង សមាជិក ផ្សេងទៀតត្រូវបាន គេរកឃើញថាមិនមាន អ្នកឆ្លងនៅឡើយ។ អាជ្ញាធរ ម៉ាឡេស៊ី បានរៀបចំ បញ្ជូនស្រ្ដីរូបនេះ ទៅកាន់មន្ទីពេទ្យ ចំណែកអ្នកដំណើរដទៃខ្លះទៀត ត្រូវបានគេរៀបចំ ដាក់ដោយឡែក រង់ចាំការតាមដានពិនិត្យចំនួនពេល ១៤ថ្ងៃ។
គូសបញ្ជាក់ផងដែរថា អ្នកដំណើរជាច្រើន រាប់រយនាក់ លើនាវាទេសចរណ៍ Westerndam ត្រូវបានទទួលការស្វាគមន៍យ៉ាងយកចិត្ដទុកដាក់បំផុត ពីរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន ជាមួយនឹង រដ្ឋមន្ដ្រីជាច្រើនរូប ក្នុងការការបំពេញភារៈកិច្ចជាម្ចាស់ប្រទេស ក្នុងថ្ងៃ១៤ កុម្ភៈ នៅកំពង់ផែ ក្រុងព្រះសីហនុ។
ដោយ៖ Stince
ប្រភព៖ ក្រៅស្រុក
