
ដោយៈ ទិន សុខាវុធ
សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារអវកាស NASA បានប្រកាសអោយសាធារណជនអោយបានដឹងថា នៅក្នុងឆ្នាំ ២០២៨ ខាងមុខនេះ កងទ័ពអវកាសរបស់សហរដ្ឋអាមេរិកនឹងត្រូវបញ្ជូនអោយទៅប្រចាំការនៅស្ថានព្រះច័ន្ទ ដែលនៅទីនោះមូលដ្ឋានទ័ពអវកាសដំបូងគេបំផុតរបស់សហរដ្ឋអាមេរិក នឹងត្រូវសាងសង់ឡើង។
ទីភ្នាក់ងារ NASA ក៏បានទំលាយអោយអ្នកសារព័ត៌មានបានដឹងផងដែរថា មុននឹងឈានទៅដល់ការដាក់ទ័ពអវកាសនៅទីនោះ ចាំបាច់ត្រូវមានការបញ្ជូនអ្នកឯកទេសអោយទៅចាប់ផ្តើមសាងសង់មូលដ្ឋានទ័ពនៅស្ថានព្រះច័ន្ទជាមុនសិន ចាប់ពីឆ្នាំ ២០២៤ ឡើងទៅ។ ហើយនៅឆ្នាំ ២០២០ ខាងមុខនេះ រដ្ឋាភិបាលអាមេរិកនឹងបង្កើនថវិកាសំរាប់ NASA អោយដល់ចំនួនប្រមាណជា $23.1 ពាន់លាន គឺ $1.6 ពាន់លាន ច្រើនជាងឆ្នាំ ២០១៩ ដែលមានចំនួនត្រឹមតែ $21.5 ពាន់លាន តែប៉ុណ្ណោះ។

មួយវិញទៀត ទីភ្នាក់ងារ NASA ក៏នឹងសង់ស្ថានីយអវកាសថ្មីមួយទៀតដែរ នៅក្នុងលំហរអាកាសស្ថិតក្នុងដែនអាកាសរបស់ស្ថានព្រះច័ន្ទ (lunar orbit) ក្នុងគោលបំណងជួយសំរួលដល់ការទាក់ទងតាមរលកធាតុអាកាសទាំងឡាយរវាងស្ថានព្រះច័ន្ទនិងភពផែនដីយើងនេះ។ លើសពីនេះទៀត ស្ថានីយអវកាសថ្មីនេះក៏នឹងត្រូវប្រើប្រាស់ផងដែរជាផ្ទះសំណាក់និងជាកន្លែងចាក់សាំងសំរាប់យានចំលងទាំងឡាយ ដែលធ្វើដំណើររវាងភពផែនដីនិងស្ថានព្រះច័ន្ទ។

សំរាប់គំរោងនៃការបង្កើតស្ថានីយអវកាសថ្មីនេះ នៅក្នុងឆ្នាំ ២០១៩ នេះ សភាអាមេរិកបានបោះឆ្នោតអនុម័យថវិកាចំនួន $450 លាន សំរាប់អោយ NASA ធ្វើការសិក្សាទៅលើគំរោងនៃការសាងសង់ស្ថានីយអវកាសមួយនេះ។
យ៉ាងណាម៉ិញ បើប្រៀបធៀបជាមួយនឹងភពផ្សេងៗទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ស្ថានព្រះច័ន្ទស្ថិតនៅជិតផែនដីជាងគេ គឺមានចំងាយតែ ៣៨៤,៤០០ គម ពីផែនដីតែប់ុណ្ណោះ។ ហើយចាប់តាំងពីការរកឃើញប្រភពទឹកនៅតំបន់ប៉ូលខាងត្បូងនៃស្ថានព្រះច័ន្ទ ដោយយានអវកាសរបស់ប្រទេសឥណ្ឌា នៅក្នុងឆ្នាំ ២០០៩ មក ប្រទេសជាច្រើនបានមានការចាប់អារម្មណ៍ឡើងវិញ នៅក្នុងការស្រាវជ្រាវរុករកនៅលើស្ថានព្រះច័ន្ទ ដើម្បីតាំងលំនៅស្ថានឬសង់មូលដ្ឋានអវកាសនៅទីនោះ។
ទាក់ទងនឹងរឿងនេះ ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារអវកាស JAXA (Japanese Aerospace Exploration Agency) មានគំរោងនឹងបង្កើតយានអវកាសមួយដែលអាចដឹកមនុស្សទៅកាន់ស្ថានព្រះច័ន្ទបាននៅក្នុងឆ្នាំ ២០២០ ។ ហើយនៅឆ្នាំ ២០៣០ ប្រទេសជប៉ុនគ្រោងនឹងសង់មូលដ្ឋានអវកាសមួយនៅលើស្ថានព្រះច័ន្ទនឹងគេដែរ។
ចំណែកឯប្រទេសរុស្សីវិញ តាមរយៈទីភ្នាក់ងារអវកាស Roscosmos របស់ពួកគេ មានបំណងនឹងចាប់ផ្តើមសាងសង់មូលដ្ឋានអវកាសមួយនឹងគេដែរ នៅលើស្ថានព្រះច័ន្ទ ចាប់ពីឆ្នាំ ២០២០ រហូតដល់ឆ្នាំ ២០៣៧ សំរាប់រក្សាទុកនូវមនុស្សយន្តទាំងឡាយ ដែលអាចត្រូវបញ្ជាបានពីផែនដីទៅ។
បើនិយាយពីប្រទេសចិនវិញ តាមរយៈទីភ្នាក់ងារអវកាស CNSA (China National Space Administration) មានបំណងនឹងសង់មូលដ្ឋានអវកាសមួយដែរ នៅលើស្ថានព្រះច័ន្ទ ក្នុងគោលបំណងរុករករ៉ែសំខាន់ៗ មានដូចជា isotope helium-3 ជាដើម សំរាប់យកមកប្រើប្រាស់ជាប្រភពថាមពលនៅលើផែនដី។
ចុងក្រោយបង្អស់ សហភាពអឺរ៉ុប តាមរយគំរោង «Moon Village» របស់ពួកគេ ក៏មានបំណងនឹងសាងសង់មូលដ្ឋានអវកាសនៅលើស្ថានព្រះច័ន្ទនឹងគេដែរ។

ដូចនេះ សំណួរមួយបានចោទឡើងថា តើក្រៅពីសហរដ្ឋអាមេរិក ប្រទេសដទៃទៀតនឹងយកកងទ័ពទៅដាក់នៅស្ថានព្រះច័ន្ទដែរឬទេ ដើម្បីការពារផលប្រយោជន៍របស់ពួកគេរៀងៗខ្លួន?
