
ដោយៈ ទិន សុខាវុធ
លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានសន្យាថានឹងលើកទឹកចិត្តវិនិយោគិនអឺរ៉ុប អោយមកវិនិយោគនៅកម្ពុជា អោយបានកាន់តែច្រើនឡើងថែមទៀត។ លោកជំទាវក៏បានសន្យាផងដែរថា នឹងធ្វើយ៉ាងណារក្សាទំនាក់ទំនងល្អរវាងកម្ពុជានិងសហភាពអឺរ៉ុប អោយនៅដដែល។
យោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ព្រឹទ្ធសភា នៅក្នុងជំណួបជាមួយលោកប្រធានព្រឹទ្ធសភា សាយ ឈុំ កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ លោកជំទាវ Carmen Moreno បានទទួលស្គាល់ពីការរីកចំរើនសេដ្ឋកិច្ច ក៏ដូចជាផ្នែកច្បាប់ កើតចេញពីការកែទំរង់របស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។
លើសពីនេះទៀត លោកទំទាវក៏បានគូសបញ្ជាក់ផងដែរថា សហភាពអឺរ៉ុបគាំទ្រទាំងស្រុងនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលនយោបាយរបស់សភាជាតិនិងទ្រឹព្ធសភាកម្ពុជាផងដែរ។
លើសពីនេះទៀត សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ទំនាក់ទំនងការទូតរវាងកម្ពុជានិងសហភាពអឺរ៉ុប ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៤ ។ ហើយចាប់តាំងពីពេលនោះមក សហភាពអឺរ៉ុបបានផ្តល់ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុ សំរាប់ការអភិវឌ្ឍនៅក្នុងវិស័យជាច្រើននៅកម្ពុជា មានដូចជាវិស័យសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និង វិស័យសុខាភិបាលជាដើម។
នៅក្នុងឱកាសនោះ លោកប្រធានព្រឹទ្ធសភា សាយ ឈុំ ក៏បានលើកឡើងផងដែរថា ការកើនឡើងឥតឈប់ឈរនៃទំហំពាណិជ្ជកម្មរវាងកម្ពុជានិងសហភាពអឺរ៉ុប បានជួយជាវិភាគទានដ៏សំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕
