We TV Cambodia

សហព័ន្ធស្រូវអង្ករ លើកទឹកចិត្តរោងម៉ាស៊ីនកិនស្រូវ ទិញស្រូវពីប្រជាជនក្នុងតម្លៃសមរម្យ

សហព័ន្ធស្រូវអង្ករ លើកទឹកចិត្តរោងម៉ាស៊ីនកិនស្រូវ ទិញស្រូវពីប្រជាជនក្នុងតម្លៃសមរម្យ

ដោយ៖ពេជ្រ

ភ្នំពេញ៖  សហព័ន្ធស្រូវអង្ករកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់សមាជិកទាំងអស់ ជាពិសេសបណ្ដារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនដែលមានឃ្លាំងស្តុក សូមមេត្តាបន្តការទិញស្រូវ ពីប្រជាកសិករក្នុងតម្លៃសមរម្យតាមទីផ្សារ។​ នេះយោងតាមសេចក្ដីប្រកាសថ្ងៃ០៣ មេសា ឆ្នំា២០២០។

ក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា ដើម្បីជួយដល់កសិករ ដែលមានស្រូវលក់ រាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាឥតទាន តាមរយៈធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ជូនដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនដែលខ្វះទុន។

ជាពិសេសគឺ លើកទឹកចិត្តដល់រោងម៉ាស៊ីនទាំងអស់ មេត្តាទិញស្រូវពីប្រជាកសិកក្នុងតម្លៃទីផ្សារផងដែរ។

សហព័ន្ធស្រូវអង្ករបានសង្កត់ធ្ងន់ថា ដើម្បីបង្កើនផលចំនេញនាពេលខាងមុន សម្រាប់ប្រជាកសិករ និងឈ្មួញដែលស្តុកស្រូវទុកតាមមូលដ្ឋាន សូមកុំទាន់ប្រញាប់លក់ស្រូវឲ្យឈ្មួញនាំចេញនាពេលនេះ។

សូមបញ្ជាក់ដែរថា ដើម្បីធានាសុវត្ថិភាពស្បៀង ជាពិសេសអង្ករសម្រាប់ត្រៀមទុក ក្នុងករណីដែលប្រទេសកម្ពុជា មានការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលវែង  កម្ពុជាសម្រេចបិទការនាំចេញស្រូវអង្ករស ទៅក្រៅប្រទេសចាប់ពីថ្ងៃទី០៥ មេសា ឆ្នាំ ២០២០ នេះតទៅ៕

 

Related Articles