
ដោយ៖ស្រីពេជ្រ
ភ្នំពេញ៖ សហភាពសហជីពកម្ពុជា មានការមិនពេញចិត្ត និងមិនគាំទ្រ ចំពោះគម្រោងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលគ្រោងធ្វើវិសោធនកម្មច្បាប់ការងារ ក្នុងន័យកាត់ប្រាក់ឈ្នួលការងារកម្មការវេនយប់។ នេះ បើតាមសេចក្ដីថ្លែងការណ៍ ចេញដោយសហភាពសហជីពកម្ពុជានៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍នេះ សហភាពសហជីពកម្ពុជា កត់សម្គាល់ឃើញថា កាលពីឆ្នាំំ ២០០៧ ក្រសួងបានធ្វើវិសោធនកម្មស្ដីពីច្បាប់ការងារ ត្រង់មាត្រា១៤៤ ពាក់ព័ន្ធនិងអត្រាប្រាក់ឈ្នួលបន្ថែមម៉ោង និងការងារវេនយប់ពី ១៥០% មកនៅត្រឹម ១៣០% នៃប្រាក់ឈ្នួលការងារវេនថ្ងៃ ដែលកម្មករ និយោជិត បាត់បង់អត្ថប្រយោជន៍ម្ដងរួចមកហើយ។
ក្នុងពេលនេះ ក្រសួង មានគម្រោងធ្វើវិសោធនកម្ម ច្បាប់ស្ដីពីការងារម្ដងទៀត ដោយកាត់បន្ថយប្រាក់ឈ្នួលវេនយប់មកត្រឹម ១០០% ស្មើអត្រាប្រាក់ឈ្នួលវេនថ្ងៃវិញ។
លោក រ៉ុង ឈុន ជាប្រធានសហភាពសហជីបកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ថា៖«គម្រោងវិសោធនកម្មរបស់ក្រសួងការងារ ជាជម្រើសដ៏អាក្រក់បំផុត ដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍កម្មករ និយោជិតធ្វើការងារវេនយប់ជាបន្តបន្ទាប់»។
លោកបន្តថា៖« ក្រសួងធ្វើបែបនេះ ជាការផ្គាប់ចិត្តថៅកែក្រុមហ៊ុន មិនបានគិតអំពីផលប្រយោជន៍ និងការលំបាករបស់កម្មករ និយោជិត ដែលបាន និងកំពុងប្រឈមសព្វថ្ងៃ ជាពិសេសកម្មករ និយោជិតការងារវេនយប់»។
លោកបន្ថែមថា៖« សូម្បីតែកម្មករវេនថ្ងៃ ក៏មានផលប៉ះពាល់ផងដែរ អាចនឹងបាត់បង់ការងារបន្ថែមម៉ោង»។
រីឯលោក ហេង សួរ មន្ត្រីនាំពាក្យក្រសួងការងារ មិនទាន់បានឆ្លើយតបចំពោះការលើកឡើងរបស់ក្រុមសហជីពទាំងនេះទេ។ ចំណែកលោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលសុំមិនអត្ថាធិប្បាយជុំវិញរឿងនេះទេ ដោយលោកបានជំរុញឱ្យទៅសួរលោក ហេង សួរ វិញ នេះបើតាមការបញ្ជាក់ពីប្រភពព័ត៌មានក្នុងស្រុក។
ជាមួយគ្នានេះដែរ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានថ្លែងពីម្សិលមិញប្រាប់សារព័ត៌មានក្នុងស្រុកថា លោកមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃការធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារនេះទេ ប៉ុន្តែលោកថានឹងផ្ដល់បទសម្ភាសនៅពេលក្រោយ បន្ទាប់ពីលោកបានទៅចូលរួមសិក្ខាសាលាពិគ្រោះយោបល់របស់ក្រសួងនៅថ្ងៃទី ១៦ មករាខាងមុខនេះ ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃ ៩ មករា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញលិខិតមួយដោយបញ្ជាក់ថា ក្រសួងការងារកំពុងរៀបចំការធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារលើការកែសម្រួលអត្រាប្រាក់ឈ្នួលវេនការងារយប់ លុបការឈប់នៅថ្ងៃបន្ទាប់ សម្រាប់ថ្ងៃឈប់សម្រាកចំលើថ្ងៃអាទិត្យ និងពង្រីកវិសាលភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទបុគ្គល៕
