
ដោយៈ ទិន សុខាវុធ
លោកជំទាវ Cecilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប បានសរសេរលើបណ្តាញសង្គមTwitter របស់លោកស្រី កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ថា សហភាពអឺរ៉ុបបានបញ្ចប់របាយការណ៍ស៊ើបអង្កេតស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទាក់ទងទៅនឹងការផ្តល់ភាពអនុគ្រោះពន្ធ EBA សំរាប់កម្ពុជា បានចប់សព្វគ្រប់អស់ហើយ។
ជាលទ្ធផល កម្ពុជានៅមានពេលមួយខែទៀត ក្នុងការកែលំអរស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា ដើម្បីអាចបន្តទទួលបាននូវភាពអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ដែលនឹងសំរេចថាបន្តផ្តល់ភាពអនុគ្រោះពន្ធ EBA នេះអោយកម្ពុជាឬអត់ នៅខែកម្ភះ ឆ្នាំ ២០២០ ខាងមុខនេះ។
« We have completed our report on the temporary suspension of trade preferences to Cambodia. We are very concerned about the human rights situation there. The Cambodians now have one month to respond and we will make our final decision in Feb next year, » នេះជាសំណេររបស់លោកជំទាវ Cecilia Malmstrom នៅលើបណ្តាញសង្គម Twitter របស់លោកស្រី។
ប្រព័ន្ធអនុគ្រោះពន្ធ EBA បាននិងកំពុងអនុញ្ញាតអោយកម្ពុជា ដែលជាប្រទេសអភិវឌ្ឍតិចតួចមួយ (least developed country) ក្នុងចំណោមប្រទេសអភិវឌ្ឍតិចតួចមួយចំនួនទៀត អាចនាំទំនិញចេញទៅលក់ក្នុងទីផ្សាររបស់សហភាពអឺរ៉ុប ដោយមិនបាច់បង់ពន្ធ និងក្នុងបរិមាណគ្មានចំនួនកំណត់។ ក៏ប៉ុន្តែ ភាពអនុគ្រោះពន្ធនេះ នឹងត្រូវដកហូតយកទៅវិញពីប្រទេសដែលនៅទីនោះ សហភាពអឺរ៉ុបយល់ឃើញថាមានការរំលោភសិទ្ធិមនុស្ស។
យោងតាមសហភាពអឺរ៉ុប កម្ពុជាជាប្រទេសទី ២ ដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ ពីភាពអនុគ្រោះពន្ធ EBA នេះ។ ពោលគឺទំនិញកម្ពុជាដែលបាននាំចេញទៅលក់នៅលើទីផ្សាររបស់សហភាពអឺរុប មានចំនួនសរុបច្រើនជាង ១៨% នៃទំនិញនាំចូលទីផ្សារសហភាពអឺរ៉ុប នៅក្នុងឆ្នាំ ២០១៨ ។
ទាក់ទងនឹងរឿង EBA នេះ កាលពីខែ កក្កដា ឆ្នាំ ២០១៩ កន្លងទៅ នៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលរបស់លោកឈប់គិតគូរពីរឿង EBA នេះទៀតហើយ ព្រោះវាបានក្លាយទៅជា «ស្រមោល» រួចទៅហើយ។ ហើយនៅក្នុងកិច្ចសន្ទនាចុងក្រោយជាមួយនឹងសហភាពអឺរ៉ុប មន្ត្រីរបស់លោកបានលើកឡើងតែពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតែប៉ុណ្ណោះ។
មួយវិញទៀត នៅក្នុងកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែ កក្កដា ឆ្នាំ២០១៩ កន្លងទៅ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសអភិវឌ្ឍន៍តិចតួចទាំងឡាយ គឺជាការសំរេចចិត្តមួយផ្ទុយនឹងគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងផ្ទុយនឹងគោលការណ៍របស់អង្គការសហប្រជាជាតិ (UN) ។
សម្តេច ហ៊ុន សែន អះអាងបែបនេះ ពីព្រោះតាមគោលការណ៍របស់ WTO ប្រទេសអភិវឌ្ឍន៍ជាសមាជិកទាំងឡាយ ត្រូវមានភារកិច្ចផ្តល់ភាពអនុគ្រោះដល់ប្រទេសជាសមាជិកទាំងពួង ដែលមានការអភិវឌ្ឍតិចតួច។ យោងតាមគោលការណ៍នេះ កម្ពុជាមានសិទ្ធិទទួលបាននូវភាពអនុគ្រោះពន្ធលើទំនិញរបស់ខ្លួន សំរាប់នាំចេញទៅកាន់សហភាពអឺរ៉ុប។
មួយវិញទៀត ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិទាំងឡាយ បានព្រមព្រៀងសហការជាមួយគ្នាក្នុងការអនុវត្តនូវកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិមួយហៅកាត់ថា SDGs (Sustainable Development Goals) ក្នុងគោលបំណងបំបាត់នូវភាពក្រីក្រ ភាពអត់ឃ្លាន និងកសាងសន្តិភាពនៅក្នុងពិភពលោកជាដើម។
អាស្រ័យហេតុនេះ ការសំរេចចិត្តដកការអនុគ្រោះពន្ធពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់សហភាពអឺរ៉ុប គឺជាការបង្កើននូវភាពក្រីក្រនិងភាពអត់ឃ្លានអោយកាន់តែច្រើនឡើងថែមទៀត នៅក្នុងប្រទេសទាំងនោះ ដែលអាចចាត់ទុកថាជាការសំរេចចិត្តមួយផ្ទុយនឹងគោលការណ៍របស់អង្កការសហប្រជាជាតិ៕
