We TV Cambodia

សាយ (Sai) ៖ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបារម្ភពីក្មេងៗនៅមន្ទីរពេទ្យកុមារអង្គរ ដូចបារម្ភពីខ្ញុំដែរ

សាយ (Sai) ៖ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបារម្ភពីក្មេងៗនៅមន្ទីរពេទ្យកុមារអង្គរ ដូចបារម្ភពីខ្ញុំដែរ

បន្ទាប់ពីរត់អស់រយៈពេលជាង ១០ថ្ងៃ ក្នុងកម្មវិធីសប្បុរសធម៌ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ក្នុងគោលបំណងរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ សុខភាពរបស់សាយ (Sai) បានចាប់ផ្ដើមទ្រុឌទ្រោម ពិសេសគឺជើងរបស់លោកតែ ដោយសារតែលោកបានចំណាយពេលរត់អស់ជាច្រើនថ្ងៃ ជាមួយចំណាយផ្លូវដ៏វែងឆ្ងាយ និងជួបឧបសគ្គលំបាកៗជាច្រើន ដែលបានធ្វើឲ្យអ្នកគាំទ្រ និងប្រជាពលរដ្ឋកម្ពុជាទាំងមូលមានការព្រួយបារម្ភពីស្ថានភាពរបស់លោកជាខ្លាំង ខណៈលោកមានគម្រោងរត់រហូតដល់ ៩៩ថ្ងៃឯណោះ។

ទោះជាយ៉ាងណា សាយ បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា «អរគុណច្រើនសម្រាប់ការយកចិត្តទុកដាក់និងការបារម្ភពីអ្នកទាំងអស់គ្នា តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា បារម្ភពីក្មេងៗដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ដូចអ្នកទាំងអស់គ្នាបារម្ភពីខ្ញុំ បើទោះបីជាអ្នកទាំងអស់គ្នាមិនស្គាល់ពួកគាត់ក៏ដោយ ចង់ឲ្យអ្នកទាំងអស់គ្នា យកចិត្តទុកដាក់ពីសុខទុក្ខលោកគ្រូពេទ្យ អ្នកគ្រូពេទ្យនឹងដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ ដូចអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ពីកម្មវិធីរបស់ខ្ញុំ បើទោះបីជាអ្នកទាំងអស់គ្នាមិនទាន់ដែលប្រើសេវានៅមន្ទីរពេទ្យកុមារអង្គរក៏ដោយ។ ខ្ញុំរត់ ខ្ញុំឈឺ ខ្ញុំឈប់បាន ហើយខ្ញុំគិតថាបេសកកម្ម 99ថ្ងៃនេះ ខ្ញុំរត់មិនស្លាប់ទេ តែបើមន្ទីរពេទ្យឈប់នោះអាចនឹងមានហានិភ័យ ដល់អាយុជីវិតក្មេងៗ។»

លោកបន្តថា «ជារៀងរាល់ថ្ងៃមន្ទីរពេទ្យបានទទួលព្យាបាលក្មេងៗពី 300 ទៅ 500 ករណី បើពេទ្យឈប់មួយថ្ងៃមានន័យថា ក្មេងៗទាំងអស់នោះមិនត្រូវបានទទួលការថែទាំនោះទេ។ បើតាមទិន្នន័យរបស់មន្ទីរពេទ្យបានផ្ដល់ឲ្យក្រុមការងារយើងខ្ញុំ ក្នុងការជួយសង្គ្រោះក្នុងមួយករណីគិតជាមធ្យមភាគ គឺស្មើនឹង 46ដុល្លារ អញ្ចឹងមានន័យថា រាល់ការបរិច្ចាគបាន 46ដុល្លារឡើងទៅ គឺអាចជួយសង្គ្រោះជីវិតក្មេងបានម្នាក់ ដែលត្រូវការការជួយសង្គ្រោះពីមន្ទីរពេទ្យកុមារអង្គរ។ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថា បេសកកម្មការរត់ដើម្បីសប្បុរសធម៌របស់ខ្ញុំនេះ គឺដើម្បីជួយដល់បេសកកម្មដែលឥតឈប់ឈររបស់មន្ទីរពេទ្យកុមារអង្គរ អ៊ីចឹងគឺវាមានសារៈសំខាន់ណាស់ដែលយើងទាំងអស់គ្នា ចូលរួមជួយគ្នា ដើម្បីក្មេងៗដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ដើម្បីកុមារកម្ពុជាយើង។
អនាគតមើលមិនឃើញ យើងមិនដឹងថាពេលណា យើងត្រូវពឹងពាក់មន្ទីរពេទ្យឲ្យជួយសង្គ្រោះកូនក្មួយយើងនោះទេ ដូច្នេះហើយយើងគួរឱបក្រសោប ជ្រុំជ្រែងបេសកកម្មរបស់មន្ទីពេទ្យអោយដំណើរការទៅមុខជារៀងរហូត ដើម្បីស្ថេរភាព សុខមាលភាព កុមារកម្ពុជាយើង។ ចូលរួមបរិច្ចាគទាំងអស់គ្នា 1000រៀលក្តី មួយដុល្លារក្តី ពីរដុល្លារក្តី ថវិការបស់អ្នកទាំងអស់គ្នាពិតជាមានន័យណាស់សម្រាប់អាយុជីវិតក្មេងៗ។»

«ខ្ញុំរត់បាន 32% នៃកម្មវិធីហើយ តែទើបតែរៃអង្គាសបាន 13% នៃគោលដៅតែប៉ុណ្ណោះ។ ជួយshare បន្តដើម្បីឲ្យអ្នកមិនទាន់ដឹងពីកម្មវិធី នៅមិនទាន់បានបរិច្ចាគ ចូលរួមបរិច្ចាគទាំងអស់គ្នាផងណា។»

សូមជម្រាបថា តាមគម្រោង សាយ នឹងរត់ ២១ខេត្តក្រុងក្នុងរយៈពេល ៩៩ថ្ងៃ ហើយលោកជាមនុស្សទី១ ហើយក្នុងប្រទេសកម្ពុជា ដែលបានលះបង់ដ៏ធំធេងបែបនេះសម្រាប់កុមារកម្ពុជា និងប្រទេសកម្ពុជាទាំងមូល។ ជាមួយគ្នានេះ We TV Cambodia ក៏សូមជូនពរឲ្យលោកមានសុខភាពល្អ និងជោគជ័យសម្រាប់គោលដៅមួយនេះផងដែរ។

អត្ថបទដោយ៖ Nevin

ប្រភព៖ Sai

Related Articles